ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជា ​បើក​ការិយាល័យ​តំណាង២ នៅប្រទេស​អូស្ត្រាលី​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​
03, May 2023 , 8:59 pm        
រូបភាព
 លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
ការិយាល័យ​តំណាង​សភា​​ពាណិជ្ជកម្ម​កម្ពុជា ​(CCC) នៅ​ទីក្រុង​ចំនួន ២ ក្នុងប្រទេស​អូស្ត្រាលី នឹង​បើក​ដំណើរការ​ចាប់ពី​ចុង​ប្តា​ហ៍​នេះ​។ ​ ការបង្កើតការិយាល័យនេះ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្ម​កម្ពុជា ជឿជាក់ថា វានឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំងពីរឱ្យ​កាន់តែ​សកម្ម​ជាង​មុន​។

 
រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យបង្កើត​កា​រិ​​យា​ល័យ​តំណាង​សភាពាណិជ្ជកម្ម​​កម្ពុជា​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៣។ ការិយាល័យ​តំណាង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​ មាន​សមាជិក​ជ្រើសតាំង​ចំនួន១៥​រូប ​ដែល​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត និង​ការិយាល័យ​តំណាង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា នៅ​ទីក្រុង​ស៊ីដនី មាន​សមាជិក​ជ្រើសតាំង​ចំនួន១១​រូប​។ 
 
រដ្ឋាភិបាលបានបញ្ជាក់ថា ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ទាំង ២ គឺ​មិន​ប្រើប្រាស់​ថវិកាជាតិ​ឡើយ​។​
 
បន្ទាប់ពីមានសម្រេចរបស់រដ្ឋាភិបាល លោក លឹម ហេង ដែលអនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ ទៅ​ចូលរួម​ក្នុង​ពិធី​បោះឆ្នោត​ជ្រើស​​រើស​សមាជិក​ការិយាល័យ​តំ​​ណា​ង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​​ស៊ីដនី ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី ​៦ និង​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២៣​។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្ម​​កម្ពុជា កម្មវិធី​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​​ភាព លោក បួន សារៈ​មុនី រដ្ឋ​​លេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​រៀប​​ចំការ​បោះឆ្នោត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​​ស៊ីដនី និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជ​​កម្ម​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​។​
 
នាឱកាសនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងពិភាក្សាការងារជាមួយក្រុមហ៊ុន និងសហគ្រាសមួយក្នុងប្រទេសអូស្ត្រាលី និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីស្ថានភាពធុរកិច្ច និងវិនិយោគ និងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យឯកជនប្រទេសទាំងពីរ។​
 
សូមជម្រាបថា​ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ។​ ទំហំនេះមានកំណើន​៦០,៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការមានចេញរបស់កម្ពុជា មាន៣៧៩លានដុល្លារ ខណៈនាំចូលមាន ប្រមាណ១៤៤លានដុល្លារ៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com