ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាម ចុះMOU ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍ
09, May 2023 , 7:59 pm        
រូបភាព
កម្ពុជា-វៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍ។រូបភាពពីហ្វេសប៊ុក ក្រសួងទេសចរណ៍។
កម្ពុជា-វៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍ។រូបភាពពីហ្វេសប៊ុក ក្រសួងទេសចរណ៍។
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ចុះMOU រួមគ្នា កាលពីថ្ងៃទី៦ ឧសភា។



រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺនេះ មកលើវិស័យទេសចរណ៍។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខិតខំប្រឹងប្រែងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា។ ក្នុងនោះ រួមមានទី១ ការរួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើត និងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ»។
 
ទី២ បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ។ ទី៣ ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយឈរលើសារសំខាន់ក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ និងការបណ្តុះបណ្តាលមគ្គុទ្ទេសនិយាយភាសាវៀតណាម និងភាសាខ្មែរ ជាពិសេសព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។
 
ចំណែកទី៤ ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗ ,លើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការវិនិយោគជាដើម ៕
 

Tag:
 ទេសចរណ៍
  ការអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com