ជាតិ
សេដ្ឋកិច្ច
«ម្រេចខ្មែរ» នឹងមានវត្តមាននៅលើទីផ្សារចិន
12, May 2023 , 8:19 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជានាំ«ម្រេចខ្មែរ» ចូលទីផ្សារប្រទេសចិន។ ចំពោះការនាំចេញនេះ បន្ទាប់ពីកម្ពុជាបានបំពេញគ្រប់បែបបទលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ ស្របតាមការកំណត់របស់ភាគីចិន។



អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការនាំចេញម្រេចខ្មែរ ទៅកាន់ទីផ្សារចិន ពុំទាន់បានកំណត់ពេលវេលា និងចំនួនជាក់លាក់នៅឡើយទេ សម្រាប់ជើងដំបូង។ បើតាមកញ្ញា រចនា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៧ហើយ ដែលបានស្នើសុំទៅកាន់ក្រសួងកសិកម្ម ក្នុងការនាំចេញម្រេចទៅកាន់ប្រទេសចិន។
  

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ រូបភាព៖ កញ្ញា អ៊ឹម រចនា ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ
 
អ្នកនាំពាក្យរូបនេះ បានបន្តថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ តម្រូវឱ្យកសិករ ឬក្រុមហ៊ុន ដែលនាំចេញ គោរពតាមលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ ដែលចិនបានកំណត់។ បើតាមកញ្ញា រចនា ការដាំដុះម្រេចនៅកម្ពុជា ក៏ត្រូវគោរពតាម PHP ដែលក្រសួងបានកំណត់ ទើបអាចនាំចេញទៅកាន់ទីផ្សារចិនបាន។
 
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ៖«ការនាំចេញម្រេចទៅកាន់ទៅផ្សារចិន មិនដូចការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះទេ ព្រោះទីផ្សារអឺរ៉ុបគេទទួលទិញតែម្រេចកំពត រីឯចិនគេទទួលទិញម្រេចខ្មែរទាំងអស់នៅទូទាំង ២៥ខេត្តក្រុង។ ខ្ញុំសង្ឃឹមថា យើងនឹងមានម្រេចច្រើន នាំចេញទៅចិន ព្រោះគេបើកទីផ្សារធំទូលាយ»។
 
កញ្ញា អ៊ឹម រចនា បានបន្ថែមថា កន្លងមកកម្ពុជា បាននាំចេញចេកស្រស់ ស្វាយស្រស់ និងមៀនស្រស់ ជាច្រើនទៅកាន់ទីផ្សារចិន ហើយសម្រាប់ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ គឺជាលើដំបូង។ 
 
ម្រេចខ្មែរមានវត្តមាននៅលើទីផ្សារចិន នឹងជួយលើកកម្ពស់កសិផលរបស់កម្ពុជា ជាពិសេសដំណាំម្រេចនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលកន្លងមកហាក់ពុំសូវមានការយកចិត្តទុកដាក់ ឬគាំទ្រឱ្យបានច្រើនដូចម្រេចនៅខេត្តកំពតនោះទេ ខណៈខេត្តផ្សេងៗទៀត ម្រេចក៏មានគុណភាពល្អដូចគ្នា។ នេះបើតាមកញ្ញា រចនា។
 
បើតាមសា្ថនទូតកម្ពុជាប្រចាំនៅប្រទេសចិន បានចុះផ្សាយលើហ្វេសប៊ុកនៅថ្ងៃទី១២ ខែឧសភា ដើម្បីពន្លឿនការអនុវត្តបែបបទលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចុះហត្ថលេខារួមគ្នារវាងភាគីចិន-កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីខែមេសាកន្លងទៅនេះ ភាគីកម្ពុជា-ចិន ក៏បានពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conferenceផងដែរ។ 
 
​កម្ពុជាមានទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ដែលត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតក្នុងការនាំចេញពីភាគីចិន។ ដំណាំម្រេច គឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ។
 
សូមជម្រាបថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Sela Pepper​ បាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិប្រមាណ១០០តោន។ ប្រទេសដែលជាទីផ្សារធំរបស់ក្រុមហ៊ុននេះ មានប្រទេសប៉ូឡូញ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម៕
 
 

Tag:
 ម្រេចខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com