ជាតិ
សង្គមជាតិ
ស៊ីហ្គេម២០២៣
កីឡាករ-កីឡាការិនីឆ្នើម នឹងត្រូវឆ្លាក់រូបនៅវិមានឈ្នះឈ្នះ
18, May 2023 , 5:02 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ Nem Sowath
រូបពីហ្វេសប៊ុក៖ Nem Sowath
រដ្ឋាភិបាលកម្ពុជា នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាទុកតឹកតាង ដល់កូនចៅជំនាន់ បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ អ្វីដែលគួរកត់សម្គាល់ថែមទៀតនោះ អត្តពលិករបស់ខ្មែរដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងត្រូវឆ្លាក់រូបនៅវិមានឈ្នះឈ្នះផងដែរ។



លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ មន្រ្តីជំនាញម្នាក់ដែលទទួលបន្ទុកក្នុងការសាងសង់វិមានឈ្នះឈ្នះ និងស្តូបឈ្នះឈ្នះ បានផ្តល់ព័ត៌មានលើគណនីហ្វេសប៊ុក នៅ១៨ ខែឧសភា ឆ្នាំ២០២៣នេះ ថា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះទៅពិនិត្យមើលនៅវិមានឈ្នះឈ្នះ ហើយបានផ្តល់អនុសាសន៍ក្នុងការរៀបចំចម្លាក់អំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រតជំនាន់។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឡើយ ដោយសារលោក មិនលើកទូរស័ព្ទ។ ប៉ុន្តែ លោក បាននិយាយជាមួយសារព័ត៌មានហ្វ្រេសញូថា ក្រុមការងារ នឹងរៀបចំធ្វើកិច្ចការនៃការឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនេះឲ្យបានឆាប់រហ័ស។ 
 
មន្រ្តីយោធាជាន់ខ្ពស់រូបនេះ ថ្លែងដូច្នេះថា៖«ក្នុងនោះ នឹងពិនិត្យរៀបចំចម្លាក់នៃអត្តពលិកនានាដែលឆ្នើម ហើយដែលមានស្នាដៃ ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឲ្យទៅជាតឹកតាងចម្លាក់សីលា»។ 
 
យ៉ាងណា លោក ណឹម សុវត្ថិ មិនទាន់អាចបញ្ចេញឈ្មោះអត្តពលិកណាខ្លះនោះទេ ដែលនឹងត្រូវមានរូបចម្លាក់ ឬនឹងត្រូវឆ្លាក់រូបជាប់ផ្ទាំងវិមានឈ្នះឈ្នះ។ 
ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម និងអត្តពលិកឆ្នើម ពាក្យស្លោកមួយចំនួន ក៏នឹងត្រូវឆ្លាក់ទុកនៅវិមានឈ្នះឈ្នះផងដែរ។ លោក ណឹម សុវត្ថិ លើកឧទាហរណ៍ថា ដូចជា ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ជាដើម។ 
 
សូមរម្លឹកខ្លីថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ពីថ្ងៃទី៥ ខែឧសភា និងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា រង់ចាំអស់រយៈពេលជាង៦០ឆ្នាំ ទម្រាំអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ៕

Tag:
 ព្រឹត្តិការណ៍ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com