អន្តរជាតិ
អូស្រ្តាលី និងកូរ៉េខាងត្បូង ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើអាវុធ និងវិស័យការពារ
20, May 2023 , 2:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (ខាងឆ្វេង)។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស (ខាងឆ្វេង)។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស នៅថ្ងៃទី១៩ ខែឧសភា បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារ និងអាវុធ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។

 
នៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) ក្នុងក្រុង Hiroshima នៅថ្ងៃទី១៩ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស មានជំនួបទ្វេភាគីមួយ ដើម្បីជជែកពីប្រធានបទជាច្រើន ក្នុងនោះរួមទាំងការឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើអាវុធ និងវិស័យការពារផង។
 
«ដោយផ្អែកលើភាពជោគជ័យកន្លែងមក ពួកគេបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារ និងអាវុធ»។ លោក Lee Do-woon អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងថ្ងៃទី១៩ ខែឧសភា។ 
 
ទន្ទឹមនេះ មេដឹកនាំទាំងពីរ ក៏បានអំពាវនាវរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីលើកតម្កើងសន្តិភាពក្នុងតំបន់ ស្របពេលប្រទេសទាំងពីរមានការផ្តល់តម្លៃដោយសេរីភាពដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ក្នុងជំនួបនេះ លោក អាល់បានីស បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងបង្កើនការធ្វើសមយុទ្ធយោធាឱ្យកាន់តែញឹកញាប់។ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាធ្វើការឱ្យបានកាន់តែជិតស្និទ្ធ ស្របពេលមានការគំរាមកំហែងរបស់កូរ៉េខាងជើងនៅក្នុងតំបន់ផង។ 
 
សូមបញ្ជាក់ថា មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ និងប្រទេសផ្សេងទៀត នឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី២១ ខែឧសភា ដើម្បីជជែកលើបញ្ហាច្រើនក្នុងនោះមានដូចជាពាណិជ្ជកម្ម ជំងឺឆ្លង ចិន និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម៕ 
 

Tag:
 អូស្រ្តាលី
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com