ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់បណ្តារដ្ឋលេខាធិការថា បើក្តាប់ការងារក្រសួងមិនបាន កុំទៅតាមសម្តេច នាំខាតសាំងរដ្ឋ
22, May 2023 , 9:29 am        
រូបភាព
ដោយ: រួបរួម
«កុំមកដើម្បីឱ្យតែមានមុខ នាំខាតសាំង អស់លុយរដ្ឋ!»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំជាទូទៅយ៉ាងដូច្នេះ ចំពោះបណ្តារដ្ឋលេខាធិការតាមក្រសួងឱ្យចេះក្តាប់ការងារតាមក្រសួងរៀងៗខ្លួន ហើយមានសមត្ថភាពឆ្លើយតបនៅពេលដែលសម្តេចហៅសួរ ក្នុងនាមពួកគាត់ជាតំណាងរដ្ឋមន្ត្រី។

 
នាពិធីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែឧសភា នេះ ប្រមុខរដ្ឋាភិបាល ខកចិត្តចំពោះបណ្តារដ្ឋលេខាធិការមួយចំនួន ដែលមិនដឹងការងារក្រសួង ខណៈពួកគាត់មានវត្តមានជាតំណាងរដ្ឋមន្ត្រីក្នុងកម្មវិធីរបស់សម្តេច។
 
«បើគេឱ្យមកជាតំណាងត្រូវក្តាប់ឱ្យជាប់អ្វីទៅដែលការងាររបស់ខ្លួន តាហៅសួរ អត់ដឹងម៉ង់អី មិនបាច់ទេ នាំខាតសាំង អស់លុយរដ្ឋ»។ សម្តេច ហ៊ុន សែន ណែនាំត្រង់ៗបែបនេះ ដោយសម្តេចបានលើកឡើងថា បេសកកម្មរបស់តំណាងក្រសួង គឺជាចំណាយរបស់រដ្ឋ ដូច្នេះបើពួកគាត់ក្តាប់ការងារមិនបាន មិនបាច់ដើរជាមួយសម្តេចនោះឡើយ។ 
 
សម្តេចរំលឹកដដែលថា៖ «គេឱ្យមកតំណាងត្រូវក្តាប់ឱ្យជាប់ ប្រយ័ត្ននាយករដ្ឋមន្ត្រីហៅសួរ អត់ដឹងម៉ង់ ម៉េចហៅសួរប៉ុន្មាននាក់ រាប់ទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អត់ក្តាប់បានទេ សួរចំនួនមនុស្សដែលទទួលផលបានប៉ុន្មាន? ហៅអត់ដឹងបើមិនដឹងទេ ឱ្យមិនដឹងរហូត។ ថ្ងៃក្រោយបើមិនដឹងរឿងកុំមកប្រយ័ត្នតែនាយករដ្ឋមន្ត្រីហៅសួរមិនដឹងរឿងម៉ង់អី»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com