ជាតិ
សង្គមជាតិ
តុលាការដាក់ទោសកញ្ញា ឈឹម ស៊ីថរ ឲ្យជាប់ឃុំ២ឆ្នាំ, អ្នកផ្សេងទៀត១ឆ្នាំកន្លះ រូបពី៖ ADHOC-Cambodia
× តុលាការភ្នំពេញ សម្រេចដាក់ទោសកញ្ញា ឈឹម ស៊ីថរ មេសហជីពនៃអតីតបុគ្គលិកណាហ្កាវើលដ៍ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ សាលក្រមអំពីការដាក់ទោសកញ្ញា ត្រូវតុលាការភ្នំពេញ ប្រកាសនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ក្រៅពីកញ្ញា ឈឹម ស៊ីថរ នៅមានកូដករជាស្រ្តី៦នាក់ទៀត ដែលជាអតីតបុគ្គលិកណាហ្កាវើលដ៍ ក៏ត្រូវជាប់ទោសដែរ។ លោក សំ ចំរើន ជាមេធាវីការពារក្តី ផ្តល់ព័ត៌មានដល់សារព័ត៌មានថ្មីៗថា ក្នុចំណោមពួកគេទាំង៦នាក់ មាន៥នាក់ត្រូវជាប់ពន្ធនាគារ១ឆ្នាំកន្លះស្មើគ្នា និងមានម្នាក់ទៀត ត្រូវជាប់ពន្ធនាគារតិចជាងគេ គឺត្រឹម១ឆ្នាំ។
លោកមេធាវីបន្តថា ក្នុងចំណោមអ្នកខាងលើ មានតែកញ្ញា ឈឹម ស៊ីថរ ប៉ុណ្ណោះ ដែលកំពុងជាប់ឃុំ រីឯអ្នកផ្សេងទៀត សុទ្ធតែនៅក្រៅឃុំ។ អ្នកទាំង៦នាក់ទៀត គឺកញ្ញ ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ លោកស្រី ហៃ សុភាព និងលោកស្រី រឺ សុវណ្ណឌី។ អ្នកទាំង៧នាក់ សុទ្ធតែត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។
អ្នកជាប់ទោសត្រឹម១ឆ្នាំ គឺលោកស្រី រឺ សុវណ្ណឌី។ លោកមេធាវី អះអាងថា ទោស១ឆ្នាំរបស់លោកស្រី រឺ សុវណ្ណឌី តុលាការសម្រេចព្យួរ ដែលមានន័យថា តុលាការ នឹងមិនចាប់លោកស្រីដាក់ពន្ធនាគារឡើយ។
លោកមេធាវី សំ ចំរើន បញ្ជាក់ថា លោក នឹងពិភាក្សាជាមួយកូនក្តី ដើម្បីសម្រេចប្តឹងទៅសាលាឧទ្ធរណ៍ឬយ៉ាងណា។
សូមរម្លឹកពីករណីកញ្ញា ឈឹម ស៊ីថរ ថា កញ្ញា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនលើកទី១ នៅដើមឆ្នាំ២០២២ ហើយប្រមាណ២ខែក្រោមមក កញ្ញា ក៏ត្រូវដោះលែងវិញ។ ប៉ុន្តែ កញ្ញា ត្រូវសមត្ថកិច្ចចាប់ខ្លួនលើកទី២ នៅចុងឆ្នាំ២០២២ បន្ទាប់ពីវិលមកពីប្រទេសអូស្ត្រាលី។ តុលាការ សំអាងហេតុផលថា ការចេញក្រៅប្រទេសដោយគ្មានការអនុញ្ញាត គឺខុសនឹងបម្រាមរបស់តុលាការ ដ្បិតតុលាការ ហាមមិនឲ្យកញ្ញា ចេញក្រៅប្រទេសដោយគ្មានការអនុញ្ញាតឡើយ៕
Tag:
ឈឹម ស៊ីថរ
ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com