ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សយុវជនកម្ពុជា ជ្រើសលោក ពេជ្រ ស្រស់ ជាបេក្ខជននាយករដ្ឋមន្ត្រី
25, May 2023 , 8:59 pm        
រូបភាព
លោក ពេជ្រ ស្រស់ ប្រធានបក្ស យុវជនកម្ពុជា។ រូបពី ហ្វេសប៊ុកលោក ពេជ្រ ស្រស់
លោក ពេជ្រ ស្រស់ ប្រធានបក្ស យុវជនកម្ពុជា។ រូបពី ហ្វេសប៊ុកលោក ពេជ្រ ស្រស់
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានសមាជិកបក្សបោះឆ្នោតធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ហើយឈរជាបេក្ខជនទី១នៅមណ្ឌលកំពង់ចាម។

 
បក្សយុវជនកម្ពុជាបានចុះបញ្ជីគណបក្សបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួចហើយ គឺនៅមណ្ឌលឈរឈ្មោះ២៥រាជធានី-ខេត្ត។ ចំពោះបេក្ខជនឈរឈ្មោះ គឺមាន២៦៦រូប ក្នុងនោះមានស្រី៩០នាក់។ ក្នុងកិច្ចសម្ភាស ជាមួយសារព័ត៌មានថ្មីៗ លោក ពេជ្រ ស្រស់ បញ្ជាក់ថា លោកឈរជាបេក្ខជនលេខរៀងទី១ នៅមណ្ឌលកំពង់ចាម។ 
 
បេក្ខជននាយករដ្ឋមន្ត្រីនៃបក្សយុវជនកម្ពុជារូបនេះ បានចូលប្រឡូកនយោបាយតាំងពីឆ្នាំ២០០៦ ជាមួយបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា។ លុះដល់ឆ្នាំ២០១០ លោកចេញទៅបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីលើកទឹកចិត្តយុវជន ហើយផ្ដល់ប្រឹក្សាច្បាប់ដល់ពលរដ្ឋនៅសហគមន៍។ ប៉ុន្តែ បានរយៈពេល៥ឆ្នាំ លោក ពេជ្រ ស្រស់ ក៏បានលាលែងចេញពីអង្គការនោះ។ 
 
នៅអំឡុងឆ្នាំ២០១៥នោះ លោក ពេជ្រ ស្រស់ ក៏បានទៅប្រឡូកនយោបាយជាមួយ លោក ម៉ម សូណង់ដូ នៅ​គណបក្ស​សំបុក​ឃ្មុំ។ ប៉ុន្តែ ពុំរួមផ្លូវជាមួយគ្នាបានយូរឡើយ គឺត្រឹមតែ៣ខែប៉ុណ្ណោះ។ ដោយសារ លោក ពេជ្រ ស្រស់ យល់ថា បក្សសំបុកឃ្មុំពុំសូវឱ្យតម្លៃយុវជន។ 
 
ដូច្នេះ លោក ពេជ្រ ស្រស់ បន្តទៅចូលរួមធ្វើនយោបាយជាមួយបក្សហ្វ៊ុនស៊ីនប៉ិច។ នៅជាមួយបក្ស ហ្វ៊ុនស៊ីនប៉ិច លោក ពេជ្រ ស្រស់ ពិនិត្យឃើញស្ថានភាព ហាក់ចង្អៀត ទើបងាកចេញទៅបង្កើតបក្សខ្លួនឯង គឺបក្សយុវជនកម្ពុជា នៅចុងឆ្នាំ២០១៥វិញ៕ 
 
 

Tag:
 បេក្ខជននាយករដ្ឋបមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com