កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ៖ Everton គេចផុតតំបន់កាត់ចោលជាលើកទី២ ខណៈ Leicester និង Leeds ធ្លាក់ទៅលីគទីពីរវិញ
29, May 2023 , 10:24 am        
រូបភាព
ក្លិប Everton នៅតែអាចបន្តលេងនៅក្នុងក្របខណ្ឌ Premier League និងជាពេលវេលាដ៏វែងបំផុតរបស់ពួកគេនៅលីគកំពូលអង់គ្លេសរយៈពេល ៦៩ឆ្នាំ បន្ទាប់បានប្រកួតយកឈ្នះលើ AFC Bournemouth ១-០ យ៉ាងតានតឹង។ Leicester City ធ្លាក់ចេញពី EPL បន្ទាប់ពីចំណាយពេលលេងបាន ៧រដូវកាល និង Leeds United ធ្លាក់ក្រោយត្រូវ Tottenham Hotspur លត់ ៤-១។



ការប្រកួតដ៏តានតឹង និងជាក្តីសង្ឃឹមសម្រាប់ក្រុមស្ថិតនៅក្បែតំបន់កាត់ចោល Everton បានយកឈ្នះការប្រកួតទាំងលំបាកទៅលើ AFC Bournemouth ដោយ ១គ្រាប់ដែលរកបាន ដោយកីឡាករ Abdoulaye Doucoure ខ្សែបម្រើសញ្ជាតិបារាំង​ធ្វើបាននៅនាទី៥៧។ Everton បានប្រជែងដើម្បីបន្តដំណើរខ្លួនក្នុង Premier League ដោយការគេចចេញពីតំបន់កាត់ចោលចំនួន ២រដូវកាលជាប់គ្នា។
  


ដោយឡែក Leicester បានធ្លាក់ចេញពី Premier League បើទោះបីជាការប្រកួតចុងក្រោយពួកគេបានយកឈ្នះលើក្រុម West Ham United ដោយលទ្ធផល ២-១ ក្តី។ Leicester ស្ថិតនៅចំណាត់ថ្នាក់ទី១៨ ដោយរកបាន ៣៤ពិន្ទុ ឈរពីក្រោម Everton លេង ១៧ ដែលមាន ៣៦ពិន្ទុ។
 
Leeds United រងបរាជ័យក្រោមថ្វីជើង Spurs ធ្វើឱ្យពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ១៩ ដោយមាន ៣១ពិន្ទុក្នុងដៃ ដែលឈរពីលើក្រុមបាតតារាង Southampton ដែលមានត្រឹមតែ ២៥ពិន្ទុ។ Leeds ត្រូវវិលត្រលប់ទៅកាន់ក្របខណ្ឌ Championship បន្ទាប់ពីប្រើពេល ៣រដូវកាល ប្រជែងនៅ Premier League។
 
សម្រាប់ Spurs បើទោះជាបីជាបំបាក់ Leeds ដោយលទ្ធផលយ៉ាងច្រើនក្តី ប៉ុន្តែពួកគេក៏នៅតែមិនអាចរកបានកៅអីណាមួយ ដើម្បីលេងនៅក្នុងពានរង្វាន់តំបន់អឺរ៉ុបដូចជា Europa Conference League បានឡើយ ខណៈដែល Aston Villa បានបំបាក់ Brighton & Hove Albion លទ្ធផល ២-១ ដណ្តើមបានតំណែងលេខ ៧៕
 


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com