កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola បារម្ភពីបញ្ហារបួសរបស់កីឡាករ Man City មុនថ្ងៃជំនួប FA Cup តទល់ Man Utd
29, May 2023 , 5:59 pm        
រូបភាព
លោក ​Pep Guardiola បានបង្ហើបថា Kevin De Bruyne, Jack Grealish និង Ruben Dias កំពុងតែជួបបញ្ហា របួសកើតឡើង មុនពេលដែលក្រុម Manchester City ត្រូវប្រជែងពានរង្វាន់ FA Cup ទល់នឹងក្រុម Manchester United។



ការប្រកួតរវាង Man City តទល់ជាមួយនឹងក្រុម Brentford ដែលជាជំនួបចុងក្រោយនៃរដូវកាលសម្រាប់ក្របខណ្ឌ Premier League បានបញ្ចប់ទៅចាញ់ក្នុងលទ្ធផល ១-០។ តែការប្រកួតនោះក្រុមរហ័សនាមមេឃខៀវ មិនមានវត្តមានកីឡាករខ្សែបម្រើ Kevin de Bruyne ,ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Jack Grealish និងខ្សែការពាររបស់ព័រទុយហ្កាល់ Ruben Dias ឡើយ។
 
ក្រោយពីបញ្ចប់បេសកកម្ម Premier League រួច ក្រុមជើងឯក Man City នឹងត្រូវបន្តដំណើររបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ចំនួន ២បន្ថែមទៀត ដោយរួមមាន FA Cup និង UEFA Champions League។ Man City កំពុងសម្លឹងមើកការឈ្នះពានរង្វាន់ទាំង ២នេះ ដើម្បីតាមទាន់កំណត់ត្រា Man United ចំពោះការឈ្នះពានរង្វាន់ចំនួន ៣ក្នុងមួយរដូវកាល។
 
ទោះជាបែបនេះ ​Man City ក៏បានរំពឹងថា នឹងអាចបំបាក់ក្រុមស្ថិតក្នុងទីក្រុងតែមួយ នៅក្នុងទឹកដីកីឡដ្ឋាន Wembley នាដើមខែមិថុនានេះ ។ ប៉ុន្តែការប្រកួតនោះនឹងអាចប៉ះពាល់ដល់ការជាសះស្បើយពីរបួសរបស់ De Bruyne, Grealish និង​ Dias។
 
«Ruben, Jack និង Kevin មិនអាចលេងបានឡើយ វាជាការពិត។ ខ្ញុំគិតថាពួកគេនឹងអាចត្រៀមរួចរាល់នឹងជាសះស្បើយ ពេញលេញ ១០០ភាគរយ ប៉ុន្តែវាពិបាកក្នុងការរួចរាល់សម្រាប់ហ្វឹកហាត់ នេះហើយជាហេតុផលដែលខ្ញុំត្រូវការមើលកីឡាករដែលបានលេងនៅថ្ងៃនេះ។[…]»។ លោក Guardiola បានលើកឡើងបំបែបនេះក្រោយប្រកួតទល់​ Brentford។
 
ក្រុមមេឃខៀវនឹងត្រូវជួបតទល់ជាមួយនឹងបិសាចក្រហម នៅថ្ងៃទី៣ ខែមិថុនា ដែលជាជំនួបវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup មុនពេលត្រូវបន្តដំណើរប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ Champions League បន្ថែមទៀតនៅថ្ងៃទី១០ ខែមិថុនា​ ទល់ក្រុម Inter Milan៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com