ជាតិ
លោក ឃឹម ហ្វីណង់ ចង់ឃើញអ្នកកំពង់ភ្លុកអភិរក្សអ្វីដែលមាន និងទម្លាប់រស់នៅស្អាត
04, Jun 2023 , 6:59 pm        
រូបភាព
លោក ឃឹម ហ្វីណង់ ពេលចុះទស្សនកិច្ចនៅសហគមន៍ឃុំកំពង់ភ្លុកនាថ្ងៃទី៣០ ឧសភា។
លោក ឃឹម ហ្វីណង់ ពេលចុះទស្សនកិច្ចនៅសហគមន៍ឃុំកំពង់ភ្លុកនាថ្ងៃទី៣០ ឧសភា។
សៀមរាប៖ ជាគោលដៅទេសចរណ៍ដ៏មានសក្កានុពលមួយ សហគមន៍ទេសចរណ៍កំពង់ភ្លុក បានទាក់ទាញភ្ញៀវទេសចរជាច្រើនចូលទៅកម្សាន្ត។ ផ្ទះបណ្ដែតទឹក សសរផ្ទះសង់ពីឈើខ្ពស់ៗផុតពីទឹក ព្រៃលិចទឹក និងថ្ងៃលិច សុទ្ធសឹងជាសក្កានុពលនៃសហគមន៍ជាប់បឹងទទន្លេសាបមួយនេះ។

 
កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅ ក្នុងនាមថ្នាក់ដឹកនាំខេត្តទទួលបន្ទុកការងារបរិស្ថាន លោក ឃឹម ហ្វីណង់ បានចំណាយពេលជិតមួយថ្ងៃ ទស្សនកិច្ចស្វែងយល់ពីបញ្ហាបរិស្ថាននៅក្នុងសហគមន៍ឃុំកំពង់ភ្លុក។ ឃុំនេះមាន៣ភូមិ ដែលមានពលរដ្ឋរស់នៅសរុបមួយពាន់គ្រួសារ។ ក្រៅពីនេសាទ ពលរដ្ឋទីនោះមាន​កាណូត​ដឹកទេសចរប្រមាណជាង ៨០០គ្រួសារ ដែលទាញចំណូលមួយផ្នែកធំពីវិស័យទេសចរណ៍។
 


សម្រាប់លោក ឃឹម ហ្វីណង់ សហគមន៍នេះមានសក្កានុពលរួចទៅហើយ តែអ្វីដែលលោក ឃឹម ហ្វីណង់ ចង់ឃើញនៅពេលនេះ គឺពលរដ្ឋនៅទីនោះចូលរួមអភិរក្សអ្វីដែលមាន និងបង្កើនការរស់នៅស្អាត មានអនាម័យ ដើម្បីស្រូបទាញអ្នកទេសចរបន្ថែម។ 
 
លោក ឃឹម ហ្វីណង់ ថ្លែងថា៖« កន្លងមកកំពង់ភ្លុកមានសក្កានុពលច្រើន ទន្ទឹមនឹងនោះមាន​ឧបសគ្គ​រុញច្រានច្រើនឱ្យអ្នកកំពង់ភ្លុក ទទួលប្រយោជន៍ពីវិស័យទេសចរណ៍គឺពាក់ព័ន្ធបរិស្ថាន។ កន្លងមកសំរាម​ប្លាស្ទិករាយប៉ាយតាមដងផ្លូវ គាត់មិនទាន់មានទម្លាប់រស់នៅស្អាត»។ 
 
ការងារនេះ រដ្ឋបាលខេត្តសៀមរាបក៏ត្រៀមដើម្បីជួយសហគមន៍កំពង់ភ្លុកដែរ តាមរយៈកៀរគរអង្គការដៃគូ ជួយលើការងារបរិស្ថាន។ ក្រៅពីកំពង់ភ្លុក លោក​ ហ្វីណង់ ប្រាប់ថា លោកគ្រោងចុះតាមសហគមន៍​ជាប់បឹងទន្លេសាបផ្សេងទៀត រាប់ចាប់ពីតំបន់កំពង់ឃ្លាំង រហូតដល់សហគមន៍មេជ្រៃ ដើម្បីសិក្សាបញ្ហា​ប្រឈមទាក់ទងនឹងបរិស្ថានដូចគ្នានេះ។
 
«ខ្ញុំជឿថា ដរាបណាយើងជំរុញការរស់នៅស្អាត ទម្លាប់ស្អាតរបស់ពលរដ្ឋ​ និងឱ្យគាត់ថែរក្សាអភិរក្ស​អ្វីដែលជាអត្តសញ្ញាណ ខ្ញុំគិតថាអ្វីដែលមាននៅទីនេះវាគ្រប់គ្រាន់ដើម្បីទាក់ទាញទេសចរណ៍រួចហើយ។ កំពង់ភ្លុកមិនត្រូវការទំនើបកម្មពេកទេ កំពង់ភ្លុកត្រូវការធ្វើអ្វីដែលខ្លួនមានឱ្យស្អាត ល្អ និងងាយស្រួល ក្នុងការយកវាជាបទពិសោធន៍ល្អសម្រាប់ភ្ញៀវបរទេស»។ លោក ហ្វីណង់ លើកឡើងដូច្នេះ។
 
យ៉ាងណាមិញ ដើម្បីឱ្យពលរដ្ឋចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបញ្ហាបរិស្ថានក្នុងតំបន់នេះ គឺត្រូវផ្សារភ្ជាប់នឹងអត្ថប្រយោជន៍ដល់សហគមន៍ផងដែរ។ លោក ហ្វីណង់ លើកឡើងថា៖«  អ្វីដែល​ព្យាយាមធ្វើមែនទែន ធ្វើយ៉ាងណាដើម្បីឱ្យការងារបរិស្ថាន និងជីវភាពប្រជាពលរដ្ឋ​ផ្សារភ្ជាប់គ្នាតែម្ដង។ ឱ្យគាត់ឃើញថាស្រឡាញ់បរិស្ថាន នឹងជួយឱ្យគាត់បានប្រយោជន៍ពីការងារបរិស្ថាននេះ»។ 
 
ជាជំហានបន្ទាប់ រដ្ឋបាលខេត្តនិងអង្គការដៃគូ នឹងជ្រើសរើសផ្ទះពលរដ្ឋចំនួន១០ ដើម្បីរៀបចំបរិស្ថាន និងជាផ្ទះស្នាក់សហគមន៍គំរូ។ លោក ហ្វីណង់ បញ្ជាក់ថា ផ្ទះទាំងនោះនឹងរៀបចំដាំផ្កា បន្លែ ការលម្អ ផ្សេងៗ ពិសេសមានអនាម័យ ផាសុកភាព។ល។ លោកបន្ថែមថា៖« ជាការលើកទឹកចិត្តដើម្បីឱ្យអ្នក​ផ្សេងទៀត​មើលឃើញថា ផ្ទះនោះស្អាត មានជីវភាពធូរធារជាងមុន និងឱ្យផ្ទះផ្សេងផ្លាស់ប្ដូរឥរិយាបថ ដូចគ្នា»។ 
 
ប្រសិនបើលទ្ធផលនៃគម្រោងខាងលើនេះ អភិបាលរងខេត្តសៀមរាប លោក ហ្វីណង់ ប្រាប់ថា លោកនឹងពិចារណារៀបចំនៅតំបន់សហគមន៍ផ្សេងទៀត។ 
 
សមាជិក្រុមប្រឹក្សាឃុំកំពង់ភ្លុក លោក ស្រី លី លើកឡើងថា សហគមន៍កំពង់ភ្លុកមានភាពល្បីល្បាញ ជាមួយនឹងទេសចរណ៍ធម្មជាតិ។ យ៉ាងណាលោកទទួលស្គាល់ថា បញ្ហាអនាម័យបរិស្ថានក្នុងសហគមន៍ នៅមានកម្រិត។ ជាមួយនឹងវត្តមានលោក ឃឹម ហ្វីណង់ លោក ស្រី លី ជឿជាក់ថា នឹងជួយដោះស្រាយ បញ្ហាបរិស្ថានក្នុងសហគមន៍នេះបានល្អប្រសើរ និងជាក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ បន្ថែមទៀត៕
 
 

Tag:
 បរិស្ថាន
  កំពង់ភ្លុក
  អនាម័យ
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com