ជាតិ
ការជឿជាក់នាំឱ្យពលរដ្ឋជិតឆ្ងាយបន្តនាំកូនចៅមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
05, Jun 2023 , 8:19 pm        
រូបភាព
ឯម គិមសុភក្រ្ត
 
សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនមកពីបណ្ដាស្រុក ខេត្ត រាជធានីឆ្ងាយៗ នៅតែបន្តនាំកូនចៅមក​ព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ផា​ខេត្តសៀមរាប ដោយសារការជឿជាក់និងទុកចិត្តយ៉ាងខ្លាំង។
 
ដូចដែលបានដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសធម៌​ដែលបានជួយកុមារ​កម្ពុជា​រាប់លាននាក់ ដោយឥតគិតថ្លៃនៅគ្រប់សាខាទាំងអស់។ តួយ៉ាង ប្រជាពលរដ្ឋដែលមាន​ទំនុកចិត្ត​លើមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាខេត្តសៀមរាប តែងនាំយកកុមារ​ដែលត្រូវជា​កូនចៅ​មកព្យាបាលនៅមន្ទីរពេទ្យនេះ មិនថាអ្នកនៅក្នុងខេត្តសៀមរាប ឬតាមបណ្តាខេត្តផ្សេងៗ​នោះទេ។ រាល់ថ្ងៃ មានពលរដ្ឋជាច្រើនតែងតម្រង់ជួរដើម្បីចាប់លេខមុនចូលពិនិត្យ និងមានអ្នកខ្លះ​អង្គុយ​ត្រៀបត្រារង់ចាំសាច់ញាតិដែលបាននាំកូនចៅទៅពិនិត្យក្នុងមន្ទីរពេទ្យ។ 
 


លោកស្រី ញន សុគិម មកពីខេត្តកំពង់ចាម កំពុងអង្គុយចាំឡានឈ្នួលនៅខាងមុខមន្ទីរពេទ្យ​ដើម្បីត្រលប់ទៅផ្ទះវិញ បានឱ្យដឹងថា កូនស្រីរបស់លោកស្រីមានបញ្ហាសួត ពិបាកក្នុងការ​ដកដង្ហើម។ លោកស្រីក៏សម្រេចចិត្តយកកូនមកទីនេះ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ និងតាមដាន។ លោកស្រីបន្តទាំងទឹកមុខញញឹមស្រស់ស្រាយថា ក្រោយពេលទទួលបានការ​ព្យាបាលដោយយក​ចិត្តទុកដាក់​ពីសំណាក់គ្រូពេទ្យរួចមកឃើញថា អាការៈជំងឺរបស់កូនបានធូរស្រាល ធ្វើឱ្យ​លោកស្រី​សប្បាយរីករាយឥតឧបមា។ 
 
យ៉ាងណា គ្រូពេទ្យបានណែនាំឱ្យលោកស្រី ញន សុគិម យកកូនមកពិនិត្យតាមដានបន្តទៀត រៀងរាល់ពីរខែម្តង។ លោកស្រីបន្ថែមដោយទឹកមុខញញឹមដូច្នេះថា អ្វីដែលធ្វើឱ្យលោកស្រីកាន់​តែសប្បាយចិត្តនោះគឺ គ្រូពេទ្យនៅទីនេះចិត្តល្អ រួសរាយរាក់ទាក់ និងមើលថែកុមារគ្រប់រូបបាន​ដិតដល់ទៀតផង។
 


ចំណែកលោកស្រី សយ ផាន មកពី ឃុំល្វែងឫស្សី  ស្រុកជីក្រែង ខេត្តសៀមរាប បាននាំចៅមក​ពិនិត្យសុខភាពនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយសារចៅមានអាការៈពិបាកបន្ទោរបង់ ថែមទាំងមានឈាមទៀតផង រយៈពេលពីរបីថ្ងៃមកហើយ។ ក្រោយបានជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យរួចមក គ្រូពេទ្យក៏បានឱ្យចៅរបស់គាត់សម្រាកព្យាបាលដើម្បីតាមដានអាការ:បន្តទៀត។ នៅពេលបានធូរស្បើយកាលណា គ្រូពេទ្យនឹងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ នឹងបើកថ្នាំទុកលេប​បន្ថែមទៀត។ លោកស្រីក៏បានពោលសរសើរមន្ទីរពេទ្យនេះដែរថា ក្រុមគ្រូពេទ្យព្យាបាលម៉ត់ចត់ ថ្នាំមានគុណភាព អនាម័យស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ 
 
ជាមួយគ្នានេះ ​លោកស្រីសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់​ដែលនាំកូនចៅមកព្យាបាល​នៅមន្ទីរពេទ្យគន្ធបុប្ផានេះ ឱ្យចូលរួមថែរក្សាអនាម័យ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដែលជាចំណែកជួយរក្សាអនាម័យបរិស្ថានទាំងអស់គ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com