ជាតិ
កម្ពុជា បញ្ជូនរថពាសដែកពហុជំនាញ (MPV) និងកុងតឺន័រ ទៅតំបន់បេសកកម្មម៉ាលី
06, Jun 2023 , 10:34 am        
រូបភាព
កំពង់ស្ពឺ៖ កម្ពុជា បញ្ជូនរថពាសដែក ១៤គ្រឿង និងកុងតឺន័រ៥គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត ទៅសាធារណរដ្ឋម៉ាលី ដើម្បីសម្រួលក្នុងប្រតិបត្តិការរក្សាសន្តិភាព។ បើតាមលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ការបញ្ជូនរថពាសដែក និងកុងតឺន័រនេះ គឺដើម្បីជួយសម្រួល និងការពារសុវត្ថិភាពកងម្លាំងមួកខៀវកម្ពុជា នៅតំបន់បេសកកម្ម ខណៈសាធារណរដ្ឋម៉ាលីកំពុងអសន្តិសុខ។



លោកបានបញ្ជាក់ថា សម្ភារទាំងនេះ នឹងជួយបំពេញបន្ថែមដល់សម្ភារ ដែលអង្គការសហប្រជាតិផ្តល់ឲ្យកងទ័ពមួកខៀវកម្ពុជា ប្រើប្រាស់កន្លងមក។ គួរបញ្ជាក់ដែរថា រថពាសដែក និងកុងតឺន័រនេះ នឹងបញ្ជូនទៅនៅថ្ងៃទី៨ ខែមិថុនា។
 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់ ចំណែករថយន្តរថពាសដែកចំនួន១០គ្រឿងទៀត គឺសម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។ ការដែលបញ្ជូន រថយន្ត ប្រភេទរថពាសដែកនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់ បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។

លោក បញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។ សូមបញ្ជាក់ឱ្យដឹងដែរថា កងកម្លាំងកម្ពុជាមានចំនួនជាង៣០០នាក់ ចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com