ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata និង iDEN Agency ចូលរួមគាំទ្រកម្មវិធីបញ្ញវន្តឌីជីថល ក្រោមការ​ដឹក​នាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
06, Jun 2023 , 3:19 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទ​ចល័ត ឈានមុខគេនៅ​កម្ពុជាដែលតែងលើកកម្ពស់ការរស់នៅបែបឌីជីថល​បាន​បង្ហាញ ពីសេចក្តីសោមនស្សរីករាយ ក្នុងការ​ចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីធំ នៃ «កម្មវិធី​បញ្ញវន្ត ឌីជីថល - Digital Talents» ដែលជាកម្មវិធីអប់រំលើក កម្ពស់ទេពកោសល្យសិក្សា​សម្រាប់ សិស្សវិទ្យាល័យដោយផ្តោតលើចំណេះដឹង និងជំនាញផ្នែកឌីជីថល។ កម្មវិធីនេះ ផ្តួចផ្តើម ដោយក្រុមហ៊ុន iDEN Agency ក្រោមការគាំទ្រយ៉ាងពេញលេញ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​
 
នេះជាកម្មវិធីថ្មីមួយដែលធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលទេពកោសល្យឌីជីថលវ័យក្មេងនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើននូវនិវានុវត្តថ្មីៗ​ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។​ ខណៈដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាកំពុងតែវិវត្តន៍ទៅមុខតម្រូវការសម្រាប់ទេពកោសល្យឌីជីថលក៏នឹងបន្តកើនឡើង។ តាមរយៈការបន្តវិនិយោគលើវិស័យអប់រំ និងការបណ្តុះបណ្តាលសមត្ថភាព ប្រទេសកម្ពុជាអាចនឹងធានាបាននូវធនធានមនុស្សដ៏មានទេពកោសល្យដែលខ្លួនត្រូវការដើម្បី​ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងយុគសម័យឌីជីថល។​
 


 កម្មវិធីនេះ​នឹងមានដំណើរការក្នុងទម្រង់ជាកម្មវិធីប្រកួតប្រជែងដោយមានការចូលរួមពីគណៈកម្មាការ​ ក៏ដូចជាអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកអប់រំមកពីស្ថាប័នផ្សេងៗដើម្បី​វាយតម្លៃសមត្ថភាពរបស់សិស្សានុ សិស្សក្នុងមុខវិជ្ជាឌីជីថលជាច្រើនប្រធានបទរួមមាន ជំនាញទីផ្សារឌីជីថល បច្ចេកវិទ្យា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត ​ AR/VR និងការបោះពុម្ព 3D ជាដើម។
 
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគម៍ បានសម្តែង​ពីការ​ចូល​រួម​អបអរ ចំពោះការចាប់ដំណើរការនៃកម្មវិធី បញ្ញវន្តទេពកោសល្យ​​ ឬ​​ Digital Talents ផង​ដែរ​។​
 
«កម្មវិធីបញ្ញវន្តឌីជីថល Digital Talents គឺជាកម្មវិធីលើកកម្ពស់កសាងធនធានមនុស្ស ឆ្នើម​របស់កម្ពុជា ជាពិសេសការពង្រឹង​សិស្សានុសិស្សថ្នាក់វិទ្យាល័យឲ្យស្វែងយល់​ពីការប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងការទទួលបានការហ្វឹក​ហាត់​ពីអ្នកជំនាញ។ កម្មវិធីមួយនេះ នឹងចូលរួមបង្កើនការយល់ដឹងរបស់សិស្ស និស្សិត និងសាធារណជនឲ្យទទួលបានពត៌មាន និងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មី​ដែលស្របទៅតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥។»
 
កម្មវិធីមួយនេះនឹងមានដំណើរការចាក់បញ្ចាំងចំនួន ១៤ ភាគ​​ហើយជ័យលាភីដែលជាប់ចំណាត់ថ្នាក់កំពូលទាំង​បី ​នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងអាហារូបករណ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រពីរជំនាញក្នុងពេលតែមួយ (Dual Degree) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ដោយឡែកជ័យលាភីលេខ ៤ ដល់លេខ ២០ ទទួលបានកុំព្យូទ័រយួរដៃ ១ គឿង និងប្រាក់ឧបត្ថម្ភផងដែរ។
 


 លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «ក្រុមហ៊ុន Smart មានក្តីរំភើបជាខ្លាំង ដែលមានឱកាសគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសក្នុងដំណើរការកម្មវិធីបញ្ញវន្ត - Digital Talents »។
 
លោកក៏បានបន្តទៀតថា៖ «ក្នុងនាមជាស្ថាប័នដ៏សំខាន់មួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទចល័ត និងការរស់នៅបែបឌីជីថលនៅកម្ពុជា  យើងជឿជាក់ទៅលើវប្បធម៌ប្រកបដោយការច្នៃប្រឌិតដែលតែងតែជំរុញឲ្យយើងបន្តកែលម្អ និងអភិវឌ្ឍទៅមុខជានិច្ច។​ យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ជំនាញដែលមានតម្រូវការខ្ពស់នាពេលអនាគត​ ​សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ ដែលរួមមានចំណេះដឹងផ្នែកឌីជីថលផងដែរ។ ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យឌីជីថល ពិតជាមានសារសំខាន់សម្រាប់ការរីក ចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលប្រកបដោយភាពច្នៃប្រឌិត អាចប្រកួតប្រជែងលើឆាកអន្តរជាតិបានក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសយើងប្រកបដោយចីរភាពផងដែរ។»
 
​«កម្មវិធីមួយនេះ​ ជាឱកាសដ៏ពិសេស សម្រាប់យុវជនកម្ពុជាក្នុងការបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិត ហើយដើម្បីជួយនិងជំរុញទឹកចិត្តឲ្យពួកគេអភិវឌ្ឍជំនាញដែលជាតម្រូវការដើម្បីឲ្យពួកគេទទួលបាន ជោគជ័យក្នុងការរស់នៅនាយុគសម័យសេដ្ឋកិច្ចឌីជីថល និងសង្គម។​​​ ពួកយើងពិតជាយល់ឃើញ​ ថាកម្មវិធីនេះ គឺពិតជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ​ក្នុងការចូលរួមសម្រេចឲ្យបាននូវគោលនយោបាយ​សេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជាឆ្នាំ 2021 – 2035 តាមរយៈការផ្សារភ្ជាប់គម្លាតឌីជីថល និងការកសាងកម្លាំងការងារឌីជីថលប្រកបដោយគុណភាព និងសមត្ថភាព»។
 
លោក​​ ជិន ថូមីត  នាយកប្រតិបត្តិ និងជាស្ថាបនិកនៃទីភ្នាក់ងារ iDEN បានលើកឡើងថា៖​ «ក្នុងនាមជាអ្នករៀបចំកម្មវិធី យើងពិតជាអរគុណក្រុមហ៊ុន Smart Axiata សម្រាប់ការគាំទ្រយ៉ាងមុះមុតក្នុងការចូលរួមបណ្តុះ បណ្តាលទេពកោសល្យឌីជីថលនៅកម្ពុជា។ យើង​មាន​ទំនុក​ចិត្ត​ថាកម្មវិធីបញ្ញវន្តឌីជីថលនឹង​ទទួល​បាន​ជោគជ័យ និងអាចជួយជំរុញឲ្យមាន​អ្នក​ដឹកនាំ​ឌីជីថល​ជំនាន់​ថ្មី​កាន់តែកើនឡើងនៅ​ប្រទេស​កម្ពុជា»។
 


កម្មវិធីបញ្ញវន្តឌីជីថល នឹងចាប់ផ្តើមដំណើរការផលិតកម្មនៅរាជធានីភ្នំពេញ​ ហើយនឹង ចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ BTV News ក៏ដូចជានៅតាមកម្មវិធីទូរស័ព្ទចល័តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។​ កម្មវិធីនេះគ្រោងចាប់ផ្តើមចាក់ផ្សាយនៅក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ។
 
បន្ថែមពីការគាំទ្រគម្រោងបញ្ញវន្តឌីជីថល ​ក្រុមហ៊ុន Smart Axiata តែងតែផ្តោតសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ ទំនងឌីជីថលទូទាំងព្រះរាជាណាចក្រកម្ពុជាតាមរយៈទំនួលខុសត្រូវសង្គម និងគំនិតផ្តួចផ្តើមជាច្រើន។ ក្រុមហ៊ុនទូរគមនាគន៍មួយនេះ បាននិងកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «កម្មវិធី អក្ខរកម្មឌីជីថល» ដល់សិស្សវិទ្យាល័យដែលបានពង្រីកដល់ទៅខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា។ Smart ក៏បានបន្តចូលរួមគាំទ្រ Safer Internet Day ជាមួយអង្គការ APLE Cambodia នៅឆ្នាំ ២០២៣ ដែលកម្មវិធីមួយនេះបានដើរតួជាថ្នាលផ្សព្វផ្សាយ និងដាស់តឿនសិស្សានុសិស្ស ឲ្យចេះរក្សាសុវត្ថិភាពខ្លួនឯងនៅពេលប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល។
 
បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ក៏បានបើកដំណើរការមូលនិធិ Smart Axiata Digital Innovation Fund (SADIF) ដែលជាមូលនិធិវិនិយោគដំបូងគេនៅក្នុងប្រទេសដោយបាន​វិនិយោគទឹកប្រាក់ ៣ លានដុល្លាអាម៉េរិកទៅកាន់ធុរកិច្ចសង្គមចំនួន ១០ ដែលរួមមានកម្មវិធី​ Nham24 ផងដែរ​។ មិនតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ​ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលការចាប់ផ្តើមអាជីវកម្មជាច្រើនផ្សេងទៀត- រួមទាំងក​ម្មវិធី SmartSpark និងកម្មវិធី SmartStart ដោយមានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែរឹងមាំ និងបន្តគាំទ្របណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយផងដែរ។


 
អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
 
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com