ជាតិ
នូវែលសេឡង់ជួយអាជ្ញាធរជាតិអប្សរាលើប្រព័ន្ធគ្រប់គ្រងទឹកសម័យបុរាណ លោក ហង់ ពៅ (ស្ដាំអាវស) នាំទូតនូវែលសេឡង់ចុះពិនិត្យស្ថានភាពការគ្រប់គ្រងទឹកនៅតំបន់អង្គរនាថ្ងៃទី៩ មិថុនា។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
× សៀមរាប៖ ប្រទេសនូវែលសេឡង់តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស បានចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរជាតិអប្សរា លើការផ្តល់ជំនួយសម្រាប់ការងារគ្រប់គ្រងទឹកសម័យបុរាណ និងការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់អង្គរ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានលើកឡើងថា គម្រោងភាពធន់នឹងទឹក ឬការគ្រប់គ្រងទឹកនៅតំបន់អង្គរដែលប្រទេសនូវែលសេឡង់ផ្តល់ជូននៅពេលនេះ មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់២០២៨។ គម្រោងនេះ មានសារសំខាន់ដើម្បីជួយការងារគ្រប់គ្រងទឹកនៅតំបន់ អង្គរឱ្យកាន់តែល្អប្រសើរ មិនឱ្យជន់លិចក្រុង និងតំបន់ប្រាសាទ ក៏ដូចជាទាញប្រយោជន៍សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជុំវិញ ដែលភាគច្រើនពឹងលើវិស័យកសិកម្ម។
លោក ហង់ ពៅ បន្ថែមថា៖« យើងទទួលស្គាល់ថា ប្រជាជនយើងជាកសិករ តើកសិកម្មអត់ទឹកឬយ៉ាងម៉េច? គម្រោងនេះផ្តល់ក្នុងករណីរាំងស្ងួត តើយើងអាចជួយសហគមន៍យ៉ាងដូចម្ដេច ដើម្បីដាំដុះដំណាំ និងប្រភេទដំណាំខ្មែរ និងដំណាំដែលធុននឹងភាពខ្វះទឹកទ»។
ជាជំហានដំបូងនេះ តាមការបញ្ជាក់ពីអគ្គនាយកអាជ្ញាធរជាតិអប្សរា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា នឹងចុះស្រាវជ្រាវប្រជាជនតាមគោលដៅដែលប្រឈមនឹងបញ្ហាខ្វះទឹក និងត្រូវការការជួយលើអភិវឌ្ឍន៍ ផ្នែកកសិកម្មបន្ថែម។ លោក ហង់ ពៅ បញ្ជាក់ថា គម្រោងនេះនឹងស្រាវជ្រាវពូជដំណាំខ្មែរមួយចំនួន ដែលងាយស្រួលដាំដុះ មានទីផ្សារ ពិសេសធន់នឹងអាកាសធាតុ។
ឯកអគ្គរដ្ឋទូតប្រទសនូវែលសេឡង់ប្រចាំកម្ពុជា លោក ជូណាថាន់ ឃីង (Jonathan KINGS) បានឱ្យដឹងក្រោយពិធីចុះអនុស្សរណៈយោគយល់នៅបរិវេណខាងមុខប្រាសាទអង្គរនាថ្ងៃទី៩ មិថុនា ដោយលើកពីការគាំទ្ររបស់នូវែលសេឡង់រយៈពេលជិត២០ឆ្នាំក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបន្តថា នូវែលសេឡង់ មិនមែនយកចិត្តទុកដាក់ត្រឹមបុរាណវិទ្យាប៉ុណ្ណោះទេ ថែមទាំងជួយលើការងារលើកកម្ពស់ ជីវភាពដល់សហគមន៍ក្នុងតំបន់ឱ្យមានភាពល្អប្រសើរផងដែរ។ លោករំពឹងថា ជំនួយប្រមាណជិត១៣លានដុល្លារនូវែលសេឡង់នៅពេលនេះ នឹងជួយឱ្យសកម្មភាពគ្រប់គ្រង ប្រព័ន្ធទឹកសម័យបុរាណកាន់តែរស់រវើក និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់អង្គរកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា នេះជាគម្រោងទី៤ហើយដែលនូវែលសេឡង់ជួយលើការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរចាប់ពីឆ្នាំ ២០០៩មក។ ការអនុវត្តគម្រោងជាបន្តបន្ទាប់រួមមាន ដំណាក់កាលទី១ ឆ្នាំ២០០៩-២០១០ គម្រោងសាកល្បងឈ្មោះថា កម្មវិធីគ្រប់គ្រងធនធានធម្មជាតិ ក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ហៅកាត់ថា APNRM&L ដំណាក់កាលទី២ ឆ្នាំ២០១១-២០១៣ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ ហៅកាត់ថា APNRM&L និងដំណាក់កាលទី៣ ឆ្នាំ២០១៤-២០១៩ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA៕
Tag:
ទឹកសម័យបុរាណ
តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com