ជាតិ
អ្នកស្រាវជ្រាវចង់ឱ្យមានការប្រើប្រាស់ទឹកក្រោមដីបានល្អប្រសើរនៅតំបន់សៀមរាប
11, Jun 2023 , 10:39 am        
រូបភាព
លោកស្រី Sushmita Mandal ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មាន នាថ្ងៃទី១០ មិថុនា។
លោកស្រី Sushmita Mandal ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មាន នាថ្ងៃទី១០ មិថុនា។
សៀមរាប៖ ក្រុមអ្នកស្រាវជ្រាវពីស្ថាប័នស្រាវជ្រាវ SUMERNET (Sustainable Mekong Research Network) បានជួបជុំគ្នាក្នុងសិក្ខាសាលា​ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងការស្រាវជ្រាវលើការងារ​គ្រប់គ្រងទឹកក្រោមដីនៅតំបន់សៀមរាបអង្គរ។ ពួកគេយល់ថា ការគ្រប់គ្រងការប្រើប្រាស់ទឹកក្រោមដីបាន​ល្អ នឹងធានា​​បាន​​និរន្តរភាពប្រាសាទ និងមនុស្សជាតិ។

 
លោកស្រី Sushmita Mandal អ្នកស្រាវជ្រាវជាន់ខ្ពស់នៃស្ថាប័ន SUMERNET បានលើកឡើងថា កន្លងមកអាជ្ញាធរបានទទួលស្គាល់ពីផលប៉ះពាល់នៃការប្រើប្រាស់ទឹកក្រោមដីហួសកម្រិត។ លោកស្រី​បន្តថា នៅតំបន់អង្គរ ទឹកមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រឹះប្រាសាទ ដូច្នេះប្រសិនបើការ ប្រើប្រាស់ទឹក​ក្រោម​ដីមិនបានត្រឹមត្រូវទេ នោះមហន្តរាយក៏អាចកើតមាន ដូចជាការដួលរលំគ្រឹះប្រាសាទជាដើម។ 
 
អ្នកស្រាវជ្រាវដដែលបានបន្តថា ប្រាសាទក្នុងតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌសម្រាប់មនុស្សជាតិទូទៅ ដូច្នេះប្រសិនបើយើងគ្រប់គ្រងទឹកក្រោមដីបានត្រឹមត្រូវ នោះយើងអាចរក្សាប្រាសាទទាំងនោះបាន​ដូចគ្នា។  
 
ស្ថាប័នស្រាវជ្រាវ SUMERNET ដែលធ្វើការលើការស្រាវជ្រាវលើការគ្រប់គ្រងទឹកក្រោមដីនៅប្រទេស ចំនួន៤ រួមមាន ថៃ កម្ពុជា ឡាវ និងវៀតណាម។ នាថ្ងៃទី១០ មិថុនា សិក្ខាសាលាតូចមួយត្រូវបានរៀបចំ ឡើងនៅក្រុងសៀមរាប ដោយមានអ្នកចូលរួមប្រមាណជាង១០នាក់។ ពួកគេជាអ្នកស្រាវជ្រាវ អ្នកធ្វើការ​ដោយផ្ទាល់លើ​ការងារទឹក ដូចជាមន្រ្តីរដ្ឋាករទឹកស្អាត អាជ្ញាធរជាតិអប្សរា និងអង្គការក្រៅរដ្ឋាភិបាល ដែលជួយដោះស្រាយបញ្ហាទឹកដល់សហគមន៍ជុំវិញខេត្តសៀមរាបជាដើម។ល។
  

 
លោក ជាវ ប៊ុនថង មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរាយល់ថា សិក្ខាសាលានេះបានបង្ហាញពីបញ្ហាទឹកក្រោមដីមមួយចំនួនក្នុងខេត្ត និងបញ្ហាកង្វះទឹកប្រើប្រាស់នាពេលអនាគត ពិសេសតំបន់អង្គរ។ លោកបន្ថែមថា ដើម្បីគ្រប់គ្រងបញ្ហា ខាងលើនេះ កន្លងមកអាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងបំពេញអាងស្ដុកទឹកបុរាណដែលមាន ដូចជាតាម បារាយណ៍ កសិន្ធុ ប្រឡាយ។ល។ ដែលទឹកទាំងនោះអាចផ្គត់ទឹកនៅក្រោមដីបាន។ បន្ថែមពីនោះ អាជ្ញាធរព្យាយាមរក្សាព្រៃឈើដែលមានស្រាប់ និងដាំព្រៃឈើបន្ថែមក្នុងតំបន់អង្គរ។
 
លោកស្រី Sushmita Mandal យល់ថា ដើម្បីអាចគ្រប់គ្រង និងដោះស្រាយបញ្ហាទឹកក្រោមដី ក្នុងនោះ គេត្រូវការផ្សព្វផ្សាយដើម្បីឱ្យសហគមន៍យល់ដឹងបញ្ហានេះឱ្យបានទូលំទូលាយ និងដឹងពីអ្វីដែលពួកគេ អាចជួយបាន។ លោកស្រីបន្ថែមថា៖« ដើម្បីឱ្យការអភិវឌ្ឍមាននិរន្តភាព យើងដឹងថាធនធានទឹក​មានកម្រិត ដូច្នេះយើងត្រូវយល់ពីការងារនេះ និងចេញសកម្មភាពពីការប្រើប្រាស់ទឹក ដូចជាត្រូវប្រាប់ ពលរដ្ឋឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ទឹកខ្លះអាចយកប្រើប្រាស់ឡើងវិញបាន។ល។ ​មិនមានទឹកណា​ប្រើមិនចេះអស់ទេ យើងមិនអាចហាមគេមិនឱ្យប្រើទេ តែប្រើក្នុងកម្រិតមួយត្រឹមត្រូវ»៕
 
 
 
 
 
 
 

Tag:
 ទឹក
  ទឹកក្រោមដី
© រក្សាសិទ្ធិដោយ thmeythmey.com