ជាតិ
ក្រសួងអប់រំ ថា អក្ខរកម្មឌីជីថល ជំរុញឱ្យយុវជនបង្កើតព័ត៌មានល្អៗ ជាប្រយោជន៍ដល់សង្គមជាតិ
11, Jun 2023 , 2:29 pm        
រូបភាព
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសិក្ខាសាលា ពីអក្ខរកម្មឌីជីថល ដែលសហការជាមួយភាគីពាក់ព័ន្ធពីស្ថាប័នផ្សេងៗ ចែករំលែកដល់សិស្សានុសិស្សពីគ្រឹះស្ថានអប់រំគោលដៅ នៃខេត្តបាត់ដំបង។ រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសិក្ខាសាលា ពីអក្ខរកម្មឌីជីថល ដែលសហការជាមួយភាគីពាក់ព័ន្ធពីស្ថាប័នផ្សេងៗ ចែករំលែកដល់សិស្សានុសិស្សពីគ្រឹះស្ថានអប់រំគោលដៅ នៃខេត្តបាត់ដំបង។ រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យពលរដ្ឋ ជាពិសេសយុវជន យល់ដឹងពីរបៀបប្រើប្រាស់ឌីជីថល ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ ក្រសួងអប់រំ និងក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ សហការជាមួយដៃគូពាក់ព័ន្ធ បានបើកសិក្ខាសិលា២ថ្ងៃ បញ្ហាចំណេះដឹងឌីជីថល ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។

ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធ បានលើកយកខ្លឹមសារសំខាន់ៗ រួមមាន ការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមនានា ចែករំលែកទៅដល់សិក្ខាកាម។ 
 
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ដល់ពលរដ្ឋនេះ ដើម្បីឱ្យពួកគេចេះប្រើប្រាស់បណ្ដាញសង្គម ទៅជាផលប្រយោជន៍សម្រាប់សង្គមជាតិ និងបញ្ចៀសពីហានិភ័យនានា។
 
រដ្ឋលេខារូបនេះ បន្ថែមថា៖«ការបញ្ជ្រាបខ្លឹមសារអំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ នឹងលើកទឹកចិត្តឱ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយការដាក់បញ្ចូលកម្មវិធី អក្ខរកម្មឌីជីថលក្នុងប្រព័ន្ធបណ្តាញសង្គម គឺជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ»។ 
 
កម្មវិធីបណ្ដុះបណ្ដាល អក្ខរកម្មឌីជីថលនេះ ក៏មានការចែករំលែកពីការបង្កើត ឬការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសប៊ុក និងបណ្តាញសង្គមនានា។  លើសពីនេះបានបង្ហាញពីបច្ចេកទេសងាយៗ ដោយប្រើធនធាន ដែលមានស្រាប់ដូចជា ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័របន្ទះ ដើម្បីបង្កើតវីដេអូអប់រំខ្លីៗ និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ។ ជាពិសេសការស្វែងរកព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, ក៏ដូចជា Canva ជាដើម ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីប្រកបកិច្ចការផ្សេងៗទៀតប្រចាំថ្ងៃ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com