ជាតិ
ក្រុមការងារអភិរក្សប្រទះឃើញពងក្រពើភ្នំ២១គ្រាប់ នៅខេត្តកោះកុង
12, Jun 2023 , 9:59 pm        
រូបភាព
រូបភាព៖ Fauna & Flora
រូបភាព៖ Fauna & Flora
ភ្នំពេញ៖ អង្គការ Fauna & Flora បានប្រកាសរកឃើញពងក្រពើភ្នំចំនួន ២១គ្រាប់ នៅតំបន់ដីសើមត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។ បច្ចុប្បន្ន​ ពងក្រពើទាំងនោះ ត្រូវបានគេភ្ញាស់បែបសប្បនិម្មិត និងរំពឹងថា ញាស់នៅពាក់កណ្តាលខែសីហាខាងមុខ។



អង្គការ Fauna & Flora បានបញ្ជាក់ថា នៅខែមិថុនានេះ ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora សហការជាមួយ មន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើ ភ្នំមួយកន្លែង នៅជម្រកដីសើមត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។ សម្បុកនោះមានពងចំនួន២១គ្រាប់ ហើយ១៧គ្រាប់ ដែលបង្កកំណើត ត្រូវបានផ្លាស់ទៅកន្លែងសុវត្ថិភាព និងកំពុងភ្ញាស់តាមបែបសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ពងមិនបង្កកំណើត៤គ្រាប់ ត្រូវរក្សាទុកក្នុងសម្បុកដើមដដែល។ 
 
ក្រុមការងារអភិរក្សក្រពើភ្នំ ចុះពិនិត្យពងក្រពើភ្នំ ដែលរកឃើញចំនួន ២១គ្រាប់ នៅកោះកុង។ រូបភាព៖ Fauna & Flora 
 
សម្បុកសិប្បនិម្មិត ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើ នៃអង្គការ Fauna & Flora ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ អង្គការក្រៅរដ្ឋាភិបាលមួយនេះ រំពឹងថា ពងទាំងនោះ នឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខ ហើយកូនក្រពើ ដែលបានញាស់នឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់។  
 
ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់សត្វប្រភេទនេះ។ តាមការសិក្សា លើពិភពលោក ក្រពើភ្នំមានប្រហែល ១ពាន់ក្បាលប៉ុណ្ណោះ ក្នុងនោះ កម្ពុជាមាន ៤០០ក្បាល ដូច្នេះ ការរកឃើញថ្មីពងថ្មីនេះ គឺជាព័ត៌មានរីករាយសម្រាប់អ្នកអភិរក្ស និងពិភពលោក៕ 
 

Tag:
 បរិស្ថាន
  ពងក្រពើភ្នំ
  អង្គការ Fauna & Flora
© រក្សាសិទ្ធិដោយ thmeythmey.com