អន្តរជាតិ
អាមេរិក​ថា​ ចិន​បាន​បង្កើន​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​ចារកម្ម​​ពី​គុយបា​​​​ក្នុង​​ឆ្នាំ​២០១៩​​​
14, Jun 2023 , 7:29 pm        
រូបភាព
រូប​ឯកសារ៖ ប្រធានាធិបតី​គុយបា ​លោក Miguel Diaz-Canel Bermudez (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jinping ឈរ​ក្នុង​អំឡុង​ពិធី​មួយ​នៅ​មហាសាល​ប្រជាជន ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​គុយបា ​លោក Miguel Diaz-Canel Bermudez (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក Xi Jinping ឈរ​ក្នុង​អំឡុង​ពិធី​មួយ​នៅ​មហាសាល​ប្រជាជន ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
ដោយ: VOA
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ប្រទេស​ចិន​បានបង្កើន​កម្រិតការិយាល័យ​ប្រមូល​ព័ត៌មាន​ចារកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេសគុយបា​ ក្នុង​ឆ្នាំ​២០១៩។​

 
លោក​ Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នៅពេល​ដែល​រដ្ឋបាល​លោក​ Biden ​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០២១​នោះ​ ខ្លួនបានទទួល​ព័ត៌មានស្តី​ពី​កិច្ចប្រឹងប្រែង​ដ៏​រសើប​មួយ​ចំនួន​ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាលក្រុង​ប៉េកាំង​នៅ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ពង្រីក​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​ចារកម្ម​នៅ​ក្រៅ​ប្រទេស។​ ​
 
លោក Blinken​ បន្ត​ទៀត​ថា​ រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trumpបាន​ដឹង​ពី​រឿង​នេះ ហើយរដ្ឋបាល​របស់​លោក​Biden ​សន្និដ្ឋាន​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិន​បានធ្វើ​ការងារលើ​បញ្ហា​នេះ​ឱ្យ​បាន​ប្រសើរ​នោះ​ឡើយ។ ​
 
លោក ​Blinken ​និយាយ​ទៀត​ថា​ ចាប់​តាំង​ពី​ពេល​នោះ​មក​ សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ ​ ដែលទទួល​បាន​ផល​ល្អ។​ ​
 
លោកនិយាយ​ដូច​នេះ​ថា៖​ «ខ្ញុំ​មិន​អាច​និយាយ​លម្អិត​ជុំវិញចំណាត់​ការ​ដែល​យើង​បាន​ធ្វើ​នោះ​ឡើយប៉ុន្តែ​យុទ្ធសាស្ត្រ​នេះចាប់​ផ្តើម​ជាមួយ​នឹង​សកម្មភាព​ការទូត»។
 
លោក​ Blinken ថា​ សហរដ្ឋ​អាមេរិក​ បាន​ចូលរួមពាក់ព័ន្ធក្នុង​កម្រិត​ខ្ពស់​ជា​មួយ​បណ្តា​រដ្ឋាភិបាល​នានា ដែល​ពិចារណា​ទទួល​ចិន​ធ្វើ​ជា​មូលដ្ឋាន​របស់​ខ្លួន។ ​លោក​បន្ថែម​ថា​ អ្នក​ជំនាញ​សហរដ្ឋ ​អាមេរិក​ បាន​កំណត់​ពី​កិច្ចប្រឹងប្រែងការទូត​មួយ​ចំនួន ដែលជួយ​ពន្យឺតដល់​ការ​ប្រឹងប្រែង​របស់​ចិន​ ក្នុង​ការ​ពង្រីកសកម្មភាព​ប្រមូល​ព័ត៌មាន​ចារកម្ម​របស់​ខ្លួន។
 
ប្រទេស​ចិន​បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ដែល​ថា ​ខ្លួន​បាន​អនុវត្ត​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​សម្ងាត់ នៅ​ក្នុង​ប្រទេស​គុយបា​ ដែលជា​កោះមួយ ​ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​១៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ​ពី​រដ្ឋ ​Florida ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​។ ​
 
អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​ លោក​ Wang Wenbin​ បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ការ​ចោទប្រកាន់​ពី​កិច្ចប្រឹងប្រែង​ប្រមូល​ព័ត៌មាន​ចារកម្មរបស់​ចិន​ក្នុង​ប្រទេស​គុយបា​នោះ​ ​ជា​រឿងមិន​ពិត​នោះ​ឡើយ​ ហើយថា​ សហរដ្ឋ​អាមេរិក​បាន​លើក​ឡើងនូវ​ព័ត៌មានផ្ទុយ​គ្នា​និង​មិន​ស៊ីសង្វាក់​គ្នា​ជុំវិញ​បញ្ហា​នេះ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com