កីឡាជាតិ
ជាតិ
ក្លិបសូលទីឡូអង្គរចែកសម្ភារៈកីឡាដល់សិស្សនៅខេត្តសៀមរាប ដើម្បីអបអរថ្ងៃកំណើតហុងដា
14, Jun 2023 , 5:39 pm        
រូបភាព
ក្លិបបាល់ទាត់សូលទីឡូអង្គរចុះចែកសម្ភារៈកីឡា នៅបឋមសិក្សា ជាស៊ីម កុមារអង្គរ ក្នុងខេត្តសៀមរាប។
ក្លិបបាល់ទាត់សូលទីឡូអង្គរចុះចែកសម្ភារៈកីឡា នៅបឋមសិក្សា ជាស៊ីម កុមារអង្គរ ក្នុងខេត្តសៀមរាប។
ដោយ:
ក្លិបបាល់ទាត់សូលទីឡូអង្គរ អេហ្វស៊ី (Sotilo Angkor FC) បាននាំយកសម្ភារៈកីឡាជាច្រើនដែលនៅសេសសល់ក្រោយបិទក្លិប ទៅចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ជាស៊ីម កុមារអង្គរ នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ការចែកសម្ភារៈកីឡានេះ ធ្វើឡើងចំថ្ងៃកំណើតអតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda។

 
សកម្មភាពចុះចែកសម្ភារៈកីឡាទៅដល់កុមារា-កុមារី ដែលស្រលាញ់វិស័យកីឡានៅសាលាបឋមសិក្សា ជាស៊ីម កុមារអង្គរ គឺស្ថិតនៅក្នុងភូមិវិហារចិន​ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះចែកនោះដែរមានកីឡាករ ថ្នាក់ដឹកនាំ នៃក្លិបបាល់ទាត់ សូលទីឡូអង្គរ អេហ្វស៊ី មានទាំងខ្មែរ និងជនជាតិជប៉ុន។


សិស្សនៃសាលាបឋមសិក្សា ជាស៊ីម កុមារអង្គរ។
 
សម្ភារៈកីឡាជាច្រើនរបស់ក្លិបសូលទីឡូអង្គរ និងមួយចំនួនយកពីប្រទេសជប៉ុន រួមមានស្បែកជើងបាល់ទាត់ អាវយឺតកីឡា ខោខ្លីកីឡា ត្រូវបានយកទៅចែកជូនសិស្សសាលាក្នុងខេត្តសៀមរាបនេះ។ ការចែកសិស្សានុសិស្សនៅ ស្វាយដង្គុំនោះដែរ មានការចែកពីរវេន គឺវេនព្រឹក និងវេនល្ងាច ព្រោះសម្ភារៈមានច្រើន។
 
ជាមួយនឹងការចែងសម្ភារៈកីឡា ក្នុងថ្ងៃខួបកំណើតរបស់ខ្លួននោះដែរលោក ហុងដា បានសរសេរសារនៅលើបណ្តាញសង្គម ធ្វីតទ័ររបស់ខ្លួន ដោយអរគុណ!អ្នកគាំទ្រ និងនៅតែរៀបរាប់ការស្រលាញ់កុមារកម្ពុជា។ «អរគុណ!សម្រាប់សារខួបកំណើតទាំងអស់។ ថ្ងៃណាមួយខ្ញុំនឹងជួលកន្លែងកម្សាន្ត Disneyland ហើយនាំក្មេងៗជុំវិញពិភពលោកទៅលេង»។
 
សូមបញ្ជាក់ថា ក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រកាសរំលាយក្លិបនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ដោយសារជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ ក្លិបបាល់ទាត់សូលទីឡូអង្គរបានរួមដំណើរជាមួយលីគទី២ កម្ពុជា នារដូវកាលឆ្នាំ២០២២ កន្លងទៅនេះ៕
 
 

Tag:
 កីឡាបាល់ទាត់
 Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com