អន្តរជាតិ
មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​និង​ចិន​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ
15, Jun 2023 , 7:29 pm        
រូបភាព
រូបផ្គុំ​រវាង​ដ្ឋមន្ត្រី​ការបរទេស​ចិន ​លោក​ Qin Gang ​និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក ​Anthony Blinken
រូបផ្គុំ​រវាង​ដ្ឋមន្ត្រី​ការបរទេស​ចិន ​លោក​ Qin Gang ​និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក ​Anthony Blinken
ដោយ: VOA
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក ​Anthony Blinken ​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន ​លោក​ Qin Gang ​បាន​សន្ទនាគ្នា​តាម​ទូរសព្ទ ​កាលពី​យប់​ថ្ងៃអង្គារ ​មុន​ទស្សនកិច្ច​ដែល​បាន​រំពឹងទុក​របស់​លោក Blinken ​ទៅកាន់​ទីក្រុង​ប៉េកាំង។



លោក Blinken ​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ​ថា​លោក​និង​លោក​ Qin Gang​ បាន​ពិភាក្សាគ្នា​អំពី«កិច្ចប្រឹងប្រែង​ជាបន្ត​ដើម្បីរក្សា​មធ្យោបាយ​ទាក់ទងគ្នា ​និង​អំពី​បញ្ហា​ទ្វេភាគី​ព្រមទាំង​បញ្ហា​ពិភពលោក‍»។
 
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Matthew Miller ​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​លោក Blinken ​«បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ប្រើ​ការប្រាស័យ​ទាក់ទង​ការទូត ​ដើម្បី​លើកឡើង​អំពី​ការព្រួយបារម្ភ​និង​អំពី​លទ្ធភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ផងដែរ‍»។
 
សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ ​បាន​និយាយ​ថា​លោក Qin ​បាន​ថ្លែង​ប្រាប់​លោក Blinken ​ថា ​សហរដ្ឋ​អាមេរិក​គួរតែ​ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ​និង​ធ្វើឱ្យ​ទន់ខ្សោយ​ដល់​ផលប្រយោជន៍​សន្តិសុខ​ និង ​ការអភិវឌ្ឍ​របស់​ចិន។ ក្រសួង​ការបរទេស​ចិន​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​នៅតែ​ធ្វើការ​ជាមួយ​ចិន​ ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិតគ្នា ​និង​ដើម្បី​លើកស្ទួយ​កិច្ចសហ​ប្រតិបត្តិការ។
 
លោក Blinken ​បាន​លុបចោល​គម្រោងទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ​នៅពេល​ដែល​មាន​ភាពតានតឹង​ដែល​មាន​រួមទាំង​ការបង្ហោះ​បាឡុង​ចារកម្ម​ចិន​មួយ​ឆ្លងកាត់​សហរដ្ឋ​អាមេរិក​និង​ការប្រឆាំង​ជំទាស់​របស់​ចិន ​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​លើ​កោះតៃវ៉ាន់។ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក ​Blinken​ នឹង​ធ្វើទស្សនកិច្ចនៅ​ប្រទេស​ចិន​នៅ​ចុង​សប្តាហ៍នេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com