ជាតិ
«សាលារៀនចល័ត» ជួយកុមារនៅភូមិបណ្ដែតទឹក បន្តការសិក្សា
18, Jun 2023 , 8:59 am        
រូបភាព
សិស្សចេញពីសាលា កំពុងរៀបចំធ្វើដំណើរតាមទូកត្រឡប់ទៅផ្ទះ ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សិស្សចេញពីសាលា កំពុងរៀបចំធ្វើដំណើរតាមទូកត្រឡប់ទៅផ្ទះ ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បាត់ដំបង៖ ជារៀងរាល់រដូវវស្សា ពលរដ្ឋរស់នៅភូមិបណ្ដែតទឹក «ក្បាលតោល» ខេត្តបាត់ដំបង តែងផ្លាស់ទីលំនៅ ដើម្បីរកទីសុវត្ថិភាព។ នៅមូលដ្ឋាននេះ បានកសាង «សាលារៀនចល័ត»មួយ ដើម្បីឱ្យសិស្សានុស្សិស្ស អាចបន្តការសិក្សារបស់ពួកគេ បើទោះជាត្រូវបន្លាស់ប្ដូរទីលំនៅក៏ដោយ។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 
 
 
ភូមិក្បាលតោល ជាភូមិបណ្ដែតទឹកមួយលើផ្ទៃបឹងទន្លេសាប ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជារៀងរាល់ឆ្នាំ ពលរដ្ឋនៅភូមិនេះ តែងផ្លាស់ទីទៅរកកន្លែងសុវត្ថិភាព នៅខែវស្សា។ នៅពេលផ្លាស់ទីម្ដងៗ សាលារៀនដែលកសាងលើគោក ត្រូវបោះបង់ចោល និងត្រូវជំនួសដោយសាលារៀនចល័តវិញ។ 
 
ជានាយកសាលាបឋមសិក្សាក្បាលតោល លោក ទាវ ពិសិដ្ឋ និយាយថា សាលាចល័ត ឬផែចល័ត នេះត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៩៦ មកម្លេះ សម្រាប់ឱ្យសិស្សានុស្សិសរៀន នៅរដូវផ្លាស់ទីលំនៅ។ សម្រាប់សាលាចល័តនេះ លោកមើលឃើញថា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សនុសិស្ស ដើម្បីឱ្យពួកគេអាចបន្តការសិក្សាបាន នៅរដូវវស្សា។ 
 
«យើងបានយកសាលានេះតាមប្រជាជន ដើម្បីឱ្យសិស្សបានរៀនបន្ត»។ កូនសិស្សកាលណា យើងអត់មានផែបង្រៀនទេ គឺកូនសិស្សត្រូវបានឈប់ផ្អាក ដូច្នេះការជួសជុលផែនេះសំខាន់ណាស់»។ នេះជាការពន្យល់បន្ថែមរបស់ លោក ពិសិដ្ឋ។ ជារៀងរាល់ឆ្នាំប្រជាជនផ្លាស់ប្ដូរទីលំនៅអាចចាប់ផ្ដើមនៅខែកក្កដា និងត្រឡប់មកវិញអាចនៅចន្លោះខែធ្នូ ទៅតាមស្ថានភាពជាក់ស្ដែងនៃបរិមាណទឹក ក្នុងបឹងទន្លេសាប។ 
 
បច្ចុប្បន្នសាលាចល័តមួយនេះ មានតែបន្ទប់២ប៉ុណ្ណោះ ដើម្បីឱ្យសិស្សរៀន ពោលគឺមានការខ្វះខាតបន្ទប់ស្របពេលដំបូលនៃសាលានេះ រងការខូចខាត ដែលត្រូវការជំនួយពីសប្បុរសជន ដើម្បីជួសជុលឡើងវិញ៕ 
 

Tag:
 ភូមិបណ្ដែតទឹក
  សាលាបណ្ដែតទឹក
  ក្បាលតោល
© រក្សាសិទ្ធិដោយ thmeythmey.com