ជាតិ
និស្សិត ហួត ស្រីនុត រៀនជំនាញវិស្វករអគ្គិសនី ព្រោះសម្បូរទីផ្សារការងារ
18, Jun 2023 , 6:59 pm        
រូបភាព
និស្សិត ហួត ស្រីនុត ចូលរួមក្នុងទិវាជាតិ TVET លើកទី៦ នាថ្ងៃទី១៥ មិថុនា នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
និស្សិត ហួត ស្រីនុត ចូលរួមក្នុងទិវាជាតិ TVET លើកទី៦ នាថ្ងៃទី១៥ មិថុនា នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។
សៀមរាប៖ ហួត ស្រីនុត ជាអ្នកខេត្តសៀមរាប និងកំពុងសិក្សាឆ្នាំទី២ជំនាញវិស្វករអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ ចិត្តស្រឡាញ់ និងការមើលឃើញទីផ្សារលើល្អលើជំនាញនេះ ជំរុញចិត្តឱ្យយុវតីវ័យ២០ឆ្នាំរូបនេះ រៀនជំនាញវិស្វកកម្មអគ្គិសនី ដោយមិនអល់អែកឡើយ។ ស្រីនុត ពេញចិត្តជាខ្លាំងចំពោះជំនាញវិមួយនេះ និងចង់មានរបរផ្ទាល់ខ្លួនលើវិស័យនេះនាពេលអនាគត។ ស្រីនុត លើកទឹកចិត្តដល់ក្មេងស្រី កុំរុញរានឹងអ្វីដែលខ្លួនស្រឡាញ់ ហើយជំនាញអ្វីក៏ល្អដែរ សំខាន់រៀនឱ្យច្បាស់។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសនិងអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយនិស្សិត ហួត ស្រីនុត ដូចតទៅ៖ 
 
អ៊ីសា រ៉ហានី៖ ខ្ញុំចាប់អារម្មណ៍ថា ស្រីនុច ជាសិស្សស្រីមួយរូបដែលរៀនជំនាញវិស្វកម្មអគ្គិសនី ដែលជំនាញនេះកម្រមានស្រីរៀនណាស់ ខ្ញុំចង់សួរថាដំបូងឡើយហេតុអ្វីរៀនជំនាញនេះ?
 
ហួត ស្រីនុត៖ ចាសបង ដោយសារជំនាញហ្នឹង ពេលយើងរៀនទៅយើងស្រួលរកការងារ ហើយគេផ្តល់សិទ្ធិឱ្យនារីរៀនទាំងអស់គ្នា។ ជំនាញហ្នឹងល្អសម្រាប់ប្រទេសយើង កំពុងអភិវឌ្ឍន៍ ងាយស្រួលរកការងារធ្វើ ហើយគេអត់ប្រកាន់យេនឌ័រ ប្រុសក៏រៀនបានស្រីក៏រៀនបាន ខ្ញុំគិតថាជំនាញហ្នឹង ល្អ។ 
 
អ៊ីសា រ៉ហានី៖ មានការគិតគូរឬស្រាវជ្រាវយ៉ាងដូចម្ដេចខ្លះដំបូង ថាជំនាញមិនសូវមានសិស្សស្រីរៀនច្រើន ឬយ៉ាងណាទើបសម្រេចរៀនជំនាញនេះ?
 
ហួត ស្រីនុត៖ សិក្សាស្រាវជ្រាវដែរ ប៉ុន្តែមកពីចិត្តយើងស្រឡាញ់ផង។ ហើយណាមួយខ្ញុំគិតថា បុរសអាច រៀនបាន ស្រ្តីក៏អាចរៀនបានដែរ។ 
 
អ៊ីសា រ៉ហានី៖ ចុះការរៀននេះគ្រួសារគាត់មានការលើកទឹកចិត្ត និងជំរុញដូចម្ដេចដែរ? 
 
ហួត ស្រីនុត៖ ចាសគាត់លើកទឹកចិត្តឱ្យយើងរៀន ព្រោះអីគាត់ថាជំនាញអគ្គិសនីហ្នឹងល្អ មនុស្សប្រុសរៀនបាន មនុស្សស្រីក៏អាចរៀនបានដែរ ហើយពេលដែលមនុស្សស្រីរៀនទៅអាចមានភាពរឹងមាំ។
 
អ៊ីសា រ៉ហានី៖ សម្រាប់ជំនាញនេះ តើក្នុងថ្នាក់រៀនឬសាលារបស់ ស្រីនុត មានសិស្សស្រីរៀនច្រើនទេ?
 
ហួត ស្រីនុត៖ តាមខ្ញុំឃើញជាក់ស្ដែង ជំនាញខ្ញុំរៀនគឺមានសិស្សស្រីច្រើនជាងរាល់ឆ្នាំ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំរៀនជំនាន់ទី១០។
 
អ៊ីសា រ៉ហានី៖ ក្រោយសិក្សាបានឆ្នាំទី២ តើស្រីនុត យល់យ៉ាងណាដែរចំពោះជំនាញមួយនេះមានគិតថាជំនាញនេះពិបាកទេ ដែលកន្លងមកគេថាជំនាញនេះមានតែបុរសទេដែលរៀន?
 
ហួត ស្រីនុត៖ តាមពិតទៅ មុខជំនាញមួយណាក៏ពិបាកដែរ តែបើយើងដាក់ចិត្តរៀនហើយ យើងខំរៀនទៅ ហើយជំនាញនេះវាហ្វឹកហាត់ឱ្យយើងចេះម្ដងបន្ដិចៗអត់ពិបាកទេ ទាល់តែថាជំនាញមុនយើងរៀនវាពិបាក តែដល់តែពេលយើងចូលរៀនបានដឹងថាជំនាញវាចឹងៗ។
 
អ៊ីសា រ៉ហានី៖ តើអនាគតចង់ធ្វើអ្វីដែរ?
ហូត ស្រីនុត៖ អនាគតទៅ បើសិនពួកខ្ញុំអត់មានធ្វើការអ៊ីចឹង អាចបើកអាជីវកម្មក៏បាន យើងចង់ធ្វើការក៏បាន ធ្វើការរដ្ឋក៏បាន យើងចង់ដាក់ពាក្យធ្វើគ្រូក៏បាន និយាយរួមទៅផ្តល់ឱកាស ឱ្យយើងច្រើន យើងចង់ម៉ៅការខ្លួនឯងក៏បានដែរ។
 
អ៊ីសា រ៉ហានី៖ អាចថារាល់ថ្ងៃវិស័យផ្នែកអគ្គិសនីនៅខេត្តសៀមរាបយើងមានតម្រូវការច្រើនទេ?
ហួត ស្រីនុត៖ ចាសបង តម្រូវការច្រើន ហើយទូលំទូលាយទៀត។ 
 
អ៊ីសា រ៉ហានី៖ ក្មេងស្រីភាគច្រើនពេលចប់បាក់ឌុបអ៊ីចឹង គេតែងរៀនផ្នែកជំនាញផ្សេងៗធ្វើការនៅក្នុង ការិយាល័យ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អ៊ីចឹង ស្រីនុតមានគិតថាខ្លួនឯងខុសគេទេទៅរៀនផ្នែកតភ្លើង អ៊ីហ្នឹង?
 
ហួត ស្រីនុត៖ គិតដែរបង គិតថាខុសគេដែរ ប៉ុន្តែយើងស្រឡាញ់ហើយធ្វើម៉េច បើយើងស្រឡាញ់ហើយ យើងត្រូវតែទៅ។ ឧទាហរណ៍ថាខ្ញុំស្រឡាញ់អគ្គិសនី បើឱ្យខ្ញុំទៅរៀនម៉ាស៊ីនត្រជាក់ក៏ពិបាក រៀនបាន តែលក្ខណៈរៀនអត់ចូល។ របស់ណាដែលយើងស្រឡាញ់ ខំរៀនទៅរៀនចូលហើយ ប៉ុន្តែរបស់ណាដែល យើងមិនស្រឡាញ់ បង្ខំរៀនយ៉ាងណាក៏អត់ចូលដែរ។
 
អ៊ីសា រ៉ហានី៖ តើមានការលើកទឹកចិត្តដល់ក្មេងស្រីដូចម្ដេចខ្លះចំពោះការចូលរៀនជំនាញវិជ្ជាជីវៈនេះ ថាតើជំនាញនេះជួយយើងអ្វីខ្លះនាពេលអនាគត?
ហួត ស្រីនុត៖ ខ្ញុំចង់លើកទឹកចិត្តឱ្យក្មេងស្រីៗគាត់ក្លាហាន ក្លាហានក្នុងការរៀន។ ជំនាញមួយណាក៏ល្អដែរក្នុងសង្គមបច្ចុប្បន្ន យើងរៀនទៅដើម្បី ព្រោះសង្គមបច្ចុប្បន្នគេមើលងាយ ឧទាហរណ៍បើយើងរៀនចប់ថ្នាក់ទី១២ អត់មានការងារធ្វើទេ អ៊ីចឹងបើយើងមានការងារធ្វើផង យើងរៀនផងរិតតែល្អ។
 
អ៊ីសា រ៉ហានី៖ គិតថា ការរៀនជំនាញវិជ្ជាជីវៈនេះ មានភាពរហ័សក្នុងការរកការងារធ្វើឬយ៉ាងណា?
ហួត ស្រីនុត៖ ចាសបង រហ័ស។ ពេលចូលរៀនបានមួយឆ្នាំ យើងហ្វឹកហាត់បទពិសោធន៍យើង អាចរកការងារធ្វើបានហើយ។ 
 
អ៊ីសា រ៉ហានី៖ យល់យ៉ាងណាដែរចំពោះការប្រារព្ធទិវា TVET នៅឆ្នាំនេះ?
ហួត ស្រីនុត៖ គិតថាល្អ ដើម្បីប្អូនៗជំនាន់ក្រោយបានឃើញថា TVET បើកឱកាសឱ្យសិស្សស្រី ឬសិស្សប្រុសគ្រប់ខណៈមិនថាក្រឬក៏មាន មិនថាប្រុសឬស្រីអាចរៀនបានគ្រប់គ្នា៕
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com