ជាតិ
លោក ឈុំ ម៉ៅ កំពុងលើកស្ទួយ និងអភិរក្សខ្លែងខ្មែរ
18, Jun 2023 , 8:19 pm        
រូបភាព
លោក ឈុំ ម៉ៅ ក្នុងពិព័រណ៍ខ្លែងឯកនៅបរិវេណមុខប្រាសាទអង្គរ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលកន្លងមក។
លោក ឈុំ ម៉ៅ ក្នុងពិព័រណ៍ខ្លែងឯកនៅបរិវេណមុខប្រាសាទអង្គរ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាពេលកន្លងមក។
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ លោក ឈុំ ម៉ៅ ជាចាស់ព្រឹទ្ធាចារ្យមួយរូបដែលពោរពេញទៅដោយទេព្យកោសល្យ និងឆន្ទៈក្នុងការជួយលើកស្ទួយ និងអភិរក្សខ្លែងខ្មែរ ដែលជាកេរ្តិ៍ដំណែលដ៏សំខាន់របស់ដូនតាខ្មែរ។

 
ជាមនុស្សម្នាក់ដែលមមារញឹកយ៉ាងខ្លាំងក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ លោក ឈុំ ម៉ៅ គឺជាអ្នកមានទេព្យកោសល្យខ្ពស់ក្នុងការធ្វើខ្លែងឯក ហើយថែមទាំងទទួលជ័យជម្នះ ក្នុងការប្រកួតបង្ហោះខ្លែងឯកថ្នាក់ជាតិជាច្រើនលើកទៀតផង។ 
 
ក្រៅពីធ្វើជាអ្នកផ្លូវចៅមហា ជាអាចារ្យ  ជាអ្នកលេងល្ខោនស្រមោលស្បែកធំ-តូច និងជាកសិករផងនោះ លោក ឈុំ ម៉ៅ ក៏ជាអ្នកស្រលាញ់ចូលចិត្តការបង្ហោះខ្លែងលេង ជាល្បែងកម្សាន្តតាំងពីកុមារភាពមកម្ល៉េះ។ បច្ចុប្បន្ន លោក ឈុំ ម៉ៅ មានវ័យ៦៣ឆ្នាំហើយ មានទីលំនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោកកំពុងបន្តអាជីពជាអ្នកធ្វើខ្លែងឯក និងបានផ្ទេរជំនាញមួយនេះ ដល់កូនចៅជំនាន់ក្រោយ បន្តថែរក្សាដើម្បីកុំឱ្យបាត់បង់។ 
 
នៅពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ លោក ឈុំ ម៉ៅ បានរៀបរាប់ពីមូលហេតុដែលលោកចាប់ផ្តើមចេះធ្វើខ្លែងឯក និងចូលចិត្តបង្ហោះខ្លែងលេង ដូច្នេះថា កាលនៅក្មេងអាយុប្រហែល៩ឆ្នាំ លោកតែងតែទៅលេងនៅផ្ទះអ៊ុំប្រុសម្នាក់ឈ្មោះ វ៉ន ដែលជាគ្រូល្ខោនបាសាក់ ស្ដិតនៅភូមិកន្ត្រក និងជាអ្នកជំនាញធ្វើខ្លែងឯកប្រចាំភូមិ។ គាប់ជួនថ្ងៃមួយ លោកគ្រូ វ៉ន កំពុងធ្វើខ្លែងមួយយ៉ាងធំតែម្នាក់ឯង ដោយពិបាកក្នុងការយកប្រដាប់ប្រដាផ្សេងៗ ក៏បានហៅ លោក ម៉ៅ ឱ្យជួយហុចនេះហុចនោះ។ នៅពេលធ្វើខ្លែងរួចរាល់ លោក  ម៉ៅ បានចាប់ចិត្តនឹងខ្លែងនោះជាខ្លាំង ព្រោះថាវាខុសប្លែកពីខ្លែងដែលក្មេងៗក្នុងភូមិធ្លាប់លេងកន្លងមក ជាពិសេសគឺមានទាំងដងឯកសម្រាប់ភ្ជាប់ទៅនឹងខ្លែងបង្កើតបានជាសំឡេងដ៏ចម្លែកទៀតផង។ ចាប់តាំងពីពេលនោះមក លោក ម៉ៅ តែងទៅផ្ទះលោកគ្រូ វ៉ន ជាញឹកញាប់ ដើម្បីបានរៀនធ្វើខ្លែងឯកបន្ថែម។  


 
បើទោះបីជាវ័យកាន់តែចាស់ កម្លាំងកាន់តែថមថយយ៉ាងណាក្តី ក៏លោក ឈុំ ម៉ៅ តែងតែទៅចូលរួមការប្រកួតក្នុងពិធីបង្ហើរខ្លែងខ្មែរដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរាល់ឆ្នាំមិនដែលអាក់ខានឡើយ មិនថាស្ថិតក្នុងខេត្តសៀមរាប  តាមបណ្តាខេត្តផ្សេងៗ ឬនៅរាជធានីភ្នំពេញនោះទេ។  លោក ម៉ៅ បានឱ្យដឹងទៀតថា  លោកធ្លាប់បានចូលរួមប្រកួតក្នុងពិធីបង្ហើរខ្លែងខ្មែរនៅកោះពេជ្រ រាជធានីភ្នំពេញចំនួន៤ដង ដែលក្នុងនោះលោកបានទទួលជ័យលាភីលេខ១ ចំនួន២ដង និងលេខ៣ ចំនួន១ដងផងដែរ។ 
 
ជាចាស់ព្រឹទ្ធិចារ្យដែលកំពុងចូលរួមអភិរក្សវប្បធម៌ខ្មែរមួយរូប លោក ឈុំ ម៉ៅ បានប្រាប់ពីបំណង របស់លោកនាពេលអនាគតលើកិច្ចការងារមួយនេះ។  លោក ឈុំ ម៉ៅ ចង់ចែករំលែកចំណេះដឹងបន្តពីចាស់បុរាណ និងចូលរួមអភិរក្សវប្បធម៌ដ៏សម្បូររបែបរបស់ខ្មែរ ពិសេសអំពីខ្លែងឯក។ បច្ចុប្បន្ន លោក ម៉ៅ ក៏កំពុងផ្ទេរចំណេះដឹងនេះទៅយុវជននៅក្នុងភូមិ តាមរយៈការបង្រៀនក្មេងៗ ឱ្យចេះធ្វើខ្លែងឯក និងបាននាំពួកគេទៅចូលរួមការប្រកួតផ្សេងៗ រួមនិងការបង្ហាញស្នាដៃពួកគេ ដល់សាធារណជនបានឃើញផងដែរ។


 
បន្តរៀបរាប់ទាំងទឹកមុខញញឹមស្រស់ស្រាយ និងពោរពេញទៅដោយកី្តសង្ឃឹម លោក ម៉ៅ បានឱ្យដឹងដូច្នេះថា កាលពីពេលកន្លងទៅថ្មីៗនេះ មន្ទីរវប្បធម៌ខេត្តសៀមរាបបានចុះមកពិនិត្យទីតាំងនៅផ្ទះលោកផ្ទាល់ដោយ ប្រាប់ឱ្យលោកត្រៀមបើកជាក្លឹបសិក្សាមួយអំពីខ្លែងខ្មែរដើម្បីបង្រៀនដល់ក្មេងៗជំនាន់ក្រោយ ឬបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងចង់សិក្សាស្វែងយល់អំពីខ្លែងខ្មែរ។ លោក ម៉ៅ ក៏រីករាយស្វាគមន៍ដល់សិស្ស ឬយុវជនជិតឆ្ងាយដែលមានបំណងចង់ ស្វែងយល់ពីខ្លែងឯកអាចអញ្ជើញមកផ្ទះលោកបាន និងរីករាយបង្ហាត់បង្រៀនចំណេះដឹង ទាំងអម្បាលម៉ានដែលលោកមានដល់ពួកគេផងដែរ៕









© រក្សាសិទ្ធិដោយ thmeythmey.com