កីឡាជាតិ
ជាតិ
លោក ប៉ែន ផាត៖ បើមានឱកាសលេងជាមួយក្រុមកម្រិតខ្ពស់ កម្ពុជាអាចលួចតម្រិះពីគេ
20, Jun 2023 , 7:59 pm        
រូបភាព
ព្រឹទ្ធាចារ្យ ប៉ែន ផាត ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
ព្រឹទ្ធាចារ្យ ប៉ែន ផាត ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
ព្រឹទ្ធាចារ្យ ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ទសវត្សរ៍ទី៦០-៧០ មើលឃើញថា ប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនដូចជា វៀតណាម ថៃ និងឥណ្ឌូណេស៊ី តែងប្រកួតមិត្តភាពជាមួយក្លិបធំៗ នៅតំបន់អឺរ៉ុប និងជម្រើសជាតិ ដែលមានកម្រិតខ្ពស់ៗ។ ព្រឹទ្ធាចារ្យរូបនេះ យល់ថានេះ គឺជាការប្រកួតដើម្បីទទួលបានបទពិសោធន៍ និងការលួចយកចំណេះដឹងមួយចំនួនពីដៃគូ ដែលមានកម្រិតខ្លាំងជាងខ្លួន។ លោក ប៉ែន ផាត យល់ថាប្រសិនជាប្រកួតជាមួយគូប្រកួតមានកម្រិតទាបជាង វិស័យកីឡាបាល់ទាត់ នឹងមិនងាយអភិវឌ្ឍទេ ព្រោះមិនបានលួចយកចំណេះ និងយុទ្ធសាស្ដ្រប្រកួតរបស់គេ។



ព្រឹទ្ធាចារ្យ ប៉ែន ផាត បានតំណាលពីកាលដែលរូបលោក នៅជាកីឡាករប្រកួតឲ្យជម្រើសជាតិកម្ពុជា នាទសវត្សរ៍ទី៦០-៧០ ថា កម្ពុជា ធ្លាប់ប្រកួតច្រើនលើកជាមួយប្រទេសមានកម្រិតខ្ពស់ ដូចជា ចិន កូរ៉េ អាល្លឺម៉ង់ អូស្ដ្រាលី យូហ្គោស្លាវី រុស្សី  និងហុងគ្រីជាដើម។ លោកព្រឹទ្ធាចារ្យ ថាកម្ពុជា និងកីឡាករចំណេញច្រើនពីការប្រកួត ព្រោះទទួលបានបទពិសោធន៍ និងយល់ដឹងពីកម្រិតរបស់កីឡាករបរទេស។
 
 អតីតកីឡាករ វ័យ ៧៥ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«យើង មិនធ្លាប់ចាញ់វៀតណាម យើងចាញ់ចិន តែមួយសូន្យ យើងចាញ់កូរ៉េ ហើយចាញ់អាល្លឺម៉ង់ ១-០។ យើង ធ្លាប់ស្មើជាមួយជម្រើសជាតិអូស្ដ្រាលី។ ក្រៅពីនោះ យើងធ្លាប់មានប្រកួត ជាមួយយូហ្គោស្លាវី, រុស្សី, ហុងគ្រី។»។
 
ដោយឡែក អតីតកីឡាករ រហស្សនាមពស់កេងកង ក៏បានលើកឡើងដែរថា ការប្រកួតមិត្តភាពជាមួយក្រុមក្នុងប្រទេសដូចគ្នា និងជាមួយប្រទេស ដែលមានកម្រិតទាបជាងកម្ពុជា គឺជារឿងល្អមួយ ដោយកីឡាករមានឱកាសប្រកួតច្រើន។ ប៉ុន្ដែប្រសិន កម្ពុជា មានឱកាសប្រកួតជាមួយ ក្រុម ឬប្រទេស ដែលមានកម្រិតខ្ពស់ជាង នោះ គឺជារឿងល្អបំផុត ដោយអាចលួចចំណេះ យុទ្ធសាស្ដ្រ និងទទួលបានបទពិសោធន៍ នៃការប្រកួតខ្ពស់ជាពេលមុនៗ។ 
 
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ប្រទេសក្នុងតំបន់អាស៊ាន ដូចជាវៀតណាម ថៃ និងឥណ្ឌូណេស៊ី បានប្រកួតមិត្តភាពជាមួយក្លិប និងជម្រើសជាតិនៅតំបន់អឺរ៉ុប។ ជាក់ស្ដែង ជម្រើសជាតិវៀតណាម ប្រកួតមិត្តភាពជាមួយ Borussia Dortmund ចំណែក ជម្រើសជាតិ ឥណ្ឌូណេស៊ី ប្រកួតមិត្តភាព ជាមួយជម្រើសជាតិ អាហ្សង់ទីន ជាដើម។
 
អតីតកីឡាករ ទសវត្សរ៍ទី៦០-៧០ រូបនេះ បន្ដទៀតថា ប្រទេសថៃ តែងអញ្ជើញក្លិបធំៗនៅអឺរ៉ុបទៅប្រកួតមិត្តភាពនៅទឹកដីខ្លួន។ ក្លិបទាំងនោះ មិនត្រឹមតែទៅប្រកួតមិត្តភាពទេ ប៉ុន្ដែ ក៏សម្លឹងមើលធនធានមនុស្សសម្រាប់ក្លិបបាល់ទាត់គេដែរ។ ក្លិបធំទាំងនោះ អាចឈានដល់ការបើកសាលាបណ្ដុះបណ្ដាលធនធានកីឡាករផងដែរ ដោយដាក់ឈ្មោះក្លិបគេ។ 
 
«យើង លួចតម្រិះពីគេមក ប្រសិនយើងលេងតែគ្នាឯង តើអ្នកណាលួចអ្នកណា។ ប្រទេសថៃ គេយក Manchester​ United យក Liverpool មកលេង។ ក្លិបធំៗ ទាំងនោះ គេមានលុយច្រើនណាស់ កាលណាគេ មកលេងពេលខ្លះ គេ នឹងជួយជំនួយ ដោយសាលាបណ្ដុះបណ្ដាលធនធាន (Academy Football) ដាក់ឈ្មោះក្លិបគេ ដូចជា Academy Liverpool, Academy Manchester ដើម្បីក្មេងថៃហាត់ ហើយគេបញ្ជូនគ្រូ មួយទៀត។ ប្រសិនយើងធ្វើ បានយើងលឿន។ ប្រទេសជុំវិញ យើង គេធ្វើបានជិតអស់ហើយ។ ឥឡូវឥណ្ឌូណេស៊ី ចាប់ធ្វើបែបនេះដែរ គេហៅជម្រើសជាតិអាហ្សង់ទីន មកលេងថ្ងៃមុន។ ចុះសម្រាប់យើង តើអាចធ្វើបានទេ ឬមួយយ៉ាងមិច ឬមួយយើង មិនចេះនិយាយជាមួយគេ?»។ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត រៀបរាប់ដូច្នេះ៕
 

Tag:
 បាល់ទាត់
  ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com