កីឡាជាតិ
ជាតិ
ត្រឹមវ័យ១៤ឆ្នាំ ផានិត ផាណា ពិបាករកដៃគូប្រកួតប្រដាល់គុនខ្មែរ ប្រភេទទម្ងន់៤០គីឡូ
21, Jun 2023 , 8:59 am        
រូបភាព
ការហ្វឹកហាត់ជាប្រចាំរបស់កីឡាករ-កីឡាការិនី ក្នុងក្លិបសុវណ្ណកុមារគុនខ្មែរ
ការហ្វឹកហាត់ជាប្រចាំរបស់កីឡាករ-កីឡាការិនី ក្នុងក្លិបសុវណ្ណកុមារគុនខ្មែរ
កុមារា ផានិត ផាណា ចូលហ្វឹកប្រដាល់គុនខ្មែរនៅក្លិបសុវណ្ណកុមារគុនខ្មែរ៤ឆ្នាំមកហើយ និងធ្លាប់ប្រកួត៥៨លើក ក្នុងនោះឈ្នះ៥០ និង ចាញ់៨លើក។ ត្រឹមវ័យ១៤ឆ្នាំ ផាណា តែងស្រមៃចង់ក្លាយជាកីឡាករឆ្នើម នឹងមានសមត្ថភាពគ្រប់គ្រាន់ដូចជារៀមច្បងដទៃទៀត ដើម្បីឡើងប្រកួតលើឆាកអន្ដរជាតិ។ លោក អ៊ុំ ផានិត ប្រធានក្លិបសុវណ្ណកុមារគុនខ្មែរ និងជាគ្រូបង្វឹកផ្ទាល់ បញ្ជាក់ថាសព្វថ្ងៃផាណា ពិបាករកគូប្រកួតលើប្រភេទទម្ងន់ ៤០គីឡូក្រាមណាស់។



កុមារា វ័យ១៤ឆ្នាំ ដែលមានឈ្មោះដើម អ៊ុំ ផាណា បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួន តែងស្រម៉ៃចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរ ដែលមានឈ្មោះល្បីល្បាញ ដូចជារៀមច្បងដទៃទៀតក្នុងវិស័យកីឡាមួយនេះ។ ដូច្នេះ កីឡាករវ័យក្មេងនេះ បានប្រឹងហ្វាត់ជាខ្លាំង នៅក្នុងក្លិបសុវណ្ណកុមារគុនខ្មែរ។ កុមារា ផាណា បានចូលហ្វឹកហាត់ប្រដាល់ដំបូង នៅឆ្នាំ២០១៩ ជាមួយលោក អ៊ុំ ផានិត ដែលជាឪពុកបង្កើតផង និងគ្រូបង្វឹកផង ដែលកាលនោះ ផាណា ទើបតែអាយុ ១០ឆ្នាំ។
  

កីឡាករ ផានិត ផាណា ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
 
ប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ បានរយៈពេល ៤ឆ្នាំ ផាណា  ហាក់បង្ហាញផលវិជ្ជមានច្រើនសម្រាប់ថ្ងៃអនាគត ដោយប្រកួតបាន ៥៨លើក ដោយក្នុងនោះ ឈ្នះ ៥០ ចាញ់ ៨ប្រកួត និងមិនធ្លាប់ស្មើឡើយ។ 
 
បច្ចុប្បន្ន ផានិត ផាណា មានទីលំនៅ ក្នុងស្ថិតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដែលជាទីតាំងរបស់ក្លិបប្រដាល់ក្លិបសុវណ្ណកុមារគុនខ្មែរ ផងដែរ។ កុមារារូបនេះ ជាសិស្សនៅថ្នាក់ទី៧ នៃ វិទ្យាល័យព្រែកតាទែន។
 
កុមារា ផាណា បានចំណាយពេលវេលាទំនេររបស់ខ្លួនបន្ទាប់ពីការសិក្សា ទៅហ្វឹកហាត់ប្រដាល់គុនខ្មែរ។ កីឡាករវ័យក្មេងនេះ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ទាំងទឹកមុខស្មើៗថា រូបខ្លួន ត្រូវងើបពីម៉ោង ៥:00 ព្រឹក ដើម្បីហ្វឹកហាត់ប្រដាលគុនខ្មែរ ដល់ម៉ោង ៧:០០ ព្រឹក។ ហើយម៉ោង ៨:០០-១១:០០ ព្រឹក ផាណា ត្រូវទៅសាលារៀន។ ចំណែកម៉ោង ១:០០រសៀល សិស្សវិទ្យាល័យរូបនេះ ត្រូវចូលរៀនម្ដងទៀត ដល់ម៉ោង ៣:០០រសៀល។ បន្ទាប់ពីចេញពីរៀន កូនសិស្សរូបនេះ ត្រូវហ្វឹកហាត់គុនខ្មែរម្ដងទៀត ចាប់ពីម៉ោង ៣:០០រសៀល។ ផាណា ត្រូវអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ។
 
ដូច្នេះគ្នានេះ លោក អ៊ុំ ផានិត អះអាងថាកូនប្រុសរបស់ខ្លួន ផាណា ជាក្មេងតស៊ូច្រើនក្នុងការហ្វឹកហាត់ ម្យ៉ាងវិញទៀត រូបគេ មានមហិច្ឆិតាខ្ពស់ ដោយតែងតែចង់ឡើងប្រកួតជាមួយកីឡាករបរទេស។ ប្រធានក្លិបរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការចាប់គូសម្រាប់ កីឡាកររូបនេះ គឺពិបាក ដោយសារមិនសូវជាសម្បូរកីឡាករ លើប្រភេទទម្ងន់ ៤០គីឡូក្រាម៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ផានិត ផាណា
© រក្សាសិទ្ធិដោយ thmeythmey.com