ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធានបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៖ បក្សពិបាករកសំឡេងពីពលរដ្ឋ តែធ្វើនយោបាយ កុំគិតជ័យជម្នះជាធំ
21, Jun 2023 , 10:29 am        
រូបភាព
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ឆ្នាំ២០២៣នេះ ជាលើកទី៣ហើយ។ ការចូលរួម២លើកកន្លងមក គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនទទួលបានកៅអីក្នុងរដ្ឋសភាឡើយ។ ប្រធានគណបក្ស លោក ហួន ច័ន្ទថុន ទទួលស្គាល់ថា បក្សពិបាករកសំឡេងឆ្នោតពីពលរដ្ឋ ព្រោះពួកគេសុទ្ធតែបក្សក្នុងចិត្តរៀងខ្លួន។ តែយ៉ាងណាលោក អះអាងថា បក្សធ្វើនយោបាយ មិនគិតជ័យជម្នះជាធំឡើយ។



លោក ហួន ច័ន្ទថុន អះអាងថា ទោះបីបក្សលោក មិនទទួលបានសំឡេងក្នុងរដ្ឋសភាពិតមែន ប៉ុន្តែបក្សនៅតែមានសកម្មភាពជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដែលជួបការលំបាក។ ត្រង់ចំណុចនេះ លោក ច័ន្ទថុន យល់ឃើញថា ការចូលរួមប្រកួតប្រជែងនយោបាយ មិនចាំបាច់ទាល់តែឈ្នះកៅអីរដ្ឋសភា ឬដឹកនាំរដ្ឋាភិបាលទេ ទើបជួយដោះស្រាយបញ្ហាពលរដ្ឋនោះឡើយ។
 
សម្រាប់លោក ច័ន្ទថុន ការធ្វើនយោបាយ គឺជាការខ្វាយខ្វល់ពីបញ្ហាសង្គម នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយក៏មិនមែនទាល់តែមានទិសដៅដណ្ដើមអំណាចគ្នាដែរ។ 
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក ហួន ច័ន្ទថុន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖



គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញគោលនយោបាយ៥ចំណុច រួមមាន អភិវឌ្ឍន៍ធនធានមនុស្ស, អភិវឌ្ឍន៍កសិ-ឩស្សាហ៍កម្ម, អភិវឌ្ឍន៍ទេសចរណ៍, អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌។ តាមរយៈគោលនយោបាយទាំងនេះ លោក ច័ន្ទថុន អះអាងថា បើទោះលោក មិនបានកៅអីរដ្ឋសភា ក៏លោកនឹងដាក់សំណើឱ្យរដ្ឋាភិបាលដឹកនាំ នាអាណត្តិទី៧ យកគិតពិចារណាដែរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។
 
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតឡើងនៅឆ្នាំ២០១២ ដោយលោក ហួន រាជចំរើន (មរណភាពនៅឆ្នាំ២០២១) ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្លាប់ចូលរួមបោះឆ្នោត២លើកមកហើយ គឺនៅឆ្នាំ២០១៣ និង២០១៨។ សម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត លើកទី៣នេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ៧រាជធានី-ខេត្ត ដើម្បីដណ្ដើមកៅអីរដ្ឋសភា។ 
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  បោះឆ្នោត
  ហួន ច័ន្ទថុន
© រក្សាសិទ្ធិដោយ thmeythmey.com