ជាតិ
អត្ថបទពាណិជ្ជកម្ម
យុវជនជិត១០០នាក់ចូលរួមក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
21, Jun 2023 , 11:59 am        
រូបភាព
សៀមរាប៖ យុវជនអាស៊ាន-ចិន សរុប៧២រូប បានចូលរួមក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីនេះអនុញ្ញាតឱ្យពួកគេបង្កើនទំនាក់ទំនង និងស្វែងយល់ពីបរិបទសង្គម នយោបាយពីគ្នាទៅវិញទៅមក។
 
កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-CHINA Young Leaders Programme=ACYLP ) កំពុងប្រារព្ធធ្វើរយៈពេល៥ថ្ងៃនៅទីក្រុងសៀមរាប គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ មិថុនា។ តំណាងយុវជនសរុបចំនួន៧២រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីដ៏មានសារប្រយោជន៍នេះ។
 
កញ្ញា ឌី បូសូលីដា ជាយុវជនកម្ពុជាមួយរូបក្នុងចំណោម៨រូបដែលមានឱកាសចូលរួមក្នុងកម្មវិធី ACYLP បានបង្ហាញអារម្មណ៍រីករាយចំពោះវត្តមានក្នុងកម្មវិធីនេះ។ សូលីដា បានជាប់ក្នុងកម្មវិធីអន្ដរជាតិនេះ ក្រោយមានការប្រកួតប្រជែង និងជ្រើសរើសច្រើនដំណាក់កាលពីអ្នករៀបចំកម្មវិធី។ តាមរយៈបទពិសោធន៍ ក្នុងកម្មវិធីស្រដៀងនេះនាពេលកន្លងមក ទើបអាចឱ្យ សូលីដា មានភាពងាយស្រួលក្នុងការតោងចាប់ឱកាសមួយនេះ។ 
 
កញ្ញា ឌី បូសូលីដា ផ្តល់បទសម្ភាសក្នុងពិធីបើកកម្មវិធី ACYLP។

និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់រូបនេះ ប្រាប់ពីបំណងក្នុងការចូលរួមកម្មវិធីខាងលើដូច្នេះថា៖« កម្មវិធីនេះ ធ្វើឱ្យយើងស្គាល់មិត្តភក្ដិថ្មីៗពីបណ្ដាប្រទេសអាស៊ាន និងចិន ស្វែងយល់ពីចំណេះដឹងផ្នែកគោលនយោបាយ និងច្បាប់ក្នុងប្រទេសនីមួយៗ ពិសេសវប្បធម៌របស់ជនជាតិផ្សេងៗ ព្រោះទៅថ្ងៃមុខ គឺយើងត្រូវសហការជាមួយប្រទេសក្នុងតំបន់អាស៊ាន ការស្វែងយល់ពីពួកគាត់ ដូច្នេះការជួបពួកគាត់ផ្ទាល់និងទំនាក់ទំនងគ្នាទៅវិញទៅមកបានជំរុញការស្វែងយល់ពីគ្នាដែលមានសារៈប្រយោជន៍សម្រាប់ការសហការគ្នាក្នុងនិងក្រៅតំបន់នាពេលអនាគត»។
 
ជាយុវជនដែលប្រឡូកច្រើនក្នុងការងារសង្គម ពិសេសក្នុងកម្មវិធីកម្រិតអាស៊ាន សូលីដា ចង់ឃើញយុវជនផ្សេងទៀត ចូលរួមផងដែរ។ នាងបានលើកឡើងដូច្នេះថា៖« យុវជនភាគច្រើនអត់សូវចូលរួមកម្មវិធីក្រៅសាលារៀនទេ ដោយសារតែមិនសូវមានឱកាសតែខ្ញុំលើកទឹកចិត្តឱ្យគាត់ព្យាយាមស្វែងរកសកម្មភាពដើម្បីចូលរួម ព្រោះកម្មវិធីផ្សេងៗក្រៅពីក្នុងសាលា នឹងបន្ថែមនូវចំណេះដឹងមួយថ្មី ដើម្បីបូករួមជាមួយចំណេះដឹងដែលរៀនពីសាលាឱ្យកាន់តែប្រសើរឡើង ពិសេសជំនាញ ទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងការធ្វើការជាក្រុម ជាក់ស្តែងបទពិសោធន៍កន្លងមកបានធ្វើឱ្យខ្ញុំមានភាពក្លាហានជាងមុនដែលជំរុញឱ្យខ្ញុំហ៊ានចាប់យកឱកាសថ្មីៗបន្តទៀត»។
 
យុវជន វង្ស សារ៉ាវុធ ប្រធានអង្គការយុវជន The Young SEAkers Cambodia មានចំណាប់ អារម្មណ៍ខ្លាំង ចំពោះកិច្ចប្រជុំគម្រូយុវជនអាស៊ាន និងចិននៅពេលនេះ។ សារ៉ាវុធ បន្ថែមថា ក្នុងកម្មវិធី ACYLP គឺយុវជន គាត់ទទួលបានឱកាសក្នុងការដើរតួ ដូចជាថ្នាក់ដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសចិនដើម្បីពិភាក្សា និងដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងតំបន់។ យុវជនមានការគិតថ្មីៗ និងមានការច្នៃប្រឌិតខ្ពស់ ហើយកម្មវិធីនេះនឹងជួយឱ្យពួកគេរៀនសូត្របានស៊ីជម្រៅ ទៅលើរឿងរ៉ាវ ផ្សេងៗដែលកំពុងកើតមាន ដែលនឹងជួយឱ្យពួកគេ អាចត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហានៅពេលពួកគេអាចក្លាយជាអ្នកដឹកនាំនាពេលអនាគត។
 
លោក វង្ស សារ៉ាវុធ ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃបើកកម្មវិធី ACYLP នាថ្ងៃទី១៩ មិថុនា នាសណ្ឋាគារសុខាល័យ ក្រុងសៀមរាប។

សារ៉ាវុធ ពន្យល់ដូច្នេះថា៖« យុវជនអាចរៀនសូត្របាននូវ ៣ចំណុចធំៗ ទី១ទាក់ទងទៅនឹងចំណេះដឹងលើប្រធានបទ ដោយសារប្រធានបទទាំងបីផ្តោតលើព្រឹត្តិការណ៍ និងបញ្ហាដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់អាស៊ាន ដោយក្នុងនោះក៏មានការចូលរួមពីយុវជនតំណាងប្រទេសចិនក្នុងកិច្ចពិភាក្សាផងដែរ ទី២ គឺការកសាងមិត្តភាពសម្រាប់យុវជននៅក្នុងតំបន់អាស៊ាននិងចិន មិត្តភាពនេះមានសារៈសំខាន់ណាស់ព្រោះនៅពេលអនាគត ពួកគេអាចបន្តសហការគ្នាក្នុងការពិភាក្សា និងដោះស្រាយបញ្ហាដែលកើតឡើងជាក់ស្តែង ទី៣ យុវជនមានឱកាសស្វែងយល់ពីវប្បធម៌ខ្មែរ ព្រោះកម្មវិធីនេះគឺត្រូវបាន រៀបចំនៅខេត្តសៀមរាប ដែលជាទឹកដីវប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជាសម្រាប់យុវជនមួយចំនួននេះគឺជាលើកដំបូងដែលពួកគាត់បានមកដល់ប្រទេសកម្ពុជា»។
 
អគ្គរាជទូត និងជាអ្នកតំណាងអចិន្រ្តយ៍របស់កម្ពុជាទៅកាន់អាស៊ាន លោក ហេង សារិទ្ធ យល់ថា កម្មវិធី ACYLP មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ ការយល់ដឹងរបស់យុវជនអាស៊ាន និងចិន ដើម្បីជំរុញការផ្លាស់ប្ដូរទំនាក់ទំនង ការតភ្ជាប់រវាងយុវជននិងយុវជន ក៏ដូចជាការបង្កើនការយល់ដឹងពីគ្នា ទៅវិញទៅមក។ 
 
ជាមួយគ្នានេះ លោក ហេង សារិទ្ធ ក៏កត់សម្គាល់ពីភាពផុសផុលរបស់យុវជនកម្ពុជាក្នុងការចូលរួម កម្មវិធីទាក់ទងនឹងអាស៊ានដែលមានការប្រឡូកច្រើន ពិសេសក្រោយកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ អាស៊ាននៅឆ្នាំ២០២២។ យុវជនទាំងនោះមកពីបណ្ដាគ្រឹះស្ថានអប់រំ និងស្ថាប័នផ្សេងៗ ដែលដើរតួជា អ្នកស្ម័គ្រចិត្តជួយរៀបចំកំឡុងពេលនោះ។ 
 
លោក ហេង សារិទ្ធ ពេលផ្តល់បទសម្ភាសនាថ្ងៃបើកកម្មវិធី ACYLP។

លោក ហេង សារិទ្ធ លើកឡើងដូច្នេះថា៖« ពេលគាត់ស្ម័គ្រចិត្ត ធ្វើឱ្យការយល់ដឹងពីបញ្ហាអាស៊ានកាន់តែខ្លាំងពាក់ព័ន្ធចំណេះដឹងទូទៅពាក់ព័ន្ធអាស៊ាន ដៃគូទំនាក់ទំនងអាស៊ាន ជាមួយប្រទេសផ្សេងៗពិសេសចិន ដោយសារចិនគាត់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយហើយ នៅជិតតំបន់អាស៊ីគ្នេយ៍ជាងគេ និងជាដៃគូពាណិជ្ជកម្មធំរបស់អាស៊ាន»។ 
 
សូមបញ្ជាក់ថា កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន ឬ ACYLP ត្រូវបានឧបត្ថមដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិសហប្រតិបត្តិការចិន-អាស៊ាន (ACCF)។ កម្មវិធីនេះក៏ត្រូវបានគាំទ្រដោយក្រុមហ៊ុន Huawei ផងដែរ។ កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន ឬ ACYLP ត្រូវបានរៀបចំដោយមូលនិធិអាស៊ាន( ASEAN Foundation) ដើម្បីផ្តល់វេទិកាសម្រាប់យុវជនក្នុងការជជែកពិភាក្សាលើប្រធានបទ ទាក់ទងនឹងពាណិជ្ជកម្ម និងគោលនយោបាយសង្គម។ បន្ទាប់ពីជំនួបនេះ យុវជនមកពី១១ប្រទេស នឹងធ្វើដំណើរទៅកាន់ប្រាសាទនានាក្នុងតំបន់អង្គរ ដើម្បីស្វែងយល់ពីអរិយធម៌ និងវប្បធម៌ខ្មែរ៕
 






















Tag:
 Asean Foundation
© រក្សាសិទ្ធិដោយ thmeythmey.com