ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ ជឿថានឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់វិញ ក្នុងឆ្នាំ២០២៥
21, Jun 2023 , 3:09 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
រយៈពេល៥ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,១៦លាននាក់ ដែលមានអត្រាកំណើនដល់៥៣០ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំ២០២២។ ជុំវិញនូវកំណើនយ៉ាងគំហុកនេះ លោក ថោង​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងខ្ពស់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេចរអន្តរជាតិប្រមាណ ៤,៥លាននាក់  ហើយនឹងកើនដល់៧លានវិញនៅក្នុងឆ្នាំ២០២៥។

 
រដ្ឋាភិបាល​បានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» នៅ​លើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ​-១៩។
 
លើសពីនេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រការបើកដំណើរការ និងការកែលម្អអាជីវកម្មក្នុងវិស័យទេសចរណ៍ឡើងវិញ។  ដូចជា៖ គម្រោងសហហិរញ្ញប្បទានស្តារវិស័យ​ទេសចរណ៍, ការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងការបណ្តុះបណ្តាល​ជូនបុគ្គលិកក្នុងវិស័យ​ទេសចរណ៍ ជាដើម​។
 
ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍, ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងលើកទិសដៅលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី២១មិថុនា លោក ថោង ខុន បានលើកឡើងថា ផ្អែកលើមូលដ្ឋានវិជ្ជមានទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចមុនវិបត្តិជំងឺកូវីដ-១៩ ពោលគឺ ប្រមាណ៧លាននាក់នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅក្នុងឆ្នាំ២០២៦។ 
 
«ចំនួនទេសចរអន្តរជាតិដែលយើងខ្ពស់នឹងទទួលបាននេះ គឺវាចែងក្នុងផែនទីចង្អុលផ្លូវឆ្នាំ២០២៤ គឺជាឆ្នាំគោល នៃដំណាក់កាលទី៣-ការឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (Relaunch) ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ មានភាពប្រកួតប្រជែង និងភាពធន់ខ្ពស់ជាងមុន»។ នេះជាលើកឡើងរប​​ស់ ថោង​ ខុន ដោយបានបន្តថា៖ «ការណ៍នេះ​ គឺទាមទារឱ្យយើងត្រូវរួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ, ពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាឱ្យបានផុលផុសពីគ្រប់ក្រសួង ស្ថាប័ន ភាគី​ពាក់ព័ន្ធ នៅគ្រប់កម្រិត គ្រប់ថ្នាក់, ផ្នែកឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានទស្សនៈ ក៏ដូចជាធាតុចូលថ្មីៗបន្ថែមទៀតក្នុងការអនុវត្តវិធានការគន្លឹះនានាដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍កម្ពុជា»។
 
ជាលទ្ធផល នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២,២ លាននាក់ កើនឡើងក្នុងអត្រា១ ០៥៩ភាគរយ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួន១៣,៩លាននាក់ កើនឡើងក្នុងអត្រា១៩៩ភាគរយ ធៀបនឹងឆ្នាំ២០២១។ 
 
សម្រាប់រយៈពេល៥ខែមកនេះ មានភ្ញៀវទេសចរអន្តរជាតិជាង២,១៦លាននាក់ បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន ៥៣០ភាគរយ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង ៧៦,៤ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។  លោក ថោង ខុន ជឿជាក់ថា៖ «ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤,៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com