ជាតិ
គ.ជ.ប បានផ្ដល់ប័ណ្ណសម្គាល់ខ្លួន ដល់អ្នកសង្កេតការណ៍បោះឆ្នោតជាង ៧ម៉ឺននាក់
21, Jun 2023 , 8:59 pm        
រូបភាព
ដោយ:
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ដល់ប័ណ្ណសម្គាល់ខ្លួន ដល់អ្នកសង្កេតការណ៍បោះឆ្នោត ៧៤៣៤១នាក់។ បច្ចុប្បន្ន គ.ជ.ប កំពុងបន្តត្រួតពិនិត្យផ្ដល់បណ្ណ ឱ្យទៅស្ថាប័ននិងសមាគមន៍ចំនួន៨ទៀត ដែលស្មើ ៤៥២៩នាក់។



លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ថា អ្នកសង្កេតការណ៍អន្តរជាតិពុំទាន់មានការស្នើសុំមកកាន់ គ.ជ.ប នោះទេ ពោលគឺមានតែភ្ញៀវពិសេស ចំនួន ៦រូប ដែលមកពីប្រទេសបារាំងចំនួន ២រូប, មកពីប្រទេសជប៉ុន១រូប និងមកពីស្ថានទូតរុស្ស៊ី ៣រូប។ ភ្ញៀវពិសេសចំនួន ៣រូបនេះ ត្រូវបាន គ.ជ.ប ផ្ដល់ប័ណ្ណជូនក្នុងនាមជាភ្ញៀវពិសេស ដើម្បីតាមដានសង្កេតមើលដំណើរការបោះឆ្នោតនៅកម្ពុជា។
  

លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គជប

 
ដោយឡែក គ.ជ.ប បានផ្ដល់ប័ណ្ណសម្គាល់ខ្លួន ដល់អ្នកសារព័ត៌មានជាតិមាន ៦៧អង្គភាព ក្នុងនោះមានចំនួន ៧៤២នាក់ និងអ្នកសារព័ត៌មានអន្តរជាតិ ២៣អង្គភាព ក្នុងនោះមានចំនួន ៨០៣នាក់។ អ្នកសារព័ត៌មាន ចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណិត្តទី៧នេះ ច្រើនជាងឆ្នាំ២០២២។ 
 
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖«ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ ភ្ញៀវពិសេសេ និងអ្នកសារព័ត៌មានទាំងអស់ គឺជាការផ្ដល់ទំនុកចិត្តមួយយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោត។ ពិសេសប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត គាត់បានយល់ដឹង និងក្ដីសង្ឃឹមក្នុងការបោះឆ្នោត ដែលមានអ្នកសង្កេតការណ៍ជាសាក្សីរស់ ដើម្បីជំរុញឱ្យពលរដ្ឋមានទំនុកចិត្តក្នុងការបោះឆ្នោត»។ 
 
សូមជម្រាបថា គ.ជ.ប បានប្រកាសទទួលពាក្យអ្នកសង្កេតការណ៍ជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា និងទទួលពាក្យអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណិត្តទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
 

Tag:
 អ្នកសង្កេតការណ៍បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com