អន្តរជាតិ
ឥណ្ឌា​នឹង​ផ្តល់​នាវា​ចម្បាំង​​មួយ​គ្រឿង​ដល់​វៀតណាម​ ​ខណៈ​​ប្រទេស​ទាំង​ពីរ​ពង្រឹង​ចំណង​ការពារ​ជាតិ​
21, Jun 2023 , 9:29 pm        
រូបភាព
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ត្រួត​ពល​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ត្រួត​ពល​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៦។
ដោយ: VOA
ប្រទេស​ឥណ្ឌា​និយាយ​ថា​ ខ្លួន​នឹង​ផ្តល់​នាវាចម្បាំងមួយ​គ្រឿង​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ ​នៅ​ក្នុងការ​បង្ហាញសញ្ញា​ចុងក្រោយ​ថ្មី​បំផុតមួយ​ ដើម្បី​ពង្រឹងវិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មាន​ការ​ព្រួយបារម្ភ​ដូច​គ្នាពី​ភាព​ដ៏​គឃ្លើន​របស់​ចិន។​

 
សេចក្តី​ប្រកាសដែល​ថារដ្ឋាភិបាល​ក្រុង​ញូវដែលី​នឹង​ផ្តល់​នាវា​ចម្បាំង​ធុនតូចដែល​បំពាក់​មីស៊ីល​របស់​ឥណ្ឌា​ដែល​មាន​ឈ្មោះ​ថា ​INS Kirpan ទៅ​ឱ្យវៀតណាម​នោះ ​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្រោយ​ជំនួបមួយ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិឥណ្ឌា​លោក ​Rajnath Singh និងរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ ​លោក​ឧត្តមសេនីយ៍​ Phan Van Gang​ នៅ​ក្នុង​រដ្ឋធានី​ញូវដែលី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។​ ​
 
អ្នក​វិភាគ​ឯករាជ្យ​ផ្នែក​ការពារ​ជាតិលោក​ Rahul Bedi បាន​ឱ្យ​ដឹង​ថា​ «នាវា​បំពាក់​មីស៊ីល​ ​នេះ ​ជានាវា​ចម្បាំង​ប្រភេទ​តូច​មួយ​ ដែល​អាច​ប្រើប្រាស់​ជា​សំខាន់​ទៅ​លើ​ការពារ​ដែន​សមុទ្រ»។
 
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ រដ្ឋាភិបាល​ឥណ្ឌា​និយាយ​ថា​ ការ​ផ្តល់​នាវា​ចម្បាំងទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​គឺ​ជារបត់​ដ៏​សំខាន់​មួយ​ ក្នុង​ការលើក​កម្ពស់សមត្ថភាពកងទ័ព​ជើងទឹកវៀតណាម។​
 
ការ​ផ្តោត​ជា​សំខាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ មក​កាន់​ប្រទេស​ឥណ្ឌា​នេះ​ គឺដើម្បី​បង្កើត​ទំនាក់ទំនង​យោធា​ជា​មួយ​រដ្ឋាភិបាល​ក្រុងញូវដែលី។ ​លោក​ក៏​បាន​ពិភាក្សា​ពី​វិធី​នានា​ ដើម្បី​បង្កើនសមត្ថភាព​ឧស្សាហកម្ម​ការពារ​ជាតិ​ ​ ដោយ​រួម​សហ​ប្រតិបត្តិការស្រាវជ្រាវ​ផ្នែក​ការពារ​ជាតិ​ និង​ការ​ផលិតរួម​គ្នា​ផង​ដែរ។​ ​នេះ​បើ​យោង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍ដដែល​នោះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com