អន្តរជាតិ
ការ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​នៅ​រដ្ឋធានី​នៃ​ប្រទេស​ស៊ូដង់ នៅ​ពេល​កិច្ច​ឈប់​បាញ់​គ្នា​ផុត​កំណត់
22, Jun 2023 , 7:29 pm        
រូបភាព
កុមារ​ម្នាក់​កាន់​ថង់​នំប៉័ង​ពេល​ដើរ​តាម​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ខាទុំ ប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣។
កុមារ​ម្នាក់​កាន់​ថង់​នំប៉័ង​ពេល​ដើរ​តាម​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ខាទុំ ប្រទេស​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣។
ដោយ: VOA
ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​ផ្ទុះ​ឡើង​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​រដ្ឋធានី​ខាទុំ ​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ​ពុធ​នេះ ស្រប​ពេល​កិច្ច​ឈប់​បាញ់​គ្នា​រយៈពេល ៧២ ម៉ោង ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ការ​រំលោភ​បំពាន ​បាន​ផុត​កំណត់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក។

 
ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​កិច្ច​ឈប់​បាញ់​គ្នា​នេះ​បាន​ផុត​កំណត់​នៅ​ម៉ោង ៦ ព្រឹក ម៉ោង​នៅ​ក្នុង​ប្រទេស​ស៊ូដង់ មាន​ការ​រាយការណ៍​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង​ទាំង ៣ នៅ​ជុំវិញ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​នីល​នៃ​តំបន់​រដ្ឋធានី​ខាទុំ ដែល​នោះ​គឺ​ទីក្រុង​ខាទុំ ទីក្រុង Bahri និង​ទីក្រុង Omdurman។
 
យោធា​ស៊ូដង់​និង​កង​កម្លាំង​ជំនួយ​រហ័ស (RSF) បាន​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាង ២ ខែ​មក​ហើយ ដោយ​ធ្វើ​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ដល់​រដ្ឋធានី​ខាទុំ បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ទូទៅ​នៅ​ក្នុង​តំបន់ Darfur នៅ​ភាគ​ខាង​លិច និង​បណ្ដាល​ឱ្យ​មនុស្ស​ជាង ២,៥ លាន​នាក់​រត់​គេច​ពី​ផ្ទះ​សម្បែង។
 
អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា យន្តហោះ​យោធា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ទីក្រុង Bahri ហើយ​កង​កម្លាំង RSF បាន​ឆ្លើយតប​ដោយ​ការ​បាញ់​យន្តហោះ​នោះ។ ពួកគេ​បាន​រាយការណ៍​ថា មាន​ការ​បាញ់​កាំភ្លើង​ធំ​និង​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ក្នុង​ទីក្រុង Omdurman និង​ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​គោក​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ខាទុំ។
 
ពលរដ្ឋ​មូលដ្ឋាន​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ជិត​បន្ទាយ​យោធា​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ South Kordofan ដែល​នៅ​ទី​នោះ កង​កម្លាំង​ឧទ្ទាម​ដ៏​ធំ​មួយ​ដែល​មិន​ទាន់​ចង​សម្ព័ន្ធ​ជាមួយ​នឹង​ភាគី​ណា​មួយ​នៃ​ជម្លោះ​នេះ​កំពុងកេណ្ឌ​ទ័ព។
 
កិច្ច​ឈប់​បាញ់​គ្នា​នេះ​គឺ​ជា​កិច្ច​ឈប់​បាញ់​ថ្មីៗ​បំផុត​នៃ​កិច្ច​ឈប់​បាញ់​មួយ​ចំនួន​ដែល​បាន​សម្រប​សម្រួល​ឡើង​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ចរចា​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។
 
ដូច​ទៅ​នឹង​កិច្ច​ឈប់​បាញ់​គ្នា​កាលពី​លើក​មុនៗ​ដែរ មាន​សេចក្ដី​រាយការណ៍​ថា​មាន​ការ​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ឈប់​បាញ់​គ្នា​លើក​នេះ​ដោយ​ភាគី​ទាំង​ពីរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com