ជាតិ
អភិបាលខេត្តព្រះសីហនុ៖ អ្នកវិនិយោគដើមទុនក្រោម ៥លានដុល្លារ មិនចាំបាច់សុំសិទ្ធិពីCDCទេ
22, Jun 2023 , 9:59 pm        
រូបភាព
ដោយ:
អ្នកវិនិយោគដែលមានដើមទុនក្រាម ៥លានដុល្លារអាម៉េរិក មិនចាំបាច់សុំសិទ្ធវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នោះទេ គ្រាន់តែស្នើទៅអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា។



លោក គួច ចំរើន បានលើកឡើងថា ខេត្តព្រះសីហនុ មានសក្ដានុពលនិងជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់អ្នកវិនិយោគ។ បើតាមលោក ចំរើន រាជរដ្ឋាភិបាល បានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនៅចាំតែការពិនិត្យសម្រេចចុងក្រោយ ដើម្បីដាក់ឱ្យប្រើប្រាស់ផែនការមេនេះ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ចង្អុលទិសអភិវឌ្ឍន៍នៅក្នុងខេត្ត។ 
 

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
អភិបាលខេត្តព្រះសីហនុរូបនេះ បានបន្តថា រដ្ឋបាលខេត្តគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនៅខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះ ផ្តល់ភាពងាយស្រួលដល់អាជីវករ ពាណិជ្ជករសម្រាប់ការវិនិយោគនៅក្នុងខេត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមឱ្យកាន់តែល្អប្រសើរ។
 
លោក គួច ចំរើន បានបញ្ជាក់ថា៖«ចាប់ពីខែកញ្ញាតទៅ អ្នកដែលវិនិយោគមានដើមទុកក្រោម ៥លានដុល្លាអាម៉េរិក មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDCនោះទេ គ្រាន់តែស្នើសុំទៅអនុគណៈកម្មការវិនិយោគខេត្ត និងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាលសម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ»។
 
លោក គួច ចំរើន បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានយកចិត្តទុកដាក់ពី CDC ដើម្បីលើកទឹកចិត្អអ្នកវិនិយោគ ចាប់យកឱកាសបោះទុនរកស៊ីនៅកម្ពុជា។ 
ជាក់ស្ដែងក្រុមហ៊ុនមួយ កំពុងរៀបចំកែលម្អតារាងវាយកូនហ្គោលនៅតំបន់រាម។ នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់ សណ្ឋាគារ ខុនដូរ ផ្សារ និងសួនចញ្ចឹមត្រី ដែលនេះជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ លើកមុខមាត់នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមលោក ចំរើន៕
 

Tag:
 ការវិនិយោគ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com