ជាតិ
ផែថ្មីតម្លៃជាង៣លានដុល្លានៅកោះកុង នឹងជួយតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រឱ្យកាន់តែសម្បូរបែប
23, Jun 2023 , 6:59 pm        
រូបភាព
កំពង់ផែដងទង់ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ ក្រសួងសាធារណការ
កំពង់ផែដងទង់ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
កំពង់ផែដងទង់ដែលអាចផ្ទុកនាវាឱ្យចូលចតបានដល់ទម្ងន់២០០០តោន ស្ថិតនៅទឹកដីខេត្តកោះកុង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី២៣មិថុនានេះ តទៅ។​ ផែថ្មីតម្លៃជាង៣លានដុល្លារនេះ នឹងជួយលើកកម្ពស់ការតភ្ជាប់និងភាពសម្បូរបែបនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រដល់អ្នកជំនួញ អាជីវករ និងពាណិជ្ជករផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព។

 
 
កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ ក្នុងខេត្តតំបន់ឆ្នេរទាំង៤នៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែនេះ នាព្រឹកថ្ងៃទី២៣មិថុនា ឆ្នាំ២០២៣។ លោក​បានបញ្ជាក់ថា កំពង់ផែនេះ នឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ 
 
បើតាមលោក ស៊ុន ចាន់ថុល កំពង់ផែដងទង់ មានបណ្តោយប្រវែង១១៥ម៉ែត្រ ទទឹងប្រវែង១៦,៥០ម៉ែត្រ ជាមួយជម្រៅទឹកពី៤ម៉ែត្រទៅ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចឱ្យចូលចតបាន។ 
 
លោកបានបន្តរៀបរាប់ថា ការសាងសង់កំពង់ផែបេតុងនេះប្រើប្រាស់ថវិកាជាតិអស់១២,៨៩៧ពាន់លានរៀល (ប្រមាណជាង៣លានដុល្លារអាម៉េរិក)។ ទំំហំចំណាយនេះ គឺមិនរាប់បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា ស្ពានបេតុងភ្ជាប់ទៅផែ, ផ្លូវបេតុងចេញចូលផែ, អគារអ្នកដំណើររង់ចាំ, អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វា​ រជាដើម។
 
សម្រាប់ខេត្តកោះកុង ក៏ទទួលបានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀតពីរដ្ឋាភិបាល ផងដែរ។ ក្នុងនោះ មានការសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិសាត់ និងបន្តដល់ខេត្តបាត់ដំបង៕
 
 

Tag:
 កំពង់ផែដងទង់
© រក្សាសិទ្ធិដោយ thmeythmey.com