អន្តរជាតិ
​អាមេរិក​មិន​ដកថយ​ពី​អត្ថាធិប្បាយ​របស់​លោក Biden ​ដែល​ថា​លោក Xi ​ជា​មេដឹកនាំ​ផ្តាច់ការ
23, Jun 2023 , 8:29 pm        
រូបភាព
លោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping
លោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping
ដោយ: VOA
សេតវិមាន​មិន​ដកថយ​ពី​អត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី​ Joe Biden ​ដែល​ប្រៀបធៀប​ប្រធានាធិបតី​ចិន​ លោក Xi Jinping ​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ទេ។

 
មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​មក​ឱ្យ​វីអូអេ​ កាលពី​ថ្ងៃពុធ​ថា៖​«គ្មាន​អ្វីគួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​លោក​ប្រធានាធិបតី​និយាយ​ត្រង់ៗ​អំពី​ចិន ​និង​អំពី​ការខ្វែង​គំនិតគ្នា​ដែល​យើង​មាន​។ មិនមែន​មាន​តែ​យើង​ដែល​និយាយ​អ៊ីចឹង​ទេ‍»។
 
នៅក្នុង​ពិធី​អង្គាស​ប្រាក់​មួយ​នៅ​រដ្ឋ California ​សម្រាប់​យុទ្ធនាការ​រកសំឡេងឆ្នោត​ឆ្នាំ២០២៤​របស់​លោក​កាលពី​ថ្ងៃអង្គារ ​លោក Biden ​បាន​ថ្លែង​ថា​លោក Xi ​មិន​បាន​ដឹង​ហើយ​មាន​ការ​អាម៉ាសមុខ​ចំពោះ​រឿង​បាឡុង​ចារកម្ម​របស់​ចិន​លើ​ដែនដី​អាមេរិក ​ដែល​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​កាលពី​ខែកុម្ភៈ​នោះ។
 
លោក Biden ​ថ្លែង​ថា៖ «នេះ​ជា​រឿង​អាម៉ាសមុខ​យ៉ាងខ្លាំង​មួយ​សម្រាប់​ពួកមេដឹកនាំ​ផ្តាច់ការ​ នៅពេល​ដែល ​ពួកគេ​មិនដឹង​ថា​មាន​រឿងអ្វី​កើតឡើង។ នៅពេល​ដែល​យើង​បាន​បាញ់​ទម្លាក់​ លោក​អាម៉ាសមុខ​យ៉ាងខ្លាំង។ លោក​បាន​បដិសេធ​ថា​អត់​មាន​(បាឡុង)​នៅ​ទីនោះ​ទេ‍»។
 
ក្រសួង​ការបរទេស​ចិន​បាន​តបត​វិញ ​ដោយ​និយាយ​ថា​ការកត់សម្គាល់​របស់​លោក Biden ​«បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិត្តិយស​នយោបាយ​របស់​ប្រទេស​ចិន ​និង​ប្រៀប​ដូចជា​ការបង្កហេតុ​នយោបាយ​ជា​សាធារណៈ»។
 
តាម​ធម្មតា​អ្នកកាសែត​ត្រូវហាម​មិនឱ្យ​ថត​សំឡេង​ឬ​រូបភាព​នៅក្នុង​ពិធី​អង្គាស​ប្រាក់​បែប​នេះ​ទេ ​ប៉ុន្តែ​សេតវិមាន​បាន​ផ្តល់​កំណត់ត្រា​អត្ថាធិប្បាយ​របស់​លោក Biden។
 
អត្ថាធិប្បាយ​នេះ​នាំ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ជាពិសេស ​ដោយសារ​បាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​លោក​រដ្ឋមន្ត្រី​ការបរទេស ​Antony Blinken ​បាន​ធ្វើទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉េកាំង ​ដើម្បី​កែលំអរ​ចំណង​ទាក់ទង​ទ្វេភាគី​ ដែល​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ទស្សនកិច្ច​របស់​លោក Blinken ​ដែល​ដំបូង​គ្រោង​ធ្វើឡើង​កាលពី​ខែកុម្ភៈ​នោះ ​ត្រូវ​បាន​ពន្យារពេល​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បន្ទាប់ពី​ការបាញ់​ទម្លាក់​បាឡុង​ចារកម្ម​របស់ចិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com