អន្តរជាតិ
អ្នកជំនាញ​សិទ្ធិមនុស្ស UN អំពាវនាវ​ឱ្យ​មាន​វិធីសាស្រ្ត​ថ្មី​ចំពោះ​វិបត្តិ​មីយ៉ាន់ម៉ា
24, Jun 2023 , 11:39 am        
រូបភាព
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាលោក Tom Andrews
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាលោក Tom Andrews
ដោយ: VOA
អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​កាលពីថ្ងៃពុធ​កន្លងមក​​ថា​ សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​ចាត់វិធានការ​ផ្សេង​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​នេះ​។

 
លោក Tom Andrews ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថា​៖ «ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ថា​វិបត្តិ​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ក្លាយ​ទៅជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​នៃ​ពិភពលោក​មើល​មិន​ឃើញ​ ហើយ​រដ្ឋាភិបាល​មួយ​ចំនួន​កំពុង​ចាប់ផ្តើម​គិតថា​ របប​ផ្តាច់ការ​របស់​របប​យោធា​គឺ​ជៀស​មិនរួច។ ការនិយាយ​ដូច​នេះ​គឺ​ពិតជា​អ្វី​ដែល​របប​យោធា​ចង់​បាន​ និង​ត្រូវការ​ដើម្បី​យក​ឈ្នះ»។
 
លោក Andrews ​បាន​និយាយ​ថា​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មិនគួរ​ចូលរួម​ធ្វើការជាមួយ​មេដឹកនាំ​យោធា​របស់​មីយ៉ាន់ម៉ា​ទេ​ ដោយសារ​កង្វះ​វឌ្ឍនភាព​ក្នុង​ការអនុវត្ត​ផែនការ​សន្តិភាព​ចំនួន​ប្រាំ​ចំណុច​ដែល​បាន​ព្រមព្រៀង​កាលពី​ពីរ​ឆ្នាំ​មុន។
 
លោក​ Andrews បាន​បន្ថែម​ថា៖ «វា​ដល់​ពេល​ដែល​ត្រូវ​ពិចារណា​ជម្រើស​ផ្សេង​ ដើម្បី​បំបែក​ភាព ជាប់គាំង​ដ៏​ប្រល័យ។ ខ្ញុំ​សូម​ជំរុញ​ឱ្យ​អាស៊ាន​ចាត់​វិធានការ​ ដើម្បី​ឲ្យ​របប​យោធា​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខ្លួន​ និង​ការមិន​យក​ចិត្ត​ទុកដាក់​យ៉ាង​ច្បាស់​ក្រឡែតចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រាំ​ចំណុច​នោះ»។
 
យោធា​មីយ៉ាន់ម៉ា​បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ​ ឆ្នាំ២០២១​ ដោយ​ចោទប្រកាន់​ពី​ការក្លែង​បន្លំ​ការបោះឆ្នោត​ដ៏ធំ​ បន្ទាប់ពី​គណបក្ស​នយោបាយ​របស់​ពួកគេ​ទទួលបាន​អាសនៈ​សភា​ត្រឹមតែ​៣៣​ ក្នុង​ចំណោម​៤៩៨​ ប៉ុណ្ណោះ។ ចាប់​តាំងពី​ពេលនោះ​មក​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​ជនស៊ីវិល​យ៉ាងតិច​៣០០០​នាក់​ត្រូវ​បាន​សម្លាប់​ ជាង​១៧.៥០០​ នាក់​ត្រូវ​បាន​ឃុំខ្លួន​ និង​ជាង​មួយ​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ ខណៈដែល​យោធា​បន្ត​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​ខ្លួន​ដើម្បី​រក្សា​អំណាច៕​
 
អ្នកស្រី ​Margaret Besheer បានចូលរួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។​ ​ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​បាន​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង Reuters
 

© រក្សាសិទ្ធិដោយ thmeythmey.com