ជាតិ
សម្ដេច ហ៊ុន សែន ចង់បានអាយុ១១០ ឆ្នាំ
25, Jun 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ «វាឆ្ងាយថត្រង់ថា ៥ឆ្នាំមុនមកជួប ៥ឆ្នាំក្រោយសួរថាតើចាស់ឬក្មេង ទៅជាក្មេងជាង៥ឆ្នាំមុនទៀត។ តែកម្លាំងមិនបញ្ហាទេសុខភាព​ ហើយមិញចេះតែឱ្យពរដល់អាយុ១០០ឆ្នាំ អត់ទេពូ[សម្ដេច ហ៊ុន សែន] ចង់បាន១១០ឆ្នាំ»។ សម្ដេច ហ៊ុន សែន បានឆ្លើយតបបែបនេះ ចំពោះកម្មកររោងចក្រជាង២ ម៉ឺននាក់ នៅស្វាយរៀង ដែលពួកគេបានលើកសរសើរពីសម្រស់របស់សម្ដេចក្នុងឱកាសជួបសំណេះសំណាលមុនពិធីចាប់ផ្ដើម។



នាពិធីជួបសំណេះសំណាលជាមួយកម្មករ និយោ​ជិត នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២៥ ខែ មិថុនានេះ សម្ដេច ហ៊ុន សែន បានអះអាងថា សម្ដេច ចង់បានអាយុដល់១១០ឆ្នាំ ឬត្រឹមអាយុ១០០ឆ្នាំ។ ការចង់បានរបស់សម្ដេចដូច្នេះ ក៏ព្រោះតែ វង្សក្រកូលរបស់សម្ដេច សុទ្ធតែមានអាយុវែង ដែលរស់បានរហូតដល់អាយុជាង១០០ឆ្នាំ ឬជាង៩០ឆ្នាំឯណោះ។ 
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ « ប៉ុន្តែបើរស់បានត្រឹមអាយុ១០០ឆ្នាំ វាអស្ចារ្យណាស់ទៅហើយ ។ ប៉ុន្តែឪពុកមារបស់ពូ ដែលទើបចែកឋានទៅដែលគេហៅថា ជាអ្នកចុងក្រោយបំផុត គាត់បានព្រះជន្ម ១០៣។ ជីដូនជីតារបស់ពូ  ជីដូន បាន៩២ឆ្នាំ  ជីតា បាន៩៣ឆ្នាំ ឪពុក របស់ពូ ក៏បាន៩០ ដែរ ។ អ៊ីចឹងសង្ឃឹម ថាពូមិនទាបជាង៩០ទេ»៕ 
 
 
 
 
 

Tag:
 សម្ដេច ហ៊ុន​ សែន
© រក្សាសិទ្ធិដោយ thmeythmey.com