ជាតិ
ចម្រឹងបង្អួចថ្មភក់កម្ពស់ជិត២ម៉ែត្រ ប្រាសាទអង្គរវត្ត ត្រូវបានដំឡើងឡើងវិញ
25, Jun 2023 , 2:59 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត ដែលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់រាយប៉ាយ ឱ្យនៅតាមកន្លែងដើមឡើងវិញ បន្ទាប់ពីជុសជុលរួចរាល់។ ចម្រឹងបង្អួចនេះ មានទម្ងន់ជាង ៥០-៦០ គីឡូក្រាម និងមានកម្ពស់ ១,៧៥ម៉ែត្រ ស្ថិតនៅរួតទី២នៃប្រាសាទអង្គរវត្ត។



បើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញ បានជុសជុល ដោយដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា និងព្យាយាមមិនយកថ្មថ្មីមកជំនួសឡើយ។ ចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ ត្រូវបានចាប់ផ្តើមជួសជុលតាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ 
 
លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកឡើងថាការជួសជុលចម្រឹងបង្អួចនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងទៅមុខទៀតផង។
 
គួរបញ្ជាក់ថា ការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕
 

Tag:
 ប្រាសាទអង្គរវត្ត
  ចម្រឹងបង្អួចថ្មភក់
© រក្សាសិទ្ធិដោយ thmeythmey.com