ជាតិ
អភិបាលខេត្តមណ្ឌលគិរី ដាំដើមក្ងោកតាមផ្លូវចំនួន ៨០០ដើមដើម្បីបង្កើនសម្រស់ខេត្ត និងទាក់ទាញទេសចរ
25, Jun 2023 , 4:29 pm        
រូបភាព
ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងក្រុមការងារ បានដាំដើមក្ងោកតាមសងខាងបណ្ដោយផ្លូវជាតិលេខ ៧៦ ចាប់ពីចំណុចវិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតនៅស្រុកកែវសីមា។ បើតាមអភិបាលរូបនេះ គោលបំណង នៃការដាំក្ងោក ដើម្បីបង្កើនសម្រស់ខេត្ត និងទាក់ទាញភ្ញៀវទេសចរ។



រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមយុវជនជាច្រើនរូប បានរួមគ្នាចុះដាំដើមក្ងោក នៅតាមបណ្តោយផ្លូវ ដើម្បីបង្កើនទេសភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរ។ ដើមក្ងោកទាំងនេះ ក៏ជាចំណែកមួយ នៃដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់សម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។ 
 
ជាមួយគ្នានេះ លោក ថង សាវុន លើកឡើងថា  ដើម្បីសម្រួលដល់ក្រុមការងារដាំដើមក្ងោកសម្រេចតាមផែនការបានគ្រោងទុក លោកបានស្នើដល់រដ្ឋបាលស្រុកកែវសីមា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ ៧៦ ចូលរួមសហការអនុវត្តន៍ឱ្យបានល្អប្រសើរ។ យ៉ាងណាមិញ អភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារ ដើមក្ងោកដែលដាំនេះ រួមទាំងធនធានធម្មជាតិ ឱ្យបានល្អប្រសើរផងដែរ៕ 
 

Tag:
 ThmeyThmey
  មណ្ឌលគិរី
  ដើមក្ងោក
© រក្សាសិទ្ធិដោយ thmeythmey.com