អន្តរជាតិ
តើលោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីជានរណា?
25, Jun 2023 , 7:29 pm        
រូបភាព
លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតនៅក្នុងតំបន់មួយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៣ ខែមីនា
លោក Yevgeny Prigozhin មេក្រុមទាហានស៊ីឈ្នួល Wagner ស្ថិតនៅក្នុងតំបន់មួយក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៣ ខែមីនា
ដោយ: VOA
កាល​ពីថ្ងៃ​សៅរ៍ ​ទី២៤ ខែ​មិថុនា ​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​រុស្ស៊ី​ លោក​ Yevgeny Prigozhin ​បាន​និយាយ​ថា ​លោក​បាន​កាន់កាប់​ក្រុង​ Rostov-on-Don ​នៃ​ប្រទេស​រុស្ស៊ី​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​បណ្តេញពួក​មេ​ដឹកនាំ​យោធា​ពី​អំណាច។​ អាជ្ញាធរ​និយាយ​ថា ​វា​ជា​ការ​បះបោរ​ប្រដាប់​អាវុធ។​



ត​ទៅ​នេះ​ជា​ការ​ពិត​ខ្លះ​អំពី​អ្នក​ជំនួញ​នេះ​ដែល​ជា​ស្ថាបនិក​ក្រុម​ Wagner។​
 
តាមរយៈ​អាកប្បកិរិយា​គឃ្លើន ​សម្តី​អាក្រក់​និង​វត្តមាន​ញឹកញយ​នៅ​ជិត​ខ្សែ​ប្រយុទ្ធ​ជួរមុខ​ ​ លោក​ Yevgeny Prigozhin ​ដែល​កោរ​សក់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​លេច​មុខ​ច្រើន​ជាង​គេ​បំផុត​ក្នុង​សង្គ្រាម​ដោយ​លោក​បាន​ជ្រើសរើស​អ្នក​ទោស​រុស្ស៊ី​រាប់​ពាន់​នាក់​ជា​កម្លាំង​ប្រយុទ្ធ​របស់​ក្រុម ​Wagner ហើយ​បាន​ឈ្លោះ​ដោយ​ចំហ​ជា​មួយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​អំពី​ផែន​ការ​យោធា​និង​ការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ។​
 
លោក ​Prigozhin​ អាយុ​៦២​ឆ្នាំ​ច្រើន​ទសវត្សរ៍​មក​ហើយ​ត្រូវ​គេ​ស្គាល់​ថា​ ជា​«មេ​ចុងភៅ​របស់​លោក​ Putin» ​ដោយ​សារ​ពី​ដើម​ឡើយ​ ​លោក​មាន​ក្រុមហ៊ុន​ចុះ​កុងត្រា​ធ្វើ​ម្ហូប​ឱ្យ​វិមាន​ក្រឹមឡាំង។​ គេ​ដឹង​មិន​ច្បាស់​ទេ​ថាតើ​លោក​និង​លោក​ Putin ​ប្រធានាធិបតី​រុស្ស៊ី​ជិត​ស្និទ្ធ​នឹង​គ្នា​កម្រិត​ណា​ តែ​លោក​ទាំង​ពីរ​នាក់​នេះ​បាន​ស្គាល់​គ្នា ​ហើយ​បាន​កើត​និង​រស់​នៅ​ក្នុង​ក្រុង​ St Petersburg ដូចគ្នា។​
 
ក្រោយ​ពី​បាន​ជាប់​គុក​រយៈពេល​យូរ​ក្នុង​ទស​វត្សរ៍​១៩៨០ លោក​ Prigozhin​ បាន​ចាប់​ផ្តើម​លក់ សាច់ក្រក​ hotdogs​ នៅ​ក្នុងក្រុង​កំណើត​របស់​លោក។ ​បន្ទាប់​មក​លោក​បាន​ចាប់​ផ្តើម​ចូល​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​ទំនើបៗ​ ហើយ​ជា​យថាហេតុ​លោក​បាន​បើក​ភោជនីយដ្ឋាន​និង​ក្រុមហ៊ុនធ្វើ​ម្ហូប​អាហារ​របស់​លោក​ផ្ទាល់។​
 
ភោជនីយដ្ឋាន​របស់​លោក​ល្បី​ឈ្មោះ​ដោយ​សារ​មាន​ម្ហូប​ឆ្ងាញ់​ពិសារ​ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន​ទទួល​ភ្ញៀវ​ជា​ឥស្សរជន​ក្រុង​រួមមាន​លោក​ Vladimir Putin ​ដែល​កាល​នោះ​ជា​អភិបាល​រង​ក្រុង​ផង​ដែរ។​
 
ពី​ទី​នោះ ​ក្រុមហ៊ុន​ធ្វើ​អាហារ​របស់​លោក ដែល​មាន​ឈ្មោះថា ​Concord​ បាន​ចាប់​ផ្តើម​ទទួល​បាន​កុងត្រា​ផ្គត់ផ្គង់​អាហារ​ឱ្យ​រដ្ឋាភិបាល ​ហើយ​បាន​ពង្រីក​ប្រតិបត្តិការ​ដល់​កម្រិត​ធំ​ឡើងៗ។​
លោក ​Prigozhin ​បាន​ទទួល​ស្គាល់​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ថា​ លោក​បាន​បង្កើត​កង​យោធា​ឯកជន​នេះ​កាលពី​ឆ្នាំ​២០១៤ ​ជា​ឆ្នាំ​ដែល​រុស្ស៊ី​បាន​យក​តំបន់​គ្រីម៉េ​ពី​អ៊ុយក្រែន​មក​កាន់​កាប់។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ជា​សាធារណៈ​លើក​ដំបូង​អំពី​ចំណង​ទាក់ទង​ដែល​លោក​បាន​បដិសេធ​កាលពី​មុន ​ហើយ​លោក​បាន​ប្តឹង​អ្នក​កាសែត​ដែល​រាយ​ការណ៍​អំពី​រឿង​នេះ។​ ក្រុម Wagner ​បាន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​លីប៊ី ​ស៊ីរី​ សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​និង​ប្រទេស​ម៉ាលី ​និងក្នុងប្រទេស​ផ្សេងៗ​ទៀត។​
 
ក្រុម​នេះ​ក៏​បាន​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ទាមទារ​បំបែក​រដ្ឋ​នៅ​អ៊ុយក្រែន​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​បាន​ក្តាប់​យក​មួយ​ផ្នែក​នៃ​តំបន់ ​Donbas ​នា​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០១៤។​
 
កាល​ពី​ខែ​មុន ​ក្រុម ​Wagner ​បាន​វាយ​យក​ក្រុង​ Bakhmut ​នៅ​ផ្នែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ក្រោយ​ពី​ការ​ប្រយុទ្ធ​ខ្លះ​ក្នុង​បណ្តា​ការ​ប្រយុទ្ធ​គ្នាដ៏​ឃោរឃៅ​បំផុត​នៃ​សង្គ្រាម​នេះ។ ​ទោះជា​យ៉ាង​ណា​នៅ​ពេល​មាន​ការ​ប្រយុទ្ធ​នៅ​ទី​នោះ ​លោក​ Prigozhin ​បាន​បំពាន​ការ​ហាមប្រាម​មិន​ឱ្យ​និយាយ​អំពី​ប្រព័ន្ធ​នយោបាយ​គ្រប់គ្រង​តឹងរ៉ឹង​របស់​លោក​ Putin ​ដោយ​លោក​បាន​ប្រមាថ​មាក់​ងាយ​ឧត្តម​សេនីយ​ជាន់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ។​
 
បន្ទាប់​មក​ទៀត ​លោក​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​អរគុណ​វិមាន​ក្រឹមឡាំង​ ទោះ​ជា​ពេល​នោះ​លោក​បាន​និយាយ​ឡូឡា​អំពី​អំពើ​ក្បត់​របស់​ឧត្តម​សេនីយ​ជាន់​ខ្ពស់​របស់​លោក​ Putin ​ជា​ពិសេស​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក​ Sergei Shoigu ​និង​លោក ​Valery ​Gerasimov នាយ​អគ្គសេនាធិការ​ចម្រុះ​ក៏​ដោយ។​
 
នៅ​ក្នុង​វីដេអូ​របស់​លោក​ Prigozhin ​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ​ដែល​គេ​ចាំ​បំផុត​នោះ​ លោក​បាន​បង្ហាញ​រូបភាព​ក្រុម​ទាហាន​ស៊ី​ឈ្នួល ​Wagner ជា​ច្រើន​នាក់​ដែល​លោក​ថា​ ស្លាប់​ដោយ​សារ​កង្វះគ្រាប់​រំសេវ​បណ្តាល​មក​ពី​លោក ​Shoigu ​និង​លោក ​Gerasimov។​
 
ស.រ.អ.​និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លោក ​Prigozhin ​ដោយសារ​តួនាទី​របស់​លោក​ក្នុង​ក្រុម​ Wagner។ ​ប្រទេស​ទាំង​នេះ​ក៏បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ផ្តល់​ប្រាក់​ឱ្យ​ទីភ្នាក់ងារ​ស្រាវជ្រាវ​ Internet ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​ បាន​ប្រឹងប្រែង​ប្រើ​ឥទ្ធិពលរបស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ស.រ.អ.៕​
ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com