ជាតិ
ទោះមានពិការភាពជើងទាំងសងខាង យុវជន ស៊ន ខ្លី ប្ដេជ្ញារៀនរហូតដល់ចប់
25, Jun 2023 , 6:59 pm        
រូបភាព
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ ចង់មានការងារល្អ ចង់មានប្រាក់ខែសមរម្យ ទាំងនេះជាក្ដីស្រម៉ៃរបស់យុវជនមានពិការភាពជើងទាំងសងខាង ស៊ន ខ្លី តាំងពីវ័យកុមារភាពមកម្លេះ។ ទោះមានពិការភាពជើងពិបាកក្នុងការធ្វើដំណើរក្ដី ប៉ុន្តែ យុវជន ស៊ន ខ្លី តស៊ូរៀនសូត្រ ព្រោះរូបគេគិតថា មានតែការចំណេះវិជ្ជាតែមួយមុខគត់ ដែលជួយកែប្រែវាសនាខ្លួន ឆ្ពោះទៅរកឆាកជីវិតដ៏ល្អប្រសើរនាពេលអនាគត។



យុវជន ស៊ន ខ្លី ជានិស្សិតឆ្នាំទី២នៃសកលវិទ្យាល័យកម្ពុជា ដែលទទួលបានអាហារូបករណ៍១០០ភាគរយ សិក្សាលើជំនាញគណនេយ្យ។ យុវជនមកពីខេត្តតាកែវរូបនេះចង់ក្លាយជាគណនេយ្យករដ៏មានសមត្ថភាពមួយរូប និងមានរោងបោះពុម្ភផ្ទាល់ខ្លួនមួយនាថ្ងៃអនាគត។
  


យុវជន ស៊ន ខ្លី បានធំធាត់ក្នុងរង្វង់គ្រួសារមួយដែលមានសមាជិក៩នាក់ ហើយក្នុងនោះមានតែរូបគេម្នាក់គត់ដែលមានពិការភាព។ ស៊ន ខ្លី មានពិការភាពជើងទាំងសងខាងតាំងពីកំណើត ។ ក្នុងវ័យកុមារ ស៊ន ខ្លី បានចូលរៀនដូចក្មេងដ៏ទៃដែរ ដោយឪពុកម្ដាយ ឬប្អូន ជូនទៅសាលាជាប្រចាំ។ ប៉ុន្តែឡើងដល់ថ្នាក់អនុវិទ្យាល័យ ស៊ន ខ្លី ត្រូវធ្វើដំណើរទៅរៀនជាមួយមិត្តភក្តិវិញម្ដង។ ពេលនោះ ស៊ន ខ្លី ក៏មានសន្សំចិត្តចង់បោះបង់ការសិក្សាកណ្ដាលទី ដ្បិតតែរូបគេគិតថាជាបន្ទុកដល់គ្រួសារ និងមិត្តភក្តិទៅវិញ។ 
 
ស៊ន ខ្លី បានរៀបរាប់ដូច្នេះ៖  «នៅពេលនោះខ្ញុំទៅរៀនបាន ព្រោះពឹងពាក់មិត្តភក្កិសុំដោយសារទៅជាមួយ ថ្ងៃខ្លះបានទៅ ថ្ងៃខ្លះក៏មិនបានទៅ ព្រោះគេអត់បានមកយក។ អាស្រ័យហេតុនេះហើយ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាបន្ទុកដល់គេគ្រប់គ្នា ទាំងគ្រួសារនិងមិត្តភក្តិ រួចក៏បានសម្រេចចិត្តថាឈប់រៀននៅថ្នាក់ទី៩ ប៉ុន្ដែដោយមានការលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយនិងមនុស្សជុំវិញខ្លួនខ្ញុំក៏បានប្ដូរចិត្តរៀនបន្ដវិញ»។
  


ស៊ន ខ្លី បានបន្ថែមថា ខ្លួនមានភ័ព្វសំណាង ដែលមានមនុស្សជុំវិញខ្លូន តែងលើកទឹកចិត្ត ជាពិសេសពី លោកគ្រូ-អ្នកគ្រូ និងឪពុកម្តាយរបស់គេផងដែរ។ និយាយពីជីវិតសព្វថ្ងៃរបស់និស្សិត ស៊ន ខ្លីវិញ ខ្លី  មានម៉ូតូផ្ទាល់ខ្លួនកែឆ្នៃ សម្រាប់អ្នកមានពិការភាព ក្នុងការធ្វើដំណើរទៅមក។ ម៉ូតូនេះជាកាដូពីម្ដាយឪពុក នៅពេលរូបគេបញ្ចប់ថ្នាក់វិទ្យាល័យ ដោយបានបន្តដំណើរជីវិតមករៀននៅភ្នំពេញ។ 
 
ថ្វីបើមានកាយសម្បទាមិនពេញលេញដូចមនុស្សទូទៅ និងមានជីវភាពលំបាកក្ដី តែយុវជន ស៊ន ខ្លី ស្រវាប្រទេញរៀនសូត្រ។ «ទោះខ្ញុំមានពិការភាពជើងពិតមែន ក៏ខ្ញុំមិនបោះបង់ចោលការសិក្សាឡើយ ខ្ញុំនឹងប្ដេជ្ញាចិត្តរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីជាធនធានល្អមួយរូប មានសមត្ថភាពជួយសង្គមជាតិ និងមានជីវភាពសមរម្យនាថ្ងៃអនាគត»៕ 
 

Tag:
 យុវជន ស៊ន ខ្លី
© រក្សាសិទ្ធិដោយ thmeythmey.com