ជាតិ
លោក នំ រ៉ាគឺន ពីអ្នកកាប់ឈើលក់ ក្លាយជាអ្នកជំនាញនាំផ្លូវទេសចរឡើងភ្នំខ្នងផ្សាដ៏ចំណាន
25, Jun 2023 , 7:59 pm        
រូបភាព
រូបភាព៖ លោក នំ រ៉ាគឺន
រូបភាព៖ លោក នំ រ៉ាគឺន
ភ្នំពេញ៖ លោក នំ រ៉ាគឺន គឺជាអ្នកនាំផ្លូវភ្ញៀវដ៏ចំណានម្នាក់ ក្នុងចំណោមប្រជាសហគមន៍រស់នៅតំបន់រលាក់កងជើង ស្រុកឱរ៉ាល់។ លោក រ៉ាគឺន ធ្លាប់ជាអតីតអ្នកកាប់ឈើក្នុងព្រៃដើម្បីចិញ្ចឹមជីវិត​ ដែល ធ្វើឱ្យអ្នកនាំផ្លូវឡើងភ្នំរូបនេះ ស្គាល់ភូមិសាស្រ្តភ្នំខ្នងផ្សាច្បាស់។



លោក នំ រ៉ាគឺន ជាបានធំធាត់នៅតំបន់រលាក់កងជើង ក្បែរជួរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រ៉ាគឺន ជាកូនកសិករ មានឪពុកម្តាយជាអ្នកធ្វើស្រែចំការ។ រៀនបានត្រឹមថា្នក់ទី៥ ដោយសារកត្តាជីវភាព តម្រូវឱ្យយុវជនរូបនេះ​សម្រេចចិត្តមកជួយការងារអ្នកផ្ទះ និងស្វែងរកការងារធ្វើ ដើម្បីទំនុកបម្រុងគ្រួសារ។ 

 លោក រ៉ាគឺន គឺជាប្រជាសហគមន៍ រស់នៅក្បែរតំបន់ជួរភ្នំឱរ៉ាល់ ដែលមានជំនាញដើរព្រៃជាយូរឆ្នាំ។ រូបភាព៖ នំ រ៉ាគឺន
 
នៅអំឡុងឆ្នាំ២០១៨ លោក រ៉ាគឺន បានចាប់ផ្តើមដើរព្រៃរកឈើ ដើម្បីលក់ តែរបរនេះ​ហាក់មិនធ្វើឱ្យគ្រួសារប្រសើរនោះឡើយ។ ការរុករកតាមព្រៃភ្នំជាច្រើនឆ្នាំ រ៉ាគឺន បានស្គាល់ទីតាំងភូមិសាស្រ្តជាច្រើន ជាពិសេសតំបន់ជួរភ្នំឱរ៉ាល់។ មុ​ននឹងក្លាយជាអ្នកជំនាញដើរព្រៃ រ៉ាគឺន គឺជាអ្នករុករកតាមតំបន់ភ្នំ ដូចជាកាប់ឈើ រកអុស និងបេះផ្លែឈើព្រៃជាដើម។ 
 
លោក រ៉ាគឺន បានរៀបរាប់ពីការចាប់ផ្តើមជាអ្នកនាំភ្ញៀវដំបូងថា៖« កាលនោះខ្ញុំបន្តដើរកាប់ឈើជាធម្មតា ប៉ុន្តែមានក្រុមទេសចរមួយក្រុម មករកអ្នកជូនពួកគាត់ឡើងភ្នំខ្នងផ្សា។ ខ្ញុំក៏បានជូនពួកគាត់ ឡើងភ្នំម្តងជាពីរ រហូតមានភ្ញៀវមករកបន្ត ដោយសារពួកគាត់ជួយផ្សព្វផ្សាយពីសេវាកម្មអ្នកនាំផ្លូវ។ ការងារនេះ បានធ្វើឱ្យខ្ញុំ ផ្លាស់ប្តូរផ្នត់គំនិត ពីការកាប់ឈើ ដែលបំផ្លាញសម្រស់ធម្មជាតិ ណាមួយវាអាចរកចំណូលបានគ្រាន់បើ»
 
ចំពោះ ភ្ញៀវដែលមានអីវ៉ាន់ច្រើន លោក​រ៉ាគឺន ក៏មានគោយនុ្តសម្រាប់ដឹកទៅគោលដៅថ្មើរជើងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការកើនឡើងនៃចំនួនទេសចរឡើងភ្នំខ្នងផ្សា បានធ្វើឱ្យលោក រ៉ាគឺន បោះបង់ការកាប់ឈើ ហើយប្តូរមកធ្វើជាអ្នកនាំផ្លូវភ្ញៀវឡើងភ្នំម្តង។ ​លោក ចាប់ផ្ដើមធ្វើជាអ្នកនាំផ្លូវជូនភ្ញៀវទេសចរ នៅដើមឆ្នាំ២០២២។ ឆ្លៀរពីការងាជាអ្នកនាំផ្លូវ លោកជាជាងប៉ះកង់ ម៉ូតូ បានថវិការខ្លះៗដែរ។ លោក រ៉ាគឺន លើកឡើងថា បច្ចុប្ប​ន្ននេះ មានភ្ញៀវទេសចរ កក់សេវាកម្មឡើងភ្នំខ្នងផ្សាច្រើនគួរសម។ 
 
«ពី​មុន និងឥឡូវគឺខុសគ្នាឆ្ងាយណាស់។ ចំណូល ដែលបានពីការនាំភ្ញៀវឡើងភ្នំនេះ អាចផ្លាស់ប្តូរជីវភាពគ្រួសារខ្ញុំបានច្រើន។ ខ្ញុំលែងលំបាកទៅស្វែងរកឈើក្នុងព្រៃទៀតហើយ ពីមុនខ្ញុំធ្លាប់កាប់ឈើដែលខុសច្បាប់ ប៉ុន្តែឥឡូវខ្ញុំ ក្លាយជាចំណែកមួយ ដែលបានជួយក្នុងការថែរក្សាព្រៃឈើ។ ខ្ញុំសប្បាយចិត្ត គ្រួសារក៏រស់ស្រួលជាងមុន។» លោក នំ រ៉ាគឺន និយាយពីការផ្លាស់ប្តូរជីវិតរបស់លោកក្រោយក្លាយជាអ្នកនាំផ្លូវដ៏ជំនាញ។

មុននឹងធ្វើដំណើរថ្មើរជើង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយជិះគោយន្ត ដែលជាដំណាក់កាលទី១។ រូបភាព៖ Phearun Torng

លើសពីការជួលសេវាកម្មនាំផ្លូវឡើងភ្នំ រ៉ាគឺន ក៏មានលក់បាយខ្ចប់ស្លឹកចេក ជួលគោយន្តជិះទៅមកជើងភ្នំផងដែរ។ ភ្ញៀវទេសចរ មកលេងខ្នងផ្សាភាគច្រើន ជាលក្ខណ: ក្រុមគ្រួសារ មិត្តភិក្តជាដើម ក៏ដូចជាអ្នកផ្សងព្រេងតាមព្រៃភ្នំជាដើម។ ជាធម្មតា អ្នកឡើងភ្នំ សម្រាកលើកំពូលភ្នំ ១ទៅ២យប់ តាមចំណងចំណូលចិត្តក្រុមផ្សេងៗគ្នា។
 
អ្នកជំនាញឡើងភ្នំរូបនេះ បន្តថា នាដើមរដូវវស្សា ពិសេសអំឡុងពេលខែឧសភា ជាពេលវេលាដែលមានទេសទេឡើងភ្នំច្រើនជាងគេ។ ជារៀងរាល់ថ្ងៃសៅរ៍ ថ្ងែអាទិត្យ លោក រ៉ាគឺន តែងនាំភ្ញៀវឡើងភ្នំរាល់សប្តាហ៍។ ការងារនេះ អាចឱ្យលោក និងគ្រួសារ អាចរកចំណូលផ្គត់ផ្គង់គ្រួសារប្រសើជាងមុន។ ម្យ៉ាង អ្នកឡើងភ្នំរូបនេះ ក៏មានបទពិសោធជីវិតថ្មីៗ ការជួយរកចំណូល ផ្សព្វផ្សាយតំបន់ទេសចរណ៍ និងមានទំនាក់ទំនងល្អជាមួយទេសចរផងដែរ។
 
បើទោះ ការឡើងភ្នំ នឿយហត់​​បន្តិចមែន តែរ៉ាគឺន ពេញចិត្តនឹងការងារនេះជាខ្លាំង ព្រោះលោកយល់ថា ការងារជាអ្នកនាំភ្ញៀវឡើងភ្នំ ធ្វើឱ្យ រ៉ាគឺន កាន់តែស្រឡាញ់ធម្មជាតិ ដោយនឹកឃើញពីអតីតកាលធ្លាប់កាប់ឈើខុសច្បាប់។ លើសពីការស្រឡាញ់ធម្មជាតិ​ រ៉ាគឺន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុន ពោលគឺ អ្នកដើរផ្សងព្រេងបែបព្រៃភ្នំ៕
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
 ​លោក នំ រ៉ាគឺន
© រក្សាសិទ្ធិដោយ thmeythmey.com