កីឡាជាតិ
ជាតិ
ស្នងចិត្តស្រឡាញ់របស់ជីតា លោក អ៊ុំ ផានិត បើកក្លិបសុវណ្ណកុមារគុនខ្មែរ ដើម្បីបណ្ដុះបណ្ដាលថ្នាល
25, Jun 2023 , 5:29 pm        
រូបភាព
លោក អ៊ុំ ផានិត បង្ហាត់សិស្ស
លោក អ៊ុំ ផានិត បង្ហាត់សិស្ស
លោក អ៊ុំ ផានិត ប្រធានក្លិបប្រដាល់សុវណ្ណកុមារគុនខ្មែរ បាននិយាយថា ការបើកក្លិបប្រដាល់គុនខ្មែរ ដោយសារក្តីស្រឡាញ់ និងចង់ចូលរួមជាចំណែកមួយ នៃការផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរឲ្យកាន់តែសុសសាយ។ ម្យ៉ាងវិញទៀតនេះ ក៏ជាឆន្ទៈរបស់ ព្រឹទ្ធាចារ្យ យាន ជាជីតាលោកផានិត ដោយសង្ឃឹមថា មានកូនចៅជំនាន់ក្រោយអាចបន្ដវង្សត្រកូលជាអ្នកប្រដាល់ ឬជាអ្នកជួយជ្រោមជ្រែងប្រដាល់គុនខ្មែរ។



លោក អ៊ុំ ផានិត បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា លោក យាន គឺជាអ្នកប្រដាល់តាមភូមិ ជនបទ បើទោះជាព្រឹទ្ធាចារ្យរូបនេះ មិនធ្លាប់ជាកីឡាករ ដែលបានប្រកួតលើព្រឹត្តិការណ៍អន្ដរជាតិណាមួយ នាអំឡុងទសវត្យទី៦០ ប៉ុន្ដែ លោកព្រឹទ្ធាចារ្យ ចង់ឃើញនៅវិស័យប្រដាល់គុនខ្មែររីកចម្រើន។ លោក អ៊ុំ ផានិត បន្ថែមថា ចំពោះកូនចៅទាំងអស់ លោកតា យាន មិនបានបង្ហាត់ទេ ប៉ុន្ដែ បង្ហាត់ទៅកាន់ លោក ផានិត ដែលជាចៅតែម្នាក់ប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ ទទួលអនិច្ចធម៌ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយបានបន្សល់នូវគោលបំណងចង់ឲ្យមានអ្នកជំនាន់ក្រោយរបស់ខ្លួន ហាត់ប្រដាល់គុនខ្មែរ។ ព្រោះជួយសម្រេចក្ដីប្រាថ្នារបស់ជីតាផង និងការស្រឡាញ់វិស័យ កីឡាប្រដាក់គុនខ្មែរផង លោក អ៊ុំ ផានិត​ បានសម្រេច បើកក្លិបសុវណ្ណកុមារគុនខ្មែរ កាលពីអំឡុងឆ្នាំ២០១៩ ដែលក្លិបនោះ ស្ថិតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
 
«ខ្ញុំ បើកក្លិបប្រដាល់គុនខ្មែរនេះ គឺមកពីខ្ញុំ ស្រឡាញ់។ ខ្ញុំ មិនមែនជាកីឡាករ ប៉ុន្ដែ គ្រាន់តែបានហ្វឹកហាត់ ជាមួយ ជីតា ព្រោះស្រឡាញ់ និងចង់ថែរក្សា កេរ្តិ៍តំណែលពីដូនតា មក។ ម្យ៉ាងវិញទៀត ចង់សម្រេចក្ដីប្រាថ្នារបស់ជីតាផងដែរ។»។
 
ដោយឡែក​ ប្រធានក្លិប វ័យ ៤២ឆ្នាំរូបនេះ ក៏បានប្រាប់ពីឧបសគ្គខ្លះ ចំពោះការបើកក្លិបប្រដាល់គុនខ្មែរនេះ ព្រោះបញ្ហាជីវភាព មិនទាន់សម្បូរផង ដូច្នេះ ទើបលោក ទទួលក្មេងៗ ដែលមានលំនៅជិតក្លិបសុវណ្ណកុមារគុនខ្មែរ។
 
លោក អ៊ុំ ផានិត បាននិយាយដូច្នេះថា៖«ការដែលក្លិប មិនទទួលសិស្សធំៗ នោះ គឺដោយសារតែ ស្ថានភាពក្លិបមិនទាន់អាចទ្រទ្រង់បាន ម្យ៉ាង ដោយសារបញ្ហាជីវភាពផងដែរ។ ខ្ញុំទទួលក្មេងៗ និងបណ្ដុះពួកគាត់ ដោយសារ គាត់នៅជិតនេះស្រាប់ ដូច្នេះ ជួនកាលគាត់មកហាត់ គាត់ហូបបាយជាមួយខ្ញុំ ជួនកាលគាត់ហូបបាយនៅផ្ទះ។ ខ្ញុំ មានកន្លែងឲ្យគាត់ហាត់ ប៉ុន្ដែ ខ្ញុំ មិនមានកន្លែងឲ្យគាត់ស្នាក់នៅ និងកន្លែងឲ្យគាត់ហូបចុក។»។ 
 
ចំពោះការបង្ហាត់សិស្ស ដែលជាកុមារទាំងអស់នោះ លោក អ៊ុំ ផានិត បានប្រាប់ថា ពួកគេឆាប់ចាប់បាន និងងាយយល់នូវអ្វី ដែលបានបង្ហាត់។ ម្យ៉ាងវិញទៀត ក្មេងទាំងនោះ គោរពវិន័យបានល្អណាស់ ដែលជាហេតុធ្វើឲ្យ មានភាពងាយស្រួល ដល់ការបង្ហាត់ដល់ពួកគេ។
 
លោក អ៊ុំ ផានិត បានប្ដេជ្ញាថានឹងប្រឹងអស់ពីសមត្ថភាព តាមដែលអាចធ្វើបាន ដើម្បីពង្រឹង និងជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរឲ្យប្រទេសជិតខាង និងអន្ដរជាតិ បានស្គាល់៕
 

Tag:
 ប្រដាល់គុនខ្មែរ
  អ៊ុំ ផានិត
© រក្សាសិទ្ធិដោយ thmeythmey.com