ជាតិ
អ្នកស្រី ខៃ ចិន្តា៖ យុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ជាក្តីសង្ឃឹមនៃពូជដំរីស្រុក
25, Jun 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ៖ យុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ជាយុទ្ធនាការមួយរៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម ព្យាបាលដំរី និងទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា។ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា បានលើកឡើងថា យុទ្ធនាការនេះ ជាក្តីសង្ឃឹមនៃពូជដំរីស្រុក ក៏ដូចជាចូលរួមទប់ស្កាត់ការផុតពូជ និងការបង្កាត់ពូជដំរីផងដែរ។



ខេត្តរតនគិរីមានសត្វដំរីស្រុកតែ៤ក្បាលប៉ុណ្ណោះដែលរស់នៅតំបន់ទឹកជ្រោះកាទៀង ក្នុងស្រុកលំផាត់ ក្រោមការអភិរក្សរបស់សមាគមអៃរាវត្តា ក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំសែន និងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។ ដោយឡែក ដំរីមួយក្បាលទៀតឈ្មោះ ម៉ាក់ ម៉ៃ បានងាប់ដោយសារជំងឺកាលពាក់កណ្ដាលខែឧសភាឆ្នាំ២០២០។ សមាគមនេះ មានហ្មរដំរី០៦នាក់ ដែលជាអ្នកមើលថែលើសត្វដំរី។
  
 សមាគមអៃរាវត្តា មានដំរីស្រុក ៤ក្បាលក្នុងនោះមានឈ្មោល២ក្បាលឈ្មោះ ប៉ុក វ៉ា, ខាំសែននិងញីមួយក្បាលឈ្មោះ អ៊ីកែវ ដែលមានកូនឈ្មោះ ណូអែល។រូបភាព៖ សមាគមអៃរាវត្តា

បច្ចុប្បន្ន សមាគមអភិរក្សដំរីអៃរាវត្តា កំពុងខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី ។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា ក៏បានរៀបចំយុទ្ធនាការ «ដំរីមួយជួយថវិការពីរពាន់រៀល» ដើម្បីស្វែងរកថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តា ។ យុទ្ធនាការនេះ គឺជាចំណែកមួយ ក្នុងការអភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រមួយនេះ​កុំឱ្យផុតពូជ។
 
អ្នកស្រី ខៃ ចិន្តាប្រធានសមាគមអៃរាវត្តា បានលើកឡើងថា​ ការចិញ្ចឹមថែទាំដំរី និងការបង្កាត់ពូជមានលំបាកមួយចំនួនដូចជា ត្រូវការលទ្ធភាពផ្នែកហិរញ្ញវត្ថុច្រើនដោយសារដំរីស៊ីច្រើន និងត្រូវមានបច្ចេកទេសជំនាញមើលដំរីឱ្យបានច្បាស់លាស់។ ចំណែកអ្នកថែទាំក៏ត្រូវមានភាពអំណត់អត់ធ្មត់ខ្លាំង ឯការចូលរួមពីប្រជាពលរដ្ឋនៅមានកម្រិតទៀត។

កូនដំរីឈ្មោះ «ណូអែល» ជាកំណើតកូនដំរីស្រុកលើកដំបូងនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។រូបភាព៖ សមាគមអៃរាវត្តា

ប្រធានសមាគមអៃរាវត្តា បញ្ជាក់ដូច្នេះ៖ «ខ្ញុំយល់ឃើញថានេះជាវិធីមួយល្អខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋបានដឹងពីស្ថានភាពដំរីនាពេលបច្ចុប្បន្ននៅកម្ពុជា។ ដំរីស្រុកអាចប្រឈមនឹងការផុតពូជប្រសិនបើយើងគ្រប់គ្នាមិនចូលរួមម្នាក់បន្តិចៗ។ យុទ្ធនារនេះ គឺជាក្តីសង្ឃឹមនៃពូជដំរីស្រុក ក៏ដូចជាចូលរួមទប់ស្កាត់ការផុតពូជ និងការបង្កាត់ពូជដំរីផងដែរ។»
 
អ្នកស្រីបន្តទៀតថា បច្ចុប្បន្ន កូនដំរីឈ្មោះ ណូអែល មានអាយុ១ឆ្នាំកន្លះ និងមានទម្ងន់ជាង៤០០គីឡូក្រាម។ ដំរីពេញវ័យ១ក្បាលស៊ីប្រមាណ ៣៥០គីឡូក្រាមក្នុង១ថ្ងៃ។ ចំពោះ ចំណីមានដូចជាស្លឹកឈើ វល្លិ ឫសឈើ បន្លែ ផ្លែឈើ ចេក អំពៅជាដើម។
 
សូមជម្រាបថា សប្បុរសជន អាចចូលរួមបរិច្ចាគថវិកាដល់សមាគមតាមរយៈគណនីធនាគារ ABA (001 674 633) និងគណនីធនាគារអេស៊ីលីដា (15255639) ។ ចំពោះ ថវិកាដែលទទួលបានសមាគម នឹងយកទៅចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ៕
 
អ្នកស្រី ខៃ ចិន្តា ៖«យើងជាអ្នកថែទាំ ត្រូវយកចិត្តទុកដាក់ ទាំងមេទាំងកូន ជាប់រហូត។ អ្វីដែលសំខាន់គឺត្រូវ ស្វែងយល់ ពីឥរិយាបថរបស់កូនដំរីទៀត វាមានភាពស្មុគស្មាញណាស់»។ រូបភាព៖ សមាគមអៃរាវត្តា

Tag:
 ThmeyThmey
  ខៃ ចិន្តា
  ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com