ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនថ្មីចំនួន ៦ បោះទុនជាង១៦០លានដុល្លារ បង្កើតរោងចក្រនៅភ្នំពេញ ស្វាយរៀង ព្រះសីហនុ និងក្រចេះ
25, Jun 2023 , 9:59 pm        
រូបភាព
រូបភាពពី​CDC
រូបភាពពី​CDC
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន៦ ដែល​វិនិយោគទុនសរុប​ជាង ១៦០លានដុល្លារ ដើម្បីបង្កើត​រោងចក្រសំបកកង់យានយន្ត, បង្គុំគ្រឿង​អលង្ការ, ដំឡើងអំពូលភ្លើង និង​រោងចក្រផលិត​កាវទឹក​ រួមទាំងទឹក​ថ្នាំ​បោះពុម្ព។ បើតាម CDC ​រោងចក្រទាំង៦ អា​ច​បង្កើត​ការ​ងារ​បាន​ ៣២៥៨កន្លែងផងដែរ។



ក្រុមហ៊ុនទាំង៦ ដែល CDC បានអនុម័តនោះ រួមមានក្រុមហ៊ុន NEWBUSTAR (CAMBODIA) TIRE CO., LTD. មាន​គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចខេត្តក្រចេះ។ ក្រុម​ហ៊ុននេះ នឹង​បោះទុនវិនិយោគប្រមាណ ១៣៨លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។
  
រូបភាពពីCDC
ចំណែកក្រុម​ហ៊ុន METAL JEWELRY (CAMBODIA) CO., LTD. នឹងបង្កើតរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អធ្វើពីលោហៈ និងប្លាស្ទិក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ។ ក្រុម​ហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ៩លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ៤៣៤ កន្លែង។
 
ដោយ​ឡែក ក្រុម​ហ៊ុន SINICE CO., LTD. មាន​គម្រោងបង្កើតរោងចក្រផលិតកាវទឹក ថ្នាំលាប ទឹកថ្នាំបោះពុម្ព ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ រោងចក្រនេះ មាន​ទុន​ប្រមាណ ៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤ កន្លែងផងដែរ។

រូបភាពពីCDC
ចំពោះ​ ក្រុម​ហ៊ុន RONGDASHENG INDUSTRIAL CO., LTD., TG-BROTHER ELECTRONIC LIGHTING CO., LTD. និងក្រុម​ហ៊ុន BOXU CRAFTS CO., LTD.  វិញ នឹងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង​ផលិតអំពូល។ ក្រុម​ហ៊ុនផលិត​អំពូល​ទាំង៣នេះ នឹង​សាងសង់នៅខេត្ត​ស្វាយរៀង។
 
បើតាម​ CDC ក្រុម​ហ៊ុន RONGDASHENG INDUSTRIAL CO., LTD មាន​ទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៩២ កន្លែង។ ក្រុម​ហ៊ុន TG-BROTHER ELECTRONIC LIGHTING CO., LTD. បាន​បោះ​ទុនវិនិយោគប្រមាណ ៥លានដុល្លារ ដែល​អាចបង្កើតការងារបានចំនួន ៧៥៤ កន្លែង។ រីឯក្រុម​ហ៊ុន BOXU CRAFTS CO., LTD.វិញ មាន​ទុនវិនិយោគប្រមាណ ១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៩ កន្លែង៕​
 
រូបភាពពីCDC

Tag:
 រោងចក្រ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com