ជាតិ
សត្វកម្រ! ដំរីព្រៃ, ខ្លាលឿងមាស និងឆ្កែព្រៃ បង្ហាញខ្លួននៅតំបន់ការពារធម្មជាតិសំឡូត
25, Jun 2023 , 5:59 pm        
រូបភាព
ដំរីព្រៃអាស៊ី និងខ្លាលឿងមាស។ រូបភាព៖ ក្រសួងបរិស្ថាន
ដំរីព្រៃអាស៊ី និងខ្លាលឿងមាស។ រូបភាព៖ ក្រសួងបរិស្ថាន
បាត់ដំបង៖ ដំរីព្រៃ និងខ្លាលឿងមាស ដែលជាប្រភេទសត្វកម្រជិតផុតពូជ ត្រូវបានថតជា​ប់ដោយម៉ាស៊ីនស្វ័យប្រវត្តិនៅ «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ខេត្តបាត់ដំបង។ របកគំហើញដ៏សំខាន់ទាំងនេះ ជាក្ដីសង្ឃឹមនៃការស្ដាឡើងវិញ ស្របពេលក្រសួងបរិស្ថាន និងអង្គការដៃគូ​ កំពុងជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសសត្វព្រៃ។



លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP) ដែលទទួលបន្ទុកអភិរក្ស «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» បានលើកឡើងថា ស្រុកសំឡូត ជាតំបន់ដែលសម្បូរទៅសត្វព្រៃ និងជីវៈចម្រុះជាច្រើន។ ទន្ទឹមនេះ ដំរីព្រៃអាស៊ី, ខ្លាលឿងមាស និងឆ្កែព្រៃ ដែលគេធ្លាប់គិតថាបាត់វត្តមាននៅតំបន់ព្រៃសំឡូត ក៏ត្រូវបានប្រទះឃើញឡើងវិញ តាមរយៈរូបភាពជាច្រើនសន្លឹកដែលថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។  
 
លោក បន្ថែមដូច្នេះថា៖ «ពួកយើងរកឃើញមានដំរីនៅឡើយ ដោយពួកវាបានចេញចូល និងរកស៊ីក្នុងតំបន់ព្រៃសំឡូតនេះ។ នេះជាព័ត៌មានគួរឱ្យរំភើប ពីព្រោះ សំឡូតនេះជាតំបន់ព្រៃមួយមានខ្នាតតូចទេ មិនធំទេ តែវាផ្ដល់ជម្រកដល់សត្វដំរីព្រៃទាំងនេះបាន។ អ្វីដែលយើងភ្ញាក់ផ្អើលខ្លាំងនោះ គឺរកឃើញខ្លាលឿងមាស ហើយនឹងឆ្កែព្រៃ ព្រោះកន្លងទៅគ្មានអ្នកណាដឹងថាពួកវានៅសល់ទេ»។ 
 
មូលនិធិម៉ាដក្សចូលីភីត បានសិក្សាពីជីវៈចម្រុះក្នុងតំបន់ព្រៃសំឡូតនៅចុងឆ្នាំ២០២១ និងបានកត់ត្រាប្រភេទសត្វ និងរុក្ខជាតិកម្រជាច្រើន ក្នុងនោះក៏បានរកឃើញសត្វប្រចៀវប្រមាណ៤០ប្រភេទក្នុងចំណោម៦០ប្រភេទនៅលើពិភពលោក។ 
 
យោងតាមទិន្នន័យរបស់ក្រសួងបរិស្ថាន នៅកម្ពុជាមានដំរីព្រៃអាស៊ីចន្លោះពី ៤០០ ទៅ៥០០ក្បាល ដែលមានច្រើនជាងគេនៅតំបន់ជួរភ្នំក្រវាញ និងភូមិភាគឦសាន ដូចជាខេត្ត មណ្ឌលគិរី , រតនៈគិរី និងស្ទឹងត្រែង។ ចំណែក ខ្លាលឿងមាស និងឆ្កែព្រៃ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះជិតផុតពូជ។
 
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងរិស្ថាន បានបន្ថែមថា តាមរយៈរូបភាពរាប់ពាន់សន្លឹក ដែលថតដោយម៉ាស៊ីនស្វ័យប្រវត្តិ តំបន់ព្រៃសំឡូត មានសត្វព្រៃកំពុងរស់នៅជាច្រើនប្រភេទ ដូចជា សត្វដំរីព្រៃអាស៊ី ខ្លាឃ្មុំ ខ្លាលឿងមាស កេះ ខ្ទីង និងឆ្កែព្រៃ ដែលសុទ្ធសឹងជាប្រភេទសត្វកម្រ។ ក្រៅពីនោះ ក៏បន្តមានជ្រូកព្រៃ ជ្រូកព្រុល និងព្រើស ជាដើម។ 
 
«តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ជាជម្រកដ៏សំខាន់សម្រាប់ការរស់រានឡើងវិញនៃប្រភេទសត្វកម្រ ដែលគេមិនធ្លាប់គិតថាមាន។ ដូច្នេះ ការរកឃើញវត្តសត្វជាបន្តបន្ទាប់នេះ គឺជាដំណឹងល្អមួយ ប៉ុន្តែ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការពារបានគង់វង្ស។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្រ្តា។ 
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានជីវៈចម្រុះប្រមាណ ៥ពាន់ប្រភេទ ដែលរាប់ទាំងរុក្ខជាតិ និងសត្វព្រៃ។​ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្ដេជ្ញាសិក្សាក្នុងតំបន់ការពារធម្មជាតិបន្ថែមទៀត ដើម្បីរកកំណត់ត្រាថ្មី នៃប្រភេទសត្វ និងរុក្ខជាតិកម្រ៕ 
 
 

Tag:
 បរិស្ថាន
  ដំរីព្រៃ
  ខ្លាលឿងមាស
© រក្សាសិទ្ធិដោយ thmeythmey.com