ជាតិ
លោក កៅ ថាច ជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិករ នៅរដូវប្រមូលនាពេលខាងមុខ
25, Jun 2023 , 6:29 pm        
រូបភាព
 រូបភាពពី​ហ្វេសប៊ុក ARDB
រូបភាពពី​ហ្វេសប៊ុក ARDB
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​ស្នើសុំ និង​ជំរុញ​ឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ នៅរដូវប្រមូលនាពេលខាងមុខ។ លោក ស្នើបែបនេះ នៅ​ក្នុង​កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី២៤ ខែមិថុនា។



តំណាង​ម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ បាន​ជួប​ប្រជុំ​ជាមួយ​លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នា​សភា​ពាណិជ្ជកម្ម​ ខេត្ត​បាត់ដំបង។ ក្នុង​កិច្ច​ប្រជុំ​នោះ លោក កៅ ថាច​ បាន​ស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ។
  
រូបភាពពី​ហ្វេសប៊ុក ARDB

ទន្ទឹម​នឹង​នេះ លោក កៅ ថាច​ អះអាងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីន សម្រាប់​ប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ ក្នុង​ន័យ​នេះ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទរូបនេះ លើកទឹកចិត្តឱ្យ​ម្ចាស់រោងម៉ាស៊ីន ដែល​ខ្វះថវិកាទិញស្រូវ អាចស្នើសុំឥណទានបន្ថែម ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។
 
បើតាមហ្វេសប៊ុក ARDB លោក កៅ ថាច ក៏​បាន​ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ  រៀបចំបង្កើតទីផ្សារទិញស្រូវ ក្នុងតំបន់របស់ខ្លួនឱ្យ​បាន​ច្រើន​កន្លែង ដើម្បី​បង្កភាពងាយស្រួលដល់កសិករ ប្រមូលផ្តុំស្រូវមកលក់ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន។  
 
ជាមួយ​គ្នានេះ លោក កៅ ថាច ទទូចដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ ឱ្យ​មានសាមគ្គីភាពរវាងគ្នា កុំប្រកួតប្រជែងគ្នា និងសូមរួបរួមគ្នា ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាប្រកបដោយវិបុលភាព និងភាពរីកចម្រើន។ លោក សង្ឃឹមថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញឱ្យ​ផែនការនាំចេញអង្ករ ១លានតោន របស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ៕​
 
រូបភាពពី​ហ្វេសប៊ុក ARDB

Tag:
 កសិកម្ម
  ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com