ជាតិ
តំបន់ទេសចរណ៍បែបផ្សងព្រេង ៤កន្លែង សម្រាប់ទេសចរដើរកម្សាន្តនារដូវវស្សា
26, Jun 2023 , 7:59 am        
រូបភាព
រូបភាព៖ លោក ជួន ភិរម្យ
រូបភាព៖ លោក ជួន ភិរម្យ
ភ្នំពេញ៖ តើទេសចរគួរផ្សងព្រេងនៅតំបន់ទេសចរណ៍ណា នារដូវវស្សា? អ្នកមានបទពិសោធដើរព្រៃជាង២០ឆ្នាំ លោក ជួន ភិរម្យ បានណែនាំពីកន្លែងធម្មជាតិមួយចំនួន សម្រាប់ទេសចរណាដែលមានបំណងចង់ ដើរព្រៃ បោះតង់ នារដូវវស្សា។ បើតាម អ្នកមានពិសោធរូបនេះ មានកន្លែងធម្មជាតិច្រើនណាស់ ដែលទេសចរគួរទៅនារដូវវស្សា ប៉ុន្តែលោក សូមលើកយកកន្លែងមួយចំនួនមកបង្ហាញប៉ុណ្ណោះ។

 
តំបន់វាលធំជាតំបន់ធម្មជាតិ ដែលមានវាលស្មៅធំល្វឹងល្វើយពណ៌បៃតងខៀវខ្ចីនៅរដូវវស្សា និងមានពណ៌មាស  នៅរដូវប្រាំង។ «វាលធំ» ដែលស្ថិតនៅឧទ្យានជាតិវីរៈជ័យ មានទេសភាពដ៏ស្រស់ស្អាត អាចគយគន់ថ្ងៃលិច និងថ្ងៃរះ។ ឧទ្យានជាតិវីរៈជ័យ បង្កើតឡើងនៅឆ្នាំ១៩៩៣ មានផ្ទៃដី ៣៣២,៥០០ ហិកតា ដែលលាតសន្ធឹងគ្របដណ្ដប់ខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងរតនគិរី គឺជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ហើយគ្របដណ្ដប់ដោយព្រៃស្រោង និងវាលស្មៅ។
  
តំបន់វាលធំជាតំបន់ធម្មជាតិ ដែលមានវាលស្មៅធំល្វឹងល្វើយពណ៌បៃតងខៀវខ្ចីនៅរដូវវស្សា និងមានពណ៌មាស  នៅរដូវប្រាំង។ លោក ជួន ភិរម្យ
ទឹកធ្លាក់ឆាយតាប៉ាង និងទឹកធ្លាក់ឆាយយោង នៃតំបន់អារ៉ែង ខេត្តកោះកុង ទឹកធ្លាក់ឆាយតាប៉ាង មានកម្ពស់ប្រហែល ១០០ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងភូមិចំណារ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ដោយឡែក ទឹកធ្លាក់ឆាយយោង លោកអ្នកត្រូវធ្វើដំណើជាង ២០គីឡូម៉ែត្រ ពីភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។  តំបន់ធម្មជាតិអារ៉ែង សម្បូរទៅដោយកន្លែងកម្សាន្តបែបបធម្មជាតិជាច្រើន​ ពិសេសតំបន់ទឹកធ្លាក់ ដែលមានភាពទាក់ទាញខ្លាំងបំផុតពីសំណាក់ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលចិត្តដើរបែបផ្សងព្រេងផងដែរ។ លោកអ្នកនឹងឃើញទឹកដែលធ្លាក់លើជញ្ជាំងថ្មខ្ពស់ៗ អមជាមួយព្រឹក្សាខៀវស្រងាត់។ កន្លែងធម្មជាតិនេះ សាកសមបំផុតសម្ររាប់អ្នកដើរព្រៃ នារដូវវស្សា។ 
 
ភ្នំខ្នងវាល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ខេត្តកំពងស្ពឺ គឺជាតំបន់ទេសចរណ៍លាក់សម្រស់ គួរឱ្យគយគន់មិនចេះជិនណាយ។ មានកម្ពស់ប្រហែល ៩០០ម៉ែត្រ តែ ភ្នំខ្នងវាល មានតំបន់ទេសចរណ៍ជាច្រើន ដែលគួរឱ្យចាប់អារម្មណ៍ ដូចជា ទឹកធ្លាក់ វាលស្មៅ រួមទាំងភ្នំជាច្រើនព័ន្ធជុំវិញ។ ជាទីតាំងសាកសមបំផុតសម្រាប់អ្នកបោះតង់ មិនថារដូវប្រាំង ឬវស្សា ខ្នងវាល នៅតែរក្សាសម្រស់ឥតប្រួលប្រែ។ លោក ភិរម្យ ​ប្រាប់ដូច្នេះ៖« អ្នកមិនសូវមានបទពិសោធធ្លាប់ឡើងភ្នំ ឬអ្នកចង់ទទួលបានបទពិសោធថ្មី គួរសាកល្បងផ្សងព្រេងនៅ ភ្នំខ្នងវាល តែត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចជាពិនិត្យលើថេរវេលាឡើងភ្នំ ស្ថានភាពផ្លូវ និងមានអ្នកនាំផ្លូវជាដើម។»
  
«វាលធំ» ដែលស្ថិតនៅឧទ្យានជាតិវីរៈជ័យ មានទេសភាពដ៏ស្រស់ស្អាត អាចគយគន់ថ្ងៃលិច និងថ្ងៃរះ។ រូបភាព៖ លោក ជួន ភិរម្យ
ខ្នងផ្សា មាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង ខ្នង​ផ្សា​ ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ ដែលមាន​ទេសភាព​ស្រស់ត្រកាល​លាក់​ខ្លួន​នៅក្នុង​ព្រៃ។ ខ្នង​ផ្សា​ ជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែល​ភ្ញៀវទេសចរ​ត្រូវ​ធ្វើដំណើរ​ថ្មើរជើង​។ ការធ្វើដំណើរ​ទៅកាន់ ខ្នង​ផ្សា​ មាន​ភាពងាយស្រួល រួមផ្សំ​នឹង​ទេសភាព​ដ៏​ស្រស់ស្អាត បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​ងាក​មក​កម្សាន្ត​នៅ​តំបន់​នេះ ដែលជា​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​។ ពេលព្រឹក ភ្ញៀវទេសចរ​អាច​ទស្ស​នា​ព្រះអាទិត្យ​រះ អមដោយ​អាកាសធាតុ​ត្រជាក់ និង​ពល​ល្ងាច អាច​ទស្សនា​ថ្ងៃ​លិច​ពីលើ​ខ្នងភ្នំ​។​
 
ជីផាត ជាតំបន់សហគមន៍អេកូទេសចរណ៍​ប្រៀបដូចឋានសួគ៌ក្រោមមេឃ នៅខេត្តកោះកុង ។ ជីផាត អាចនិយាយបានថាជាប្រភពនៃតំបន់ទេសចរណ៍ សម្រាប់អ្នកដើរផ្សងព្រេង និងស្វែងរកភាពស្ងប់ស្ងាត់ ស្រូបយកខ្យល់បរិសុទ្ធផងដែរ។ 
 
ជាមួយគ្នានេះ លោក ជួន ភិរម្យ បានណែនាំថា  ចំពោះអ្នកដែលផ្សងព្រេងលើកដំបូង ត្រូវមានការប្រុងប្រយ័ត្ន ត្រូវសម្ភារៈចាំបាច់ឱ្យត្រឹមត្រូវ សម្រាប់ធ្វើដំណើរឱ្យដល់គោលដៅ។ សម្ភារៈ ដែលត្រូវការឡើងភ្នំមានដូចជា អាវភ្លៀង តង់ការពារជម្រាបទឹក ស្បែកជើងមិនជ្រាបទឹក ជ្រើសរើសអាវដែលងាយស្ងួត អាហារក្រៀម ថ្នាំសង្កូវ ពិនិត្យមើលការព្យាករណ៍អាកាសធាតុ ជាពិសេសទាក់ទងអ្នកនាំផ្លូវ ពេលធ្វើដំណើរឡើងភ្នំ។ ប្រសិនបើអ្នកធ្វើដំណើរជាក្រុម គួររកអ្នកមានបទពិសោធឡើងភ្នំស្រាប់ ដើម្បីជួយដោះស្រាយពេលជួបបញ្ហាផងដែរ៕
 
ទឹកធ្លាក់ឆាយតាប៉ាង និងទឹកធ្លាក់ឆាយយោង នៃតំបន់អារ៉ែង ខេត្តកោះកុង។ រូបភាព៖ លោក ជួន ភិរម្យ
ភ្នំខ្នងវាល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ខេត្តកំពងស្ពឺ គឺជាតំបន់ទេសចរណ៍លាក់សម្រស់ គួរឱ្យគយគន់មិនចេះជិនណាយ។ រូបភាព៖ លោក ជួន ភិរម្យ
ខ្នងផ្សា ជាជម្រើសល្អមួយ សម្រាប់ទេសចរដើរកម្សាន្តបែបផ្សងព្រេង ថ្មើរជើង ដោយអាចគយគន់ទេសភាព ស្មៅខៀវខ្ចី នារដូវវស្សា។ រូបភាព៖ លោក ជួន ភិរម្យ

Tag:
 ThmeyThmey
  តំបន់ទេសចរណ៍
 លោក ជួន ភិរម្យ
 ផ្សងព្រេង
© រក្សាសិទ្ធិដោយ thmeythmey.com