កីឡាជាតិ
ជាតិ
ដំបូងខ្លាច! តែក្រោយឡើងសង្វៀន កុមារាចំរុង ផ្តើមគោលដៅក្លាយជាកីឡាករគុនខ្មែរអាជីព ស្នងឪពុក
26, Jun 2023 , 8:29 am        
រូបភាព
Front-ផានិត ចំរុង ហ្វឹកហាត់ទាត់បាវសាក
Front-ផានិត ចំរុង ហ្វឹកហាត់ទាត់បាវសាក
កីឡាករ សល ចំរុង ឬឈ្មោះក្នុងអាជីពប្រដាល់ ផានិត ចំរុង អាយុ ១០ឆ្នាំ មានចំណូលចិត្តប្រកួតប្រដាល់គុនខ្មែរ និងចង់ក្លាយជាកីឡាករអាជីពម្នាក់ ដែលអាចស្នងតំណែក ពីលោក ចាប កុសល ដែលជាឪពុករបស់ខ្លួន។



កុមារា ផានិត ចំរុង ដែលមានឈ្មោះដើមថា​ សល ចំរុង គឺជាសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាព្រែកតាទែន បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ កាលពីខែតុលា ឆ្នាំ២០១៩ នៅក្លិបសុវណ្ណកុមារគុនខ្មែរ។ កុមារា វ័យត្រឹម ១០ឆ្នាំរូបនេះ ចេញប្រកួត បាន៧លើក ក្នុងនោះ ឈ្នះ៤ និងចាញ់៣។ 
  
ផានិត ចំរុង ផ្ដល់បទសម្ភាស​មកសារព័ត៌មានថ្មីៗ

ចំពោះការចូលហាត់ប្រដាល់គុនខ្មែរនេះ កុមារា ចំរុង បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា ព្រោះតែក្ដីស្រឡាញ់វិស័យកីឡានេះ និងចង់ស្នងតំណែងពីឪពុក ដែលធ្លាប់ជាកីឡាករអាជីពមួយរូប បានជំរុញរូបគេ មិនបោះបង់ចោលការតស៊ូ។ ទោះលោក ចាប កុសល ឈប់ប្រកួតដោយសារតែរបួសជើង និងកែងដៃ កាលពីឆ្នាំ២០១៧ តែចំរុង តែងតែចង់ក្លាយជាកីឡាករ និងឡើងសង្វៀនដូចជាឪពុកដែរ។
 
ពេលឡើងសង្វៀនប្រកួតជាលើដំបូង កីឡាករ ដ៏ក្មេងនេះ ក៏មានកូនចិត្ត ភ័យខ្លាចគូប្រកួតខ្លះៗ ដែរ ប៉ុន្ដែក្រោយពេលឆ្លងកាត់ការប្រកួតម្ដង ជាពីរដង អារម្មណ៍ភ័យខ្លាចទាំងនោះ ប្រែបែជាមិនមាន ហើយធ្វើឲ្យមានជំនឿចិត្តលើការប្រកួត។ កុមារារូបនេះ ក៏ជឿថា តាមរយៈការហាត់ប្រដាល់ អាចនឹងធ្វើឲ្យរូបរាង កាយសម្បទា និងសុខភាពរបស់គេ មាំមួន។
 
«ខ្ញុំ ខ្លាច ប៉ុន្ដែ ខ្ញុំ ចង់ប្រកួត ព្រោះខ្ញុំស្រឡាញ់គុនខ្មែរ ម្យ៉ាងវិញទៀត គឺដើម្បីស្នងតំណែងពីឪពុកខ្ញុំ។ ហើយ ខ្ញុំ ចង់ឲ្យមានសុខភាពល្អ និងមាំមួន។»។ កីឡាករ ផានិត ចំរុង បាននិយាយដូច្នេះ។
 
ដោយឡែក លោក អ៊ុំ ផានិត គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់សុវណ្ណកុមារគុនខ្មែរ បានប្រាប់ថា ផានិត ចំរុង មិនសូវបានប្រកួត ព្រោះវិញ្ញាសា ១៩ ទៅ ២២គីឡូក្រាម ពិបាករកដៃគូឲ្យ ព្រោះមិនសូវមានក្មេងៗ វ័យប្រហាក់ប្រហែល ចំរុង ចូលហ្វឹកហាត់គុនខ្មែរនោះទេ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ផានិត ចំរុង
© រក្សាសិទ្ធិដោយ thmeythmey.com