អន្តរជាតិ
នាវាផ្ទុកយន្តហោះអាម៉េរិក ទៅដល់វៀតណាម ខណៈគំរប់ខួប១០ឆ្នាំក្នុងភាពជាដៃគូ
25, Jun 2023 , 4:40 pm        
រូបភាព
នាវាផ្ទុកយន្តហោះអាម៉េរិកមួយគ្រឿងបានទៅដល់ទីក្រុងដាណាងភាគកណ្តាលវៀតណាម នាថ្ងៃទី២៥ ខែមិថុនា។ នេះបើតាមអ្នកសារព័ត៌មានទីភ្នាក់ងារព័ត៌មាន AFP បានឃើញ ប៉ុន្មាន សប្តាហ៍បន្ទាប់ពីទីក្រុងហាណូយបានតវ៉ាប្រឆាំងនឹងនាវាចិនដែលធ្វើដំណើរក្នុងដែនទឹករបស់ខ្លួន។

 
ការចូលដល់កំពង់ផែដោយនាវា USS Ronald Reagan នៅទីក្រុងដាណាង ធ្វើឡើងចំពេល ដែលអាម៉េរិក និងវៀតណាមប្រារព្ធខួបលើកទី១០ នៃភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរបស់ ពួកគេ។ ស្ថានទូតអាម៉េរិកនៅទីក្រុងហាណូយបាននិយាយថា នាវាផ្ទុកយន្តហោះដែលជា ផ្នែកមួយនៃកងនាវាទី៧ របស់អាម៉េរិកគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ បានមកដល់ជាមួយនឹងកប៉ាល់អមដំណើរពីរគឺនាវាដឹកមីស៊ីល USS Antietam និង USS Robert Smalls ។
 
មន្ត្រីកងទ័ពជើងទឹកអាម៉េរិកបានចុះពីលើយន្តហោះនិងចាប់ដៃជាមួយសមភាគីយោធាវៀតណាមក្នុងពិធីដ៏ខ្លីមួយនារសៀលថ្ងៃដដែលនេះផងដែរ។
«នាវិកជាង ៥ ពាន់នាក់នៅលើនាវា USS Ronald Reagan ចង់ទៅទស្សនាទីក្រុងដាណាង និងទទួលបានបទពិសោធន៍វប្បធម៌វៀតណាម»។ មេបញ្ជាការនាវា USS Ronald Reagan លោក Daryle Cardone បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
 
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បាននិយាយកាលពី ដើមសប្តាហ៍ថា ការចូលចតតាមកំពង់ផែគឺជា ការផ្លាស់ប្តូរមិត្តភាពធម្មតាសម្រាប់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
 
ទំនាក់ទំនង ទ្វេភាគីដ៏រ៉ឹងមាំរវាងអាម៉េរិក និងវៀតណាមគឺជាគន្លឹះសម្រាប់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើចង់រក្សាអំណាចលេចធ្លោនៅក្នុងតំបន់។
 
គួរបញ្ជាក់ថា វៀតណាមនិងអាម៉េរិកចែករំលែកទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធ ក៏ដូច ជាការព្រួយបារម្ភអំពីភាពរ៉ឹងមាំរបស់ចិនក្នុងតំបន់។ នាវារបស់ចិន កប៉ាល់ឆ្មាំឆ្នេរសមុទ្រជា ច្រើន និងទូកនេសាទបានដំណើរការជាច្រើនសប្តាហ៍នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាមនៅសមុទ្រចិនខាងត្បូងដែលជំរុញឱ្យមានភាពតានតឹង។
 
ដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្តហោះអាម៉េរិកធ្វើឡើងបន្ទាប់ពីការទៅដល់នៃនាវាកងទ័ពជើងទឹកឥណ្ឌានៅទីក្រុងដាណាងកាលពីខែមុនក៏ដូចជាការហៅចតតាមកំពង់ផែដោយនាវា ចម្បាំងដ៏ធំបំផុតរបស់ជប៉ុននៅទីក្រុង Cam Ranh ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគ អាគ្នេយ៍កាលពីដើមសប្តាហ៍នេះ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com